ផ្កាយដុះកន្ទុយ២ទៀត នឹងចល័តមកក្បែរផែនដីនៅឆ្នាំ២០២៥ (វីដេអូ)

314

(បរទេស)៖ បន្ទាប់ពីការបង្ហាញខ្លួននៃផ្កាយដុះកន្ទុយ (comet) ដ៏ល្បីនោះគឺ Tsuchinshan-ATLAS កាលពីអំលុងខែតុលា ឆ្នាំ២០២៤ (ប្រជាជនមួយចំនួននៅកម្ពុជាបានមើលឃើញ និងផ្តិតរូបភាពពិតៗរួចទៅហើយ) ផ្កាយដុះកន្ទុយចំនួន ២ទៀត ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា នឹងមកបង្ហាញខ្លួនលើផ្ទៃមេឃផែនដីនៅអំលុងឆ្នាំ២០២៥ ឆាប់ៗខាងមុខ ដោយមួយនឹងមកដល់នៅដើមឆ្នាំ និងមួយទៀតនៅចុងឆ្នាំ។

(Video From YouTube: Cambo Space Edu)

១៖ ផ្កាយកន្ទុយ C/2024 G3 (ATLAS)

ជាផ្កាយដុះកន្ទុយមានប្រភពមកពីតំបន់ពពកឧស្ម័នដ៏ត្រជាក់ (Oort Cloud) ស្ថិតនៅតំបន់ជាយចុងបំផុតនៃប្រព័ន្ធព្រះអាទិត្យ។ វាត្រូវបានរកឃើញកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដោយកម្មវិធីសង្កេតរបស់ បណ្តាញតេឡេស្កូប ATLAS (Asteroid Terrestrial-impact Last Alert System) ដែលមានមូលដ្ឋានសំខាន់ៗនៅ ៣ទីតាំងលើភពផែនដីនោះគឺ កោះហាវ៉ៃ (សហរដ្ឋអាមេរិក), ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសឈីលី

យោងតាមការគណនាដោយក្រុមការងារ ATLAS ផ្កាយដុះកន្ទុយ C/2024 G3 (ATLAS) នឹងគោចរទៅកៀកព្រះអាទិត្យបំផុតក្នុងគម្លាតតែ ១៣.៥លានគីឡូម៉ែត្រប៉ុណ្ណោះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ហើយរហូតមកដល់ថ្ងៃទី១៤ ខែឆ្នាំដដែល វានឹងចល័តមកដល់ចំណុចដែលកៀកនឹងភពផែនដីបំផុតនោះគឺ ១៤០លានគីឡូម៉ែត្រ

សម្រាប់ផ្កាយដុះកន្ទុយ C/2024 G3 នឹងមានពន្លឺគួរសមដែលអាចឲ្យមនុស្សលោកមើលឃើញដោយភ្នែកទទេ នៅកំលុងពេលវាគោចរកៀកនឹងផែនដី ខណៈរាប់សែនឆ្នាំទៀតឯណោះ ទើបវាអាចមកបង្ហាញខ្លួនម្តងទៀត។

កំលុងពេលល្អបំផុតក្នុងការស្វែងរក C/2024 G3 តាមរយៈ app និងតេឡេស្កូប ឬការប្រើកាមេរ៉ាដើម្បីសម្រិតសម្រាំងរកវត្តមានរបស់ផ្កាយដុះកន្ទុយនេះ គឺចន្លោះថ្ងៃទី ១០ – ២០ ខែមករា ឆ្នាំ២០២៥ (ថ្ងៃទី១៤ មករា ល្អជាងគេ)។ សម្រាប់ពេលវេលាល្អបំផុត គឺពីលើជើងមេឃទិសខាងកើត៖ នៅព្រឹកព្រហាមមុនមានពន្លឺព្រះអាទិត្យចេញមករំខាន និងពីលើជើងមេឃទិសខាងលិចនៅក្រោយថ្ងៃលិចដែលពន្លឺព្រះអាទិត្យអស់ឥទ្ធិពល

Cambo Space នឹងបញ្ជាក់បន្ថែមទៀតជូនប្រិយមិត្តនៅដើមខែមករា ឆ្នាំ២០២៥

២៖ ផ្កាយដុះកន្ទុយ 210P/Christensen

ជាផ្កាយដុះកន្ទុយដែលស្ថិតនៅគន្លងគោចរបែបប្រទាក់ក្រលា (រ៉េសូណង់) ជាមួយភពព្រហស្បតិ៍ (Jupiter) អស់រយៈពេល ១០,០០០ឆ្នាំមកហើយ ខណៈការគោចរមកកៀកព្រះអាទិត្យ និងផែនដី តែងកើតឡើងត្រឹមតែ ៥.៧ឆ្នាំម្តងប៉ុណ្ណោះ។ វាត្រូវបានរកឃើញកាលពី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៣ ដោយតារាវិទូ Eric J. Christensen តាមរយៈកម្មវិធីសង្កេតរបស់តេឡេស្កូប Catalina Sky Survey ក្រោមជំនួយរបស់កម្មវិធីសិក្សារកវត្ថុអវកាសកៀកៗផែនដីហៅកាត់ថា NEOO របស់អង្គការ NASA សហរដ្ឋអាមេរិក។

ផ្កាយដុះកន្ទុយ 210P/Christensen នឹងគោចរមកកៀកផែនដីបំផុតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគម្លាតពីភពយើងតែជាង ៤០លានគីឡូម៉ែត្រប៉ុណ្ណោះ។ ខណៈការគោចរទៅកៀកព្រះអាទិត្យគឺនឹងកើតឡើង នៅថ្ងៃទី២២ ខែឆ្នាំដដែលក្នុងគម្លាត ៧៨.៥លានគីឡូម៉ែត្រ

សម្រាប់ពេលវេលាល្អបំផុត ក្នុងការមើលឃើញផ្កាយដុះកន្ទុយ 210P/Christensen ដោយភ្នែកទទេនោះគឺនៅថ្ងៃទី២១ ២២ និង ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីលើជើងមេឃទិសខាងកើត៖ ព្រឹកព្រហាមមុនមានពន្លឺព្រះអាទិត្យចេញមករំខាន និងពីលើជើងមេឃទិសខាងលិចនៅក្រោយថ្ងៃលិចដែលពន្លឺព្រះអាទិត្យអស់ឥទ្ធិពល

Cambo Space នឹងបញ្ជាក់បន្ថែមទៀតនៅដើមខែវិច្ឆិកា ឆ្នាំ២០២៥

ផ្កាយដុះកន្ទុយ២ទៀត នឹងចល័តមកក្បែរផែនដីនៅឆ្នាំ២០២៥ (វីដេអូ)
រូបតំណាងផ្កាយដុះកន្ទុយ (Image Source: Star Walk)

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Star Walk/ Sky Live/ Time and Date (ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤)

480×240 Banner