ជាលើកដំបូងសម្រាប់ឥណ្ឌា ក្នុងការរកឃើញប្រព័ន្ធមួយដែលមាន «ផ្កាយភ្លោះ៣»

309

(បរទេស)៖ ប្រទេសឥណ្ឌានៅតែបន្តបញ្ចេញស្នាដៃថ្មីៗ ដែលពីមុនមានតែសហរដ្ឋអាមេរិក និងអឺរ៉ុបប៉ុណ្ណោះអាចសម្រេចបាន។ យើងកំពុងនិយាយអំពីការស្រាវជ្រាវរកភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) ថ្មីៗ និងផ្កាយនានាដែលកំពុងចាប់កំណើត ហើយនៅក្នុងខែធ្នូ ឆ្នាំ២០២៤នេះ វិស័យអវកាសឥណ្ឌាទើបតែសម្រេចបានលទ្ធផលថ្មីជាលើកដំបូងរបស់ខ្លួន នោះគឺការរកឃើញប្រព័ន្ធផ្កាយមួយដែលមានផ្កាយរហូតដល់ទៅ ៣ដួង

ប្រព័ន្ធផ្កាយភ្លោះ ៣ ខាងលើនេះត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា GG Tau A ដែលពិតជាមិនងាយមាននោះឡើយនៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ ឬសូម្បីតែចក្រវាល។ ផ្កាយទាំង ៣ ដួងនៅក្នុងប្រព័ន្ធនេះ គោចរជុំវិញគ្នាទៅវិញទៅមក ដែលជាពាក្យបច្ចេកទេសគេហៅវាថាជាប្រព័ន្ធរួមតែមួយ (binary system) និងមានចម្ងាយប្រមាណ ៤៨៩ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។

យោងតាមក្រុមការងារមកពី វិទ្យាស្ថានជាតិសម្រាប់ការអប់រំ និងស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ (National Institute of Science Education and Research ឬ NISER) ស្ថិតក្នុងរដ្ឋ Odisha ប្រទេសឥណ្ឌា ដែលបានសិក្សារកឃើញលទ្ធផលខាងលើនេះឲ្យដឹងថា ប្រព័ន្ធផ្កាយ GG Tau A នោះមានអាយុចន្លោះពី ១ – ៥លានឆ្នាំប៉ុណ្ណោះ ដែលនេះជាកម្រិតអាយុក្មេងបំផុតមួយ ឬអាចចាត់ទុកថា ទារកផ្កាយ (baby stars) បាន។

ជាលើកដំបូងសម្រាប់ឥណ្ឌា ក្នុងការរកឃើញប្រព័ន្ធមួយដែលមាន «ផ្កាយភ្លោះ៣»
រូបតំណាងប្រព័ន្ធផ្កាយភ្លោះ ៣ GG Tau A (Image Source: News Bytes)

ភាពវិសេសវិលារបស់ GG Tau A គឺវានឹងផ្តល់ឱកាសដល់ក្រុមអ្នកសិក្សា សង្កេតរកវត្តមាន បន្ទះឌីសនៃភពចាប់កំណើត (Protoplanetary Disk) ដែលអាចកើតមាននៅជុំវិញផ្កាយទាំង នោះ ហើយវានឹងកាន់តែក្លាយជារឿងអស្ចារ្យបំផុត ប្រសិនបើផ្កាយ នោះ អាចផ្តល់ឱកាសឲ្យភពណាមួយកកើតបាន។ វាធ្វើឲ្យយើងនឹកឃើញដល់ប្រព័ន្ធផ្កាយភ្លោះ ដែលនៅកៀកនឹង ព្រះអាទិត្យយើងបំផុតនោះគឺ Centaurus ដែលមានផ្កាយ Alpha Centauri A, Alpha Centauri B និង Proxima Centauri នៅជាចង្កោមផ្កាយតែមួយ ហើយក្នុងនោះក្រុមតារាវិទូ កាលពីឆ្នាំ២០១៦ បានរកឃើញភពមួយរួចហើយជុំវិញផ្កាយ Proxima Centauri (ភព Proxima b) ខណៈភព ២ ទៀតកំពុងស្ថិតក្នុងការសង្ស័យនៅជុំវិញផ្កាយតូចក្រហម (Red Dwarf) មួយនោះដូចគ្នា។

ក្រុមតារាវិទូឥណ្ឌាក៏បានសង្កេតឃើញបន្ទះឌីសធូលី និងឧស្ម័ន (Disk) ចំនួនមួយវង្វង់នៅព័ទ្ធជុំវិញផ្កាយភ្លោះទាំង ៣ នោះផងដែរ។ ដូចយើងដឹងហើយថា បន្ទះឌីសធូលី និងឧស្ម័ន គឺជារចនាសម្ព័ន្ធដ៏សំខាន់បំផុត នៅក្នុងការផ្តល់ឱកាសឲ្យភព និងព្រះចន្ទកកើតឡើង ហើយវាមិនខុសពីពេលដែលផែនដី ភព និងព្រះចន្ទនានា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង កកើតឡើងដំបូងៗកាលពី ៤.៥ពាន់លានឆ្នាំមុននោះឡើយ។ យ៉ាងណាក៏ដោយ មិនទាន់មានសញ្ញាណាមួយដែលអាចបញ្ជាក់ថា Disk ជុំវិញប្រព័ន្ធផ្កាយ GG Tau A នោះមានភពណាមួយសម្ងំកកើតឡើងនៅឡើយទេ។

តេឡេស្កូបរលកវិទ្យុ APEX (Image Source: ESO)

គួរបញ្ជាក់ថា ក្រុមតារាវិទូឥណ្ឌាមកពីមជ្ឈមណ្ឌល បានប្រើប្រាស់តេឡេស្កូបចាប់រលកវិទ្យុ Atacama Pathfinder Experiment ឬ APEX ដើម្បីសិក្សាទៅលើប្រព័ន្ធផ្កាយខាងលើនេះ។ APEX ស្ថិតនៅលើខ្ពង់រាប Atacama Desert នៃប្រទេសឈីលី ដែលមានកម្ពស់ជាង ៥km ពីនីវ៉ូទឹកសមុទ្រ ដូច្នេះការស្ថិតនៅទីខ្ពស់ និងបូករួមទាំងមេឃស្រឡះល្អជាប្រចាំទៀតនោះ ធ្វើឲ្យតំបន់នោះក្លាយជាទីឋានល្អបំផុតមួយលើភពផែនដី ក្នុងការសិក្សាស្រាវជ្រាវរកភព ផ្កាយ និងកាឡាក់ស៊ីជាដើម៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Times Of India (TOI) (ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤)

480×240 Banner