NASA៖ ចំនួនភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) កើនដល់ជិតដល់ខ្ទង់ ៦,០០០ភព (មានវីដេអូ)

113

(បរទេស)៖ ជិតចូលឆ្នាំ២០២៥ហើយ ការបន្តស្វែងរកភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) នៅតែបន្តទទួលបានផ្លែផ្កាមិនដាច់នោះឡើយ។ តួយ៉ាងគិតត្រឹមខែធ្នូ ឆ្នាំ២០២៤នេះ ភព Exoplanet ដែលត្រូវបានបញ្ជាក់វត្តមានជាផ្លូវការ ក៏ទើបត្រូវបានអង្គការ NASA នៃសហរដ្ឋអាមេរិកបូកបញ្ចូលបន្ថែមទៀតទៅក្នុងបញ្ជី ខណៈចំនួននៃបេក្ខភាពភព (Exoplanet ដែលត្រូវការការបន្តសង្កេតថា ពិតជាមានវត្តមានមែន) ក៏មានចំនួនកើនឡើងដូចគ្នា។

(Video From YouTube: Cambo Space Edu)

យោងតាមទិន្នន័យផ្លូវការពីក្រុមការងារ NASA Exoplanet បានឲ្យដឹងកាលពីថ្ងៃទី១២ ខែធ្នូថា ចំនួនភព Exoplanets ដែលត្រូវបានបញ្ជាក់វត្តមានជាផ្លូវការសរុបពេលនេះគឺ ៥,៨០៦ភព នៅក្នុងប្រព័ន្ធផ្កាយចំនួន ៤,៣៣៦ប្រព័ន្ធ។ ដោយឡែកសម្រាប់ចំនួននៃបេក្ខភាពភពវិញ បានកើនឡើងដល់ ៤,៧០៩ភព (ជាស្នាដៃរបស់ TESS) និង ១,៩៨២ភព (ជាទិន្ន័យបន្សល់ទុកដោយ Kepler) ដូច្នេះសរុបចូលគ្នាមាន ៦,៦៩១បេក្ខភាពភព កំពុងរង់ចាំការបញ្ជាក់វត្តមានជាផ្លូវការ។

(រូបភាពពី NASA)

លោកអ្នកមួយចំនួនប្រាកដជានៅឆ្ងល់ថា តើឧបករណ៍អ្វីខ្លះដែលបាននិងកំពុង ចូលរួមយ៉ាងសកម្ម នៅក្នុងការស្វែងរកភព Exoplanets កន្លងនេះ? សម្រាប់ឧបករណ៍សំខាន់ៗនោះមានដូចខាងក្រោម៖

១៖ តេឡេស្កូបអវកាស Kepler៖ ត្រូវបានបញ្ជូនទៅទីអវកាសកាលពីឆ្នាំ២០០៩ និងបិទបញ្ចប់បេសកកម្មនៅឆ្នាំ២០១៨។ គិតទាំងការរកឃើញអំលុងពេលប្រតិបត្តិការ និងក្រោយការពិនិត្យទិន្នន័យចាស់ៗ ចំនួន Exoplanets ផ្លូវការបានមកពីបេសកកម្ម Kepler តែឯងគឺខ្ទង់ ២,៨០០ភពទៅហើយ ដែលស្មើពាក់កណ្តាលនៃចំនួនសរុបខាងលើ។

២៖ តេឡេស្កូបអវកាស TESS៖ ត្រូវបានបញ្ជូនទៅទីអវកាសកាលកាលពីឆ្នាំ២០១៨ និងកំពុងបន្តប្រតិបត្តិការនៅឡើយ គិតត្រឹមឆ្នាំ២០២៤នេះ។ ក្រៅពីការរកឃើញភពថ្មីៗ TESS ក៏ដើរតួជាអ្នកបញ្ជាក់វត្តមានជាផ្លូវការ ទៅលើបេក្ខភាពភពបន្សល់ទុកពី Kepler ផងដែរ។

៣៖ តេឡេស្កូបអវកាស Hubble៖ ត្រូវបានបញ្ជូនទៅទីអវកាសតាំងតែពីទសវត្សរ៍ ១៩៩០ និងបន្តធ្វើប្រតិបត្តិការដល់បច្ចុប្បន្ន ក្រោយទទួលបានការជួសជុល និងបង្កើនគុណភាព។ ទោះបីជាស្ថិតនៅក្នុងបេសកកម្មស្នូល ក្នុងការថតយករចនាសម្ព័ន្ធអវកាសនានាដូចជា កញ្ចុំផ្កាយ និងនីប៊ុយឡាក្នុងកាឡាក់ស៊ី Milky Way, កាឡាក់ស៊ីឆ្ងាយៗ និងភពនានាក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះក្តី ក៏ពេលខ្លះ Hubble អាចរកឃើញវត្តមានភព Exoplanet បានផងដែរ។

៤៖ តេឡេស្កូបអវកាស Spitzer៖ ត្រូវបានបញ្ជូនទៅទីអវកាសកាលពីឆ្នាំ២០០៣ និងបិទបញ្ចប់ប្រតិបត្តិការកាលពីឆ្នាំ២០២០។

៥៖ តេឡេស្កូបអវកាស James Webb៖ ការងារជាចម្បងរបស់ James Webb គឺសិក្សាអំពីការកកើតចក្រវាលដំបូងៗ តាមរយៈការផ្តិតយកពន្លឺពីកាឡាក់ស៊ីឆ្ងាយៗបំផុតតាមដែលអាចធ្វើទៅបាន។ តែយ៉ាងណា គេក៏អាចប្រើ James Webb ដើម្បីបញ្ជាក់វត្តមាន Exoplanet គោចរជុំវិញផ្កាយក្នុងកាឡាក់ស៊ី Milky Way បានផងដែរ។

ដោយសារតែការស្វែងរកភព Exoplanet តម្រូវចាំបាច់បំផុតឲ្យតេឡេស្កូបនានា ទប់ស្កាត់ពន្លឺរំខាន និងតម្រង់ទៅរកគោលដៅ (ប្រព័ន្ធផ្កាយមួយៗ) ក្នុងរយៈពេលយូរនោះ ទើបការបញ្ជូនតេឡេស្កូបទៅទីអវកាសតែម្តងគឺជារឿងចាំបាច់ ជាពិសេសគឺគន្លងគោចរ ដែលស្ថិតនៅចម្ងាយចាប់ពីរាប់សែន ទៅរាប់លានគីឡូម៉ែត្រពីផែនដី ដូចជា Kepler ស្ថិតនៅចម្ងាយជាង ១៥០លានគីឡូម៉ែត្រ និង TESS នៅចម្ងាយជាង ១០០,០០០គីឡូម៉ែត្រពីផែនដី។

NASA៖ ចំនួនភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) កើនដល់ជិតដល់ខ្ទង់ ៦,០០០ភព (មានវីដេអូ)
រូបតំណាងភព Exoplanet (រូបភាពពី NASA)

តែយ៉ាងណា តេឡេស្កូបលើដីជាច្រើនដូចជា Keck Observatory នៅរដ្ឋ Hawaii និងនៅបណ្តាញតេឡេស្កូបរបស់អង្គការសង្កេតផ្ទៃមេឃអឺរ៉ុប (ESO) ស្ថិតលើតំបន់ខ្ពង់រាប ប្រទេសឈីលីជាដើម ក៏អាចរកឃើញ និងបញ្ជាក់វត្តមានរបស់ Exoplanet គោចរជុំវិញផ្កាយដទៃបានផងដែរ។

វិធីសាស្ត្រ Transit Method សម្រាប់សង្កេតរក Exoplanet (រូបភាពពី NASA)

ងាកមកកាន់ចម្ងល់មួយទៀតថា តើ Exoplanets ដែលត្រូវបានរកឃើញដោយប្រទេស ឬអង្គការដទៃត្រូវបានដាក់បញ្ជូនក្នុងទិន្នន័យ NASA ដែរឬអត់នោះ ចម្លើយគឺពិតណាស់! តួលេខភព Exoplanet ផ្លូវការទាំង ៥,៨០៦ភពខាងលើនេះ ក៏ត្រូវបានរាប់បញ្ជូលនូវចំនួនភព Exoplanets ដែលត្រូវបានរកឃើញដោយបេសកកម្មក្រៅពីអង្គការផងដែរ ក្នុងនោះមានដូចជា បេសកកម្មអវកាសឥណ្ឌា និងអឺរ៉ុបជាដើម៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤)

480×240 Banner