NASA៖ បរិមាណ «ទឹកសាប» ធ្លាក់ចុះនៅទូទាំងពិភពលោក (ជាសញ្ញាមិនល្អ) (វីដេអូ)
(បរទេស)៖ ទិន្នន័យចុងក្រោយដែលត្រូវបានចេញផ្សាយ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញពីការធ្លាក់ចុះបរិមាណ «ទឹកសាប» នៅគ្រប់ទីកន្លែងទូទាំងភពផែនដី ហើយនិន្នាការនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា នឹងបន្តទៅមុខទៀត ព្រោះតែការកើនឡើងកម្តៅ និងការប្រែប្រួលអាកាសធាតុយ៉ាងលឿនជាសកល បង្កឡើងដោយសកម្មភាពឥតឈប់ឈររបស់មនុស្ស ដែលបាននិងកំពុងបំផ្លាញបរិស្ថានធម្មជាតិ។
យោងតាមទិន្នន័យបានមកពីបណ្តាញផ្កាយរណប ធ្វើប្រតិបត្តិការរួមគ្នារវាងអង្គការ NASA នៃសហរដ្ឋអាមេរិក និងទីភ្នាក់ងារអវកាសនៃប្រទេសអាល្លឺម៉ង់បង្ហាញថា បរិមាណទឹកសាបពីគ្រប់ប្រភពលើភពផែនដីដូចជា ទន្លេ បឹង និងពិសេសគឺ «ទឹកក្រោមដី» បានធ្លាក់ចុះភ្លាមៗគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៤មក ហើយការធ្លាក់នោះនៅតែបន្តរហូតមកដល់ឆ្នាំ២០២៤នេះ។ ជុំវិញលទ្ធផលសិក្សាខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានបកស្រាយថា សញ្ញានៃការផ្លាស់ប្តូរនេះអាចជាការបង្ហាញអំពី ទ្វីបនានារបស់ភពផែនដីបានឈានចូល «ដំណាក់កាលរាំងស្ងួតខ្លាំង» ហើយ។
ទិន្នន័យពីផ្កាយរណបបង្ហាញថា គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣ បរិមាណទឹកសាបសរុបទាំងអស់នៅលើផ្ទៃផែនដី (ទន្លេ បឹង និងទឹកក្រោមដី) មានសរុបចំនួន ១,២០០គីឡូម៉ែត្រគូប ដែលទាបជាងកម្រិតមធ្យមនៃអំលុងឆ្នាំ២០០២ ដល់ឆ្នាំ២០១៤ នោះទៅទៀត, នេះបើតាមការលើកឡើងដោយ អ្នកវិទ្យាសាស្ត្រសិក្សាផ្នែកប្រភពទឹកមួយរូប ឈ្មោះ Matthew Rodell មកពីមជ្ឈមណ្ឌល Goddard Space Flight Center របស់អង្គការ NASA ដែលស្ថិតនៅក្នុងរដ្ឋ Maryland នៃសហរដ្ឋអាមេរិក។
ងាកទៅលើរបាយការណ៍ស្តីអំពីការប្រើប្រាស់ទឹក ដោយអង្គការសហប្រជាជាតិ (UN) នៅក្នុងឆ្នាំ២០២៤នេះ ក៏បានបង្ហាញផងដែរថា អំលុងពេលនៃគ្រោះរាំងស្ងួត ទីក្រុងនានា និងវិស័យកសិកម្មពិភពលោក តែងពឹងផ្អែកមួយផ្នែកធំលើទឹកក្រោមដី ដើម្បីប្រើប្រាស់ផង និងស្រោចស្រពដំណាំផង ហើយស្របនឹងការធ្វើទំនើបកម្មផ្នែកកសិកម្ម ដោយប្រទេសមួយចំនួនថែមទៀតនោះ ជាហេតុបាននាំឲ្យបរិមាណទឹកក្រោមដី កានតែថយចុះជាលំដាប់។
នៅក្នុងរបាយការណ៍ UN ដដែលថែមទាំងបានព្រមានទៀតថា ការផ្គត់ផ្គង់ទឹកស្អាតធ្លាក់ចុះ ស្របពេលដែលភ្លៀង និងព្រិលមិនបំពេញទឹកសាបវិញគ្រប់គ្រាន់ និងទឹកក្រោមដីកាន់តែខើចទៅៗនោះ គឺសុទ្ធសឹងជាបញ្ហាដែលប្រទាក់ក្រលាគ្នា។ បន្ថែមពីនេះ ការថយចុះនៃទឹកដែលអាចប្រើប្រាស់បាន ធ្វើឱ្យមានភាពតានតឹងដល់កសិករ និងសហគមន៍នានា ហើយអាចនាំឱ្យមានគ្រោះទុរ្ភិក្ស, ជម្លោះ, ភាពក្រីក្រ និងការកើនឡើងហានិភ័យនៃជំងឺរាតត្បាត នៅពេលដែលមនុស្សងាកទៅរកប្រភពទឹកដែលកខ្វក់។
លទ្ធផលសិក្សាខាងលើនេះ គឺទទួលបានមកពីបណ្តាលផ្កាយរណប Gravity Recovery and Climate Experiment (GRACE) ដែលធ្វើប្រតិបត្តិការរួមគ្នាដោយ ទីភ្នាក់ងារអវកាសអាមេរិក NASA និងអាល្លឺម៉ង់។ ផ្កាយរណបទាំងនេះមានសមត្ថភាព វាស់ស្ទង់ដំណើរប្រែប្រួលនៃដែនម៉ាញេទិចភពផែនដីជាប្រចាំខែតែម្តង ហើយទិន្ន័យអំពីបម្រែបម្រួលដែនម៉ាញេទិចនេះ បានប្រាប់ក្រុមអ្នកវិទ្យាសាស្ត្រអំពីម៉ាសនៃទឹកក្រោមដី។
របាយការណ៍នៃការធ្លាក់ចុះបរិមាណទឹកសាបសកល នៅក្នុងការសិក្សាខាងលើនេះ បានផ្តើមចេញពីការមើលឃើញគ្រោះរាំងស្ងួតដ៏អាក្រក់ នៅតំបន់ភាគខាងជើង និងកណ្តាលប្រទេសប្រេស៊ីល ក៏ដូចជានៅអូស្ត្រាលី, អាស៊ី, អាមេរិកខាងត្បូង, អាមេរិកខាងជើង, អឺរ៉ុប និងអាហ្វ្រិកផងដែរ។ កត្តាដែលបានចូលរួមជំរុញ ឲ្យមានគ្រោះមហន្តរាយនេះឡើយ គឺបាតុភូត El Niño ចាប់ពីចុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ដែលបានធ្វើឲ្យទឹកសមុទ្រប៉ាស៊ីហ្វ្រិកត្រង់តំបន់ត្រូពិក កើនឡើងកម្តៅ និងជំរុញឲ្យលំនាំអាកាសធាតុ និងការធ្លាក់ភ្លៀងនៅទូទាំងពិភពលោកផ្លាស់ប្តូរ។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់ច្បាស់ថា តើបរិមាណទឹកស្អាតសកល នឹងអាចវិលទៅរកតុល្យភាពឡើងវិញដូចមុនឆ្នាំ២០១៥ ដែរឬមួយក៏យ៉ាងណានោះឡើយ ឬមួយក៏វាអាចកាន់តែអាក្រក់ជាងនេះក៏ថាបាន។ យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានសន្និដ្ឋានថា «ការបំបែកកំណត់ត្រានៃអាកាសធាតុកាន់តែក្តៅនារយៈពេល ៩ឆ្នាំចុងក្រោយនេះ ហាក់មិនមែនជារឿងចៃដន្យនោះទេ ហើយនេះអាចជាសញ្ញាប្រាប់ទុកមុខថា នឹងមានអ្វីផ្សេងទៀតកើតឡើងមិនខាន…»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/Goddard (ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤)