ពន្យារទៀតហើយ! NASA ប្តូរ Artemis 2 ទៅឆ្នាំ២០២៦ រីឯ Artemis 3 វិញទៅឆ្នាំ២០២៧, តើមកពីហេតុអ្វី? (វីដេអូ)

303

(បរទេស)៖ រម្លឹកទៅកាលពីចុងឆ្នាំ២០២៣ អង្គការ NASA បានសម្រេចពន្យារពេលចាប់ផ្តើមបេសកកម្ម Artemis 2 ទៅកាន់ឆ្នាំ២០២៥ ខណៈ Artemis 3 វិញទៅកាន់ឆ្នាំ២០២៦ ប៉ុន្តែមួយឆ្នាំក្រោយមក នោះគឺនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិកមួយនេះ បានសម្រេចពន្យារពេលបន្ថែមមួយឆ្នាំៗទៀត ទៅលើបេសកកម្មទាំង២នេះដូចគ្នា។ តើមានបញ្ហាអ្វីខ្លះ ស្ថិតនៅពីក្រោយការពន្យារពេលនេះ?

(Video From YouTube: Cambo Space Edu)

សម្រាប់បញ្ហាធំបំផុតនោះ គឺទៅលើភាពមិនច្បាស់លាស់នៅឡើយ នៃផ្នែកគុណភាពរបស់យានផ្ទុកអវកាសយានិក (Capsule) ឈ្មោះ អូរ៉ាយអិន (Orion) របស់ក្រុមហ៊ុន Boeing ទៅលើខែលទប់ទល់កម្តៅ (heat shield) ដែលបានបង្ហាញសញ្ញាមិនស្រួលកាលពីឆ្នាំ២០២២។

បន្ទប់យាន (Capsule) Orion (រូបភាពពី NASA/Boeing)

ប្រធានអង្គការ NASA លោក Bill Nelson បានថ្លែងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នោះថា «ការពន្យារពេលគឺពិតជាចាំបាច់ ដើម្បីអាចឲ្យយើងធ្វើការត្រួតពិនិត្យនូវឥរិយាបថ ក្នុងការជ្រៀតចូលគន្លងគោចរ (ផែនដី) វិញដោយយាន Orion ដើម្បីកាត់បន្ថយសម្ពាធ និងការពារភាពខ្ទេចខ្ទាំនៃខែលទប់កំដៅ (heat shield) ដូចកាលពីការធ្វើតេស្ត (Orion ក្នុងបេសកកម្ម Artemis 1 ដែលគ្មានមនុស្សជិះ) កាលពីឆ្នាំ២០២២ ដែលកាលណោះយើងបានឃើញ heat shield នេះរងការខូចខាតមិនគួរឲ្យជឿ…។ ការពន្យារពេលនេះ ក៏ដើម្បីទុកឱកាសឲ្យយើងបិទបញ្ចប់ ការធ្វើតេស្តបន្ថែមនៃផ្នែកគ្រប់គ្រងបរិស្ថានផ្ទៃក្នុងនៃយាន និងប្រព័ន្ធទ្រទ្រង់ជីវិតផងដែរ…»។

ក្រុមអវកាសយានិក NASA និង បន្ទប់យាន (Capsule) Orion (រូបភាពពី NASA)

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែធ្នូនោះ អង្គការ NASA បានអះអាងថា បេសកកម្ម Artemis 2 ត្រូវបានពន្យារពេលពីខែកញ្ញា ឆ្នាំ២០២៥ ទៅកាន់ខែមេសា ឆ្នាំ២០២៦ ខណៈបេសកកម្ម Artemis 3 វិញត្រូវបានពន្យារពេលពីចុងឆ្នាំ២០២៦ ទៅកាន់ពាក់កណ្តាលឆ្នាំ២០២៧។ ថ្នាក់ដឹកនាំ NASA បានសង្កត់ធ្ងន់ទៀតថា ពួកគេត្រូវតែធានាឲ្យបានច្បាស់លាស់បំផុតចំពោះប្រព័ន្ធសុវត្ថិភាពនៃយាន Orion មុននឹងសម្រេចឲ្យវាដឹកអវកាសយានិកជាលើកដំបូងចាកចេញពីភពផែនដី ទៅកាន់ឋានព្រះចន្ទ។

(រូបភាពពីបេសកកម្ម Artemis 1 របស់់ NASA)

គួរបញ្ជាក់ថា បេសកកម្ម Artemis 2 គឺជាការបញ្ជូនអវកាសយានិកចំនួន ៤រូប (ត្រូវបានជ្រើសរើសរួចហើយ) ឲ្យជិះយានអវកាស Orion ចាកចេញពីភពផែនដីទៅកាន់ឋានព្រះចន្ទ រួចធ្វើការគោចរជុំវិញឋានព្រះចន្ទ ហើយក៏ត្រលប់មកកាន់ភពផែនដីវិញ ដោយមិនមានការចុះចតលើព្រះចន្ទនោះឡើយ។ សម្រាប់បេសកកម្ម Artemis 3 វិញនឹងពិសេសខ្លាំងជាង ព្រោះអវកាសយានិក NASA នឹងជាន់ឋានព្រះចន្ទជាថ្មី ដែលមិនធ្លាប់មានគិតចាប់តាំងពីបេសកកម្ម Apollo 17 កាលពីឆ្នាំ១៩៧២

ពន្យារទៀតហើយ! NASA ប្តូរ Artemis 2 ទៅឆ្នាំ២០២៦ រីឯ Artemis 3 វិញទៅឆ្នាំ២០២៧, តើមកពីហេតុអ្វី? (វីដេអូ)
បេសកកម្ម Artemis ថ្ងៃអនាគត (រូបភាពពី NASA)

យោងតាមផែនការដើមយាន Orion នឹងត្រូវដឹកនាំចេញពីភពផែនដី តាមរយៈរ៉ុក្កែត SLS (Space Launch System) របស់ NASA ផ្ទាល់ ទៅកាន់ទីអវកាស រួចទើបយាន Orion ផ្ទុកអវកាសយានិក ៤រូប គោចរទៅកាន់ឋានព្រះចន្ទ រួចបន្ទាប់មកយាន Orion ពេលទៅដល់គន្លងគោចរជុំវិញព្រះចន្ទហើយ នោះនឹងផ្ទេរអវកាសយានិក ទៅកាន់យានអវកាសរបស់ SpaceX ដែលមានឈ្មោះពេញថា Starship Human Landing System (HLS) ដើម្បីធ្វើការចុះចតនៅទីតាំងមួយលើប៉ូលខាងត្បូងព្រះចន្ទ រួចទើបបោះមូលដ្ឋានស្រាវជ្រាវមនុស្សនៅលើនោះជាអចិន្ត្រៃយ៍តែម្តង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤)

480×240 Banner