ព្រះចន្ទមួយចំនួននៃភពអ៊ុយរ៉ានុស អាចកំពុងលាក់ជីវិត (លទ្ធផលសិក្សាថ្មីលើទិន្នន័យចាស់) (វីដេអូ)

521

(បរទេស)៖ លទ្ធផលសិក្សាថ្មីកំពុងបង្ហាញការសង្ស័យថា ព្រះចន្ទធំៗទាំង ៥ របស់ភពស្ថិតនៅលេខរៀងទី ៧ បន្ទាប់ពីព្រះអាទិត្យនោះគឺអ៊ុយរ៉ានុស (Uranus) អាចកំពុងលាក់ជីវិត នៅក្នុងសមុទ្រក្រោមសំបកដ៏ត្រជាក់ ឬសំបកទឹកកករបស់ពួកវា ដែលប្រការនេះមិនសូវខុសពីការសង្ស័យចំពោះ ព្រះចន្ទទឹកកកយូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ (Jupiter) និង អ៊ែនសេឡាដឹស (Enceladus) របស់ភពសៅរ៍ (Saturn) ប៉ុន្មាននោះឡើយ។

(Video From YouTube: Cambo Space Edu)

មុននឹងឈ្វេងយល់មូលហេតុ ដែលនាំឲ្យមានការសង្ស័យដូចខាងលើនេះកើតឡើង ចូរគ្រប់គ្នារម្លឹកមេរៀនឡើងវិញសិន នោះគឺអំពីប្រព័ន្ធភពអ៊ុយរ៉ានុស។ អ៊ុយរ៉ានុស ស្ថិតនៅក្នុងជំពូកភពឧស្ម័នយក្ស (Gas Giant) និងមានពណ៌ខៀវស្រាល បើធៀបនឹងភពណិបទូន (Neptune) ខណៈគន្លងគោចររបស់អ៊ុយរ៉ានុស មានគម្លាតជាមធ្យម ២.៩២ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។

រូបតំណាងយាន Voyager-2 ហោះឆ្វែលភពអ៊ុយរ៉ានុសនៅឆ្នាំ១៩៨៦ (រូបភាពពី NASA)

នៅក្នុងគន្លងគោចរដ៏ត្រជាក់នោះ ភពអ៊ុយរ៉ានុសកំពុងទ្រទ្រង់ព្រះចន្ទ (Moons) សរុបចំនួន ២៨ ដែលត្រូវបានរកឃើញគិតត្រឹមឆ្នាំ២០២៤នេះ ក្នុងនោះព្រះចន្ទចំនួន មានទំហំធំៗជាងគេគឺ ថាយថេនៀ (Titania), អូបេរ៉ុន (Oberon), អារៀល (Ariel), អាំប្រៀល (Umbriel) និង មីរ៉ាន់ដា (Miranda)។ សម្រាប់ Titania ដែលមានទំហំធំជាងគេនោះមានអង្កត់ផ្ចិតប្រវែងជិត ១,៥៧៧Km និង Miranda ដែលតូចជាងគេមានអង្កត់ផ្ចិតប្រវែងជិត ៥០០km

ព្រះចន្ទធំៗទាំង ៥ នៃភពអ៊ុយរ៉ានុស (រូបភាពពី NASA)

រម្លឹកលទ្ធផលចាស់ពីឧបករណ៍វាស់ស្ទង់ដែនម៉ាញេទិចលើ Voyager-2 បានឲ្យដឹងថា ភពអ៊ុយរ៉ានុស និងព្រះចន្ទទាំង ៥ របស់ភពនេះគឺសុទ្ធតែ «អសកម្ម» ដែលខុសពីភពផ្សេងៗទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យក្រៅ (Outer Solar System)។ បន្ថែមពីនេះ ទិន្នន័យក៏បង្ហាញទៀតថា ដែនម៉ាញេទិច (Magnetic Field) ដែលសម្រាប់ការពារភពនេះ ក៏បានខូចទ្រង់ទ្រាយ យ៉ាងចម្លែកផងដែរ ព្រោះវាហាក់ដូចជាត្រូវកាត់ផ្តាច់ពីគ្នា ហើយរុញច្រានឲ្យងាករេចេញពីព្រះអាទិត្យ។

នៅមុនការទៅដល់នៃ Voyager-2 ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានរំពឹងថា ដែនម៉ាញេទិចនៃភពអ៊ុយរ៉ានុសទំនងជាឃាឃាំងឧស្ម័ន និងសមាសធាតុទាំងឡាយ មិនឲ្យចេញភពពីនេះផង និងព្រះចន្ទទាំងឡាយរបស់វាផង ហើយសកម្មភាពទាំងអស់នេះ ទំនងជាអាចត្រូវបានជំរុញដោយមហាសមុទ្រ ឬសកម្មភាពភូមិសាស្ត្រ (នៅក្នុងផ្ទៃព្រះចន្ទធំៗទាំងនោះ)។ តែក្រោយការទៅដល់ យាន Voyager-2 មិនបានរកឃើញ ស្ថានភាពទាំងអស់នេះទេ និងក្រោយមកទៀតក្រុមអ្នកវិទ្យាសាស្ត្រថែមទាំងបានសន្មត់ថា ភពអ៊ុយរ៉ានុស និងព្រះចន្ទធំៗទាំង ៥ ទំនងជា «មិនអាចឲ្យកកើតជីវិត» និងជាទីឋានអសកម្ម ដែលចម្លែកខុសពីភពនៅប្រព័ន្ធព្រះអាទិត្យក្រៅដទៃទៀត។

ព្រះចន្ទមួយចំនួននៃភពអ៊ុយរ៉ានុស អាចកំពុងលាក់ជីវិត (លទ្ធផលសិក្សាថ្មីលើទិន្នន័យចាស់) (វីដេអូ)
រូបតំណាងប្រព័ន្ធភពអ៊ុយរ៉ានុស (Image credit: NASA/Johns Hopkins APL/Mike Yakovlev)

ប៉ុន្តែ, យោងតាមលទ្ធផលស្រាវជ្រាវថ្មីដោយ NASA ពេលនេះកំពុងបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះវាបានធ្វើឲ្យយើងមើលឃើញប្រព័ន្ធភពអ៊ុយរ៉ានុស មិនខុសប្លែកពីប្រព័ន្ធភពផ្សេងៗទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះឡើយ។ នេះជាការដោះស្រាយចម្ងល់មួយផងដែរ ទៅលើទិន្នន័យរបស់ Voyager-2 រហូតដល់ក្រុមអ្នកវិទ្យាសាស្ត្របានចាត់ទុកថា យានអវកាស NASA បានហោះកាត់ភពអ៊ុយរ៉ានុសចំ «ថ្ងៃស៊យ» ដែលព្យុះព្រះអាទិត្យកាលណោះទំនងជាបាន រុញច្រានសមាសធាតុនានាចេញឆ្ងាយ និងនាំឲ្យយាននោះចាប់បានថា ដែនម៉ាញេទិចភពអ៊ុយរ៉ានុសបានខូចទ្រង់ទ្រាយ ទើបការវិភាគកាលណោះបានផ្តល់លទ្ធផលខុសឆ្គង។

ជុំវិញលទ្ធផលសិក្សានេះ បណ្ឌិត William Dunn មកពីសាកលវិទ្យាល័យ College នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានពន្យល់ថា «លទ្ធផលសិក្សាថ្មីនេះកំពុងបង្ហាញយើងថា ប្រព័ន្ធភពអ៊ុយរ៉ានុសអាចមានអ្វីដ៏គួរឲ្យរំភើប ជាងការគិតរបស់យើងពីមុនទៅទៀត។ ព្រះចន្ទទាំងនោះអាចកំពុងមានមានលក្ខខណ្ឌសមស្រប សម្រាប់ឲ្យជីវិតកកើត… ពួកវាអាចកំពុងលាក់មហាសមុទ្រនៅក្រោមសំបក ដែលសមុទ្រទាំងនោះក៏អាចពោពេញដោយហ្វូងត្រីផងដែរ…»។

គួរបញ្ជាក់ថា លទ្ធផលសិក្សាថ្មីខាងលើនេះ គឺទទួលបានពីការសង្កេតលើទិន្នន័យចាស់ ដែលយាន Voyager-2 បានប្រមូលទុក ក្នុងការហោះឆ្វែលប្រព័ន្ធភពអ៊ុយរ៉ានុស កាលពីឆ្នាំ១៩៨៦។ ក្រុមអ្នកវិទ្យាសាស្ត្រមានការរំភើបជាខ្លាំង ព្រោះបើទោះបីជាជិត ៤០ឆ្នាំបានកន្លងផុតទៅហើយក្តី ក៏ពួកគេនៅតែអាចរកឃើញកំនប់ពីក្នុងទិន្នន័យចាស់ ដែលក្រុមអ្នកវិទ្យាសាស្ត្រជំនាន់មុនមិនបានចាប់អារម្មណ៍។ NASA កំពុងសិក្សាលើយានថ្មីឈ្មោះ Uranus Orbiter and Probe (UOP) ដែលនឹងបញ្ជូនចេញពីផែនដីនៅឆ្នាំ២០៣២ និងទៅដល់ភពអ៊ុយរ៉ានុសនៅឆ្នាំ២០៤៥ផងដែរ ប៉ុន្តែគ្រប់យ៉ាងគឺនឹងអាស្រ័យលើការអនុម័តថវិកាពីសភា៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ BBC/NASA (ថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤)

480×240 Banner