ក្នុងប្រព័ន្ធព្រះអាទិត្យយើងមាន «ភពដុះកន្ទុយ» ដែលអ្នកអាចមិនធ្លាប់បានដឹង… (យល់ដឹង) (វីដេអូ)
(បរទេស)៖ ប្រិយមិត្តទាំងឡាយដែលនិយមតាមដានវិស័យអវកាស និងវិទ្យាសាស្ត្រកន្លងនេះ ពិតជាបានយល់ដឹងច្បាស់រួចមកហើយអំពី ផ្កាយដុះកន្ទុយ (Comet) និងភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) ដែលមានកន្ទុយ ដូចជាភព Gliese 436b ចម្ងាយ ៣០ឆ្នាំពន្លឺពីផែនដី ដែលមានឧស្ម័នរំសាយចេញពីខ្លួនវាមិនដាច់ ព្រោះតែការគោចរកៀកនឹងផ្កាយមេវាពេក ហើយទិដ្ឋភាពនោះគឺប្រៀបបីដូចជាវាកំពុងមានកន្ទុយយ៉ាងដូច្នោះឯង។ ប៉ុន្តែប្រិយមិត្តជាច្រើនទៀត ក៏ប្រហែលជាមិនធ្លាប់បានដឹងទេថា មានភពនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះកំពុងលាក់កន្ទុយ…។
សម្រាប់ប្រិយមិត្តដែលមិនទាន់បានដឹងនោះ ចូរប្រុងប្រៀបស្តាប់ចម្លើយតែម្តងទៅ ដោយភពដុះកន្ទុយនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះគឺ…ភព…ពុធ! ដែលយើងហៅជាភាសាអង់គ្លេសថា Mercury នោះ។ ហេតុអ្វីយើងថាភពពុធដុះកន្ទុយ បើមើលទៅវាហាក់បីដូចជាព្រះចន្ទ ដែលគ្មានបរិយាកាស និងគ្មានកន្ទុយផង តាមរយៈរូបភាពនានាផ្តិតយកដោយតេឡេស្កូប ឬយានដែលហោះទៅជិតភពនោះដូចជា Messenger របស់ NASA ជាដើម?

ដូចរូបភាពដ៏អស្ចារ្យ ដែលត្រូវបានថតដោយបណ្ឌិត Sebastian Voltmers ទាំងនេះ ពេលលោកអ្នកនាងឃើញហើយប្រាកដជាអះអាងភ្លាមៗថាជា «ផ្កាយដុះកន្ទុយ» តែតាមការពិតទៅវាជា «ភពពុធដុះកន្ទុយ» ទៅវិញទេ ដែលត្រូវបានបានថតនៅក្នុងលក្ខខណ្ឌពិសេសៗបំផុត នោះគឺពេលមេឃស្រឡះល្អបំផុត, ការបំពាក់ filter កម្រិត ៥៨៩ណាណូម៉ែត្រ (nm) តែមួយប៉ុណ្ណោះលើ Lens កាមេរ៉ា និងទីតាំងត្រឹមត្រូវរបស់ភពពុធ ដែលអាចឲ្យកន្ទុយបង្ហាញចេញយ៉ាងវែង ពេលកាមេរ៉ាផ្តិតយក។

ប្រាកដណាស់ ការថតឲ្យបានកន្ទុយភពពុធ គឺមិនសូវខុសពីការផ្តិតយករូបភាពរបស់ផ្កាយដុះកន្ទុយនោះឡើយ ដោយកាមេរ៉ាត្រូវសម្រិតសម្រាំងយកពន្លឺម្តងបន្តិចៗ (long exposure) នោះទើបអាចឲ្យកន្ទុយដែលរំសាយនោះ លេចចេញយ៉ាងច្បាស់ក្នុងរូបភាពបាន។ យោងតាមអ្នកវិទ្យាសាស្ត្រ NASA កន្ទុយរបស់ភពពុធនោះ អាចមានប្រវែងរហូតដល់ទៅ ២៤លានkm ឯណោះ ដោយអាស្រ័យទៅលើឥទ្ធិពលនៃខ្យល់ព្រះអាទិត្យ (Solar Wind) ព្រមទាំងការគោចរទៅកៀកបំផុត និងឆ្ងាយបំផុតពីព្រះអាទិត្យ ខណៈក្នុងរូបភាពរបស់ Voltmer នេះ កន្ទុយភពពុធមានប្រវែង ២.៥លានkm។
- តើកន្ទុយភពពុធនោះកកើតពីអ្វី?
គំនិតអំពីវត្តមាននៃកន្ទុយភពពុធត្រូវបានរំលេចឡើង តាំងតែពីទសវត្សរ៍ ១៩៨០ មកម្ល៉េះ ប៉ុន្តែការរកឃើញជាក់ស្តែងដោយក្រុមអ្នកវិទ្យាសាស្ត្រគឺនៅឆ្នាំ២០០១។ កន្ទុយរំសាយចេញពីខ្លួនភពពុធនោះ បានកកើតឡើងនៅពេលដែលឥទ្ធិពលពីព្រះអាទិត្យ (ខ្យល់ និងព្យុះព្រះអាទិត្យ) ជះមកលើភពពុធ ដែលធ្វើឲ្យអាតូមនៃឧស្ម័នសូដ្រូម (Sodium Gas) ដែលស្ថិតនៅក្នុងបរិយាកាសដ៏ស្តើងនៃភពពុធនោះត្រូវខ្ទាតចេញ និងរំសាយដល់ចម្ងាយចាប់រាប់សែនទៅរាប់លានគីឡូម៉ែត្រពីភពពុធបែបនោះ។

គួរបញ្ជាក់ថា ភពពុធជាភពតូចជាងគេក្នុងចំណោមភពផ្លូវការទាំង ៨ និងជាភពស្ថិតនៅដើមគេបង្អស់ផងដែរបន្ទាប់ពីព្រះអាទិត្យ។ ភពថ្មមួយនេះមានអង្កត់ផ្ចិត ៤,៨៧៩km តូចជាងព្រះចន្ទ Ganymede នៃភពព្រហស្បតិ៍ (Ganymede មានអង្កត់ផ្ចិត ៥,២៦៨km) និង Titan របស់ភពសៅរ៍ (Titan មានអង្កត់ផ្ចិត ៥,១៤៩km) នោះទៅទៀត។
យើងធ្លាប់គិតថា ភពពុធមិនមានបរិយាកាសនោះទេ តែតាមការពិតទៅភពតូចជាងគេនោះក៏មានបរិយាកាសដែរ តែស្ថិតនៅក្នុងទម្រង់ជាចំហាយផ្ទៃឧស្ម័ន ដែលបញ្ចេញដោយផ្ទៃក្រាលដោយថ្មនោះផង និងតាមរយៈដុំថ្មអវកាសតូចៗ ដែលតែងធ្លាក់លើភពនោះជាប្រចាំផងដែរ។ ការគោចរកៀកព្រះអាទិត្យក្នុងគម្លាតជាមធ្យម ៥៨លានkm នៅក្នុងល្បឿន ៤៧km/១វិនាទី នោះហើយ ទើបធ្វើឲ្យបរិយាកាសដ៏ស្តើងរបស់វា ងាយរំសាយចេញពេលត្រូវឥទ្ធិពលពីព្រះអាទិត្យ។ តែយ៉ាងណា យើងមិនអាចមើលឃើញវត្តមានកន្ទុយនោះដោយភ្នែកទទេ ឬក៏តេឡេស្កូបឆ្លុះ និងកាមេរ៉ាផ្តិតរូបភាពធម្មតាៗបានទេ៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/SPACE/Britanica (ថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤)
