James Webb កំពុងប្រឹងអស់លទ្ធភាពក្នុងការសង្កេតរក «កាឡាក់ស៊ីឆ្ងាយបំផុតក្នុងចក្រវាល» (ពេលនេះមានតំរុយថ្មី)
(បរទេស)៖ នេះជាអាចជាការបំបែកកំណត់ត្រាខ្លួនឯងម្តងទៀត ពីសំណាក់តេឡេស្កូបអវកាស James Webb ប្រសិនបើក្រុមអ្នកវិទ្យាសាស្ត្រត្រួតពិនិត្យឃើញថា ពិតជាត្រឹមត្រូវនោះ។ យើងចង់សម្តៅទៅលើការសង្កេតឃើញវត្តមាននៃ «កាឡាក់ស៊ីដំបូងៗបំផុត (earliest galaxies)» ថ្មីៗទៀត ដែលបានកកើតឡើងនៅក្រោយពេលចក្រវាល (Universe) នេះទើបកកើតឡើង ឬក៏អាចនិយាយថា បន្ទាប់ពីព្រឹត្តិការណ៍ Big Bang។
បេក្ខភាពនៃកាឡាក់ស៊ីដំបូងៗបំផុតថ្មីខាងលើនេះមានសរុបចំនួន ៥ ដែលស្ថិតនៅឆ្ងាយសែនឆ្ងាយ ឬបើគិតជាពេលវេលាវិញគឺប្រមាណតែ ២០០លានឆ្នាំបន្ទាប់ពី Big Bang ប៉ុណ្ណោះ។ ដូច្នេះវាមានន័យថា ពន្លឺពីកាឡាក់ស៊ីទាំងនោះបានធ្វើដំណើរមកកាន់ផែនដីប្រហែល ១៣.៦ពាន់លានឆ្នាំមកហើយ (បើគិតទៅលើព្រឹត្តិការណ៍ Big Bang ដែលបានកើតមានឡើងកាលពី ១៣.៨ពាន់លានឆ្នាំមុន)។ ប៉ុន្តែ, ដោយសារតែការពង្រីកខ្លួននៃចក្រវាល ពេលនេះកាឡាក់ស៊ីទាំងអស់នោះកំពុងស្ថិតនៅចម្ងាយ ៣៤ពាន់លានឆ្នាំពន្លឺពីផែនដី។ ទោះជាបែបនេះក្តី យើងត្រូវរង់ចាំការបញ្ជាក់ជាផ្លូវការសិន ទើបអាចកត់ពួកវាចូលក្នុងបញ្ជីបាន។
មុនការរកឃើញបេក្ខភាពថ្មីៗខាងលើនេះ កម្មវិធីសិក្សាមួយរបស់ក្រុមការងារគ្រប់គ្រង James Webb ដែលមានឈ្មោះថា Galactic Legacy Infrared Midplane Survey Extraordinaire (GLIMPSE) បានរកឃើញកាឡាក់ស៊ីឆ្ងាយបំផុតមិនធ្លាប់មាននោះគឺ JADES-GS-z14-0 ដោយកាឡាក់ស៊ីឆ្ងាយបំផុត ដែលត្រូវបានទទួលស្គាល់ជាផ្លូវការនេះ បានកកើតឡើងនៅរយៈពេល ២៨០លានឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ Big Bang។
ជុំវិញការសិក្សាស្រាវជ្រាវខាងលើនេះ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Hakim Atek មកពីវិទ្យាស្ថានសិក្សាផ្នែករូបវិទ្យា និងតារាសាស្ត្រ (PIA) នៃទីក្រុងប៉ារីស ប្រទេសបារាំង បានលើកឡើងថា «វានៅតែមានការលំបាកក្នុងការគណនារកអាយុពិតប្រាកដ នៃកាឡាក់ស៊ីទាំងនោះ និងដើម្បីកំណត់ថា តើពួកវាបានកកើតនៅពេលណា… ប៉ុន្តែ, យើងពិតជាកំពុងខិតជិតពពួកកាឡាក់ស៊ីជំនាន់ទី១ទាំងនោះហើយ ពីព្រោះយើងនៅរង់ចាំតែការមើលឃើញ ពពួកកាឡាក់ស៊ីដែលបានប្រើប្រាស់ពេល រាប់រយលានឆ្នាំក្នុងការកកើតឡើងប៉ុណ្ណោះ…»។
គួរបញ្ជាក់ថា កាឡាក់ស៊ីដែលផ្តល់ពន្លឺក្រហម (redshift) (ពន្លឺក្រហមៗបែបនេះ កើតឡើងព្រោះតែការចល័តពីទីដ៏ឆ្ងាយ និងអស់កាលដ៏យូរ) គឺត្រូវបានកំណត់កម្រិតសម្គាល់ជា z ដោយក្នុងនោះ redshift កម្រិត z = 0.10 តំណាងឲ្យពន្លឺដែលបានចល័តមកផែនដីអស់ ១.៣ពាន់លានឆ្នាំ ឬស្មើនឹងចម្ងាយ ១.៣ពាន់លានឆ្នាំពន្លឺ។ សម្រាប់ redshift កម្រិត z = 1 តំណាងឲ្យពន្លឺដែលចល័តក្នុងរយៈពេល ៧.៧ពាន់លានឆ្នាំមកហើយ ហើយបើគិតទៅលើការពង្រីកខ្លួននៃចក្រវាលនោះ វាស្មើនឹងចម្ងាយ ១០.១ពាន់លានឆ្នាំពន្លឺ។ ដូច្នេះសម្រាប់ redshift កម្រិត z = 10 នោះគឺជាពន្លឺដែលបញ្ចេញពីអ្វីមួយ (កាឡាក់ស៊ី) ដែលពេលនេះកំពុងមានចម្ងាយ ២៦.៦ពាន់លានឆ្នាំពន្លឺពីយើង ខណៈពន្លឺរបស់វាបានធ្វើដំណើរអស់ ១៣.២ពាន់លានឆ្នាំហើយ ទើបមកដល់ផែនដីយើង។
សរុបសេចក្តីមក យើងនៅរង់ចាំតែការបញ្ជាក់ពីក្រុមអ្នកវិទ្យាសាស្ត្រជាផ្លូវការ ក្រោយការត្រួតពិនិត្យទម្រង់ពន្លឺនៃកាឡាក់ស៊ីទាំង ៥ ខាងលើនេះរួចរាល់ប៉ុណ្ណោះ នោះយើងនឹងទទួលបានកាឡាក់ស៊ីដំបូងៗបំផុតថ្មី ខណៈនេះជាសមត្ថភាពកម្រិតកំពូលរបស់ James Webb ហើយ។ នៅថ្ងៃមុខទៀត ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់សន្និដ្ឋានទេថា នឹងអាចរកឃើញអ្វីដែលពួកគេមិនធ្លាប់បានឃើញបន្ថែមទៀតនោះឡើយ។ ការសិក្សាអំពីការកកើតចក្រវាលពេលនេះ គឺមានតែវិធីសាស្ត្រដូចដែលក្រុមការងារ James Webb កំពុងធ្វើនេះប៉ុណ្ណោះ នោះគឺការសិក្សារកចំណុចនៃពន្លឺដើមបំផុតនៃព្រឹត្តិការណ៍ Big Bang (ដូចក្នុងទ្រឹស្តី) តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤)