ថៃក្លាយជាប្រទេសទី «៥១» ចូលរួមបេសកកម្មស្រាវជ្រាវឋានព្រះចន្ទ Artemis ដឹកនាំដោយសហរដ្ឋអាមេរិក (វីដេអូ)

263

(បរទេស)៖ បន្ទាប់ពីពិធីចុះហត្ថលេខាកាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ អង្គការ NASA បានអបអរសាទរប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះជា «ប្រទេសទី៥១» ក្នុងការប្តេជ្ញាចិត្តចំពោះការរុករកទីអវកាសប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិជារួម ដែលយើងស្គាល់គ្រប់គ្នាថា អាតេមីស (Artemis) នោះ។ ថៃក៏ជាប្រទេសទី២ផងដែរ នៅក្នុងតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរី ដែលចូលរួមជាមួយ បេសកកម្មស្រាវជ្រាវ និងបោះមូលដ្ឋានមនុស្សលើឋានព្រះចន្ទ (Artemis) ដឹកនាំដោយសហរដ្ឋអាមេរិកនេះ។

(Video From YouTube: Cambo Space Edu)

ប្រធានអង្គការ NASA លោក បៀល ណែលសុន (Bill Nelson) បានថ្លែងតាមរយៈសារជាវីដេអូ ដែលត្រូវបានថតទុកសម្រាប់ឱកាសដ៏ពិសេសនោះថា «ការប្តេជ្ញាចិត្តរបស់ថៃ ចំពោះកិច្ចព្រមព្រៀង Artemis នឹងពង្រឹងការចូលរួមរបស់ប្រទេសនេះ ជាមួយ NASA និងសហគមន៍អន្តរជាតិ។ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ប្រទេសថៃបានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់មួយ និងបង្ហាញពីភាពជាអ្នកដឹកនាំដ៏អស្ចារ្យ សម្រាប់ការរុករកអវកាសដោយបើកចំហ ទទួលខុសត្រូវ និងដោយសន្តិភាព»។

មន្ត្រីពាក់ព័ន្ធថៃ និងសហរដ្ឋអាមេរិកចុះកិច្ចព្រមព្រៀងលើ Artemis (Image Credit: US State Department)

ជុំវិញភាពជាដៃគូនេះដែរ លោក ផាកន អាផាផាន់ (Pakorn Apaphant) នាយកប្រតិបត្តិនៃទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រ-ព័ត៌មានវិទ្យារបស់ប្រទេសថៃ GISTDA (Geo-Informatics and Space Technology Development Agency) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Artemis ក្នុងនាមប្រទេសថៃ។ បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ប្រទេសថៃ លោកស្រី ស៊ូផាម៉ាស អ៊ីសារ៉ាផាកឌី (Supamas Isarabhakdi) និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ លោក រ៉ូប៊ឺត ហ្កូដេក (Robert Godec) ក៏បានចូលរួមក្នុងពិធីនេះផងដែរ។

លោក Apaphant នៅក្នុងការចុះហត្ថលេខាតំណាងឲ្យប្រទេសថៃពេលនោះបានថ្លែងថា «ប្រទេសថៃនឹងចូលទៅក្នុងយុគមាសនៃការរុករកអវកាស ដោយថាមពលយ៉ាងពេញលេញ»។

ប្រទេសថៃត្រូវបានគេមើលឃើញថា កំពុងបន្តរីកដុះដាលខ្លាំងលើវិស័យអវកាស និងវិទ្យាសាស្ត្រ តាមរយៈស្ថាប័ន GISTDA ដែលប្រៀបបីដូចជាទីភ្នាក់ងារអវកាសជាតិមួយយ៉ាងដូច្នោះឯង។ GISTDA នេះហើយដែលបានចូលរួមអភិវឌ្ឍ និងបង្កើតចេញផ្កាយរណបសង្កេតផែនដីដំបូងរបស់ថៃឈ្មោះ THEOS (Thailand Earth Observation Satellite) រួចបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីឆ្នាំ២០០៨។ បច្ចុប្បន្ននេះ ថៃមានផ្កាយរណបសរុប ១២គ្រឿង នៅក្នុងគន្លងគោចរជុំវិញភពផែនដី។

ផ្កាយរណបថៃដំបូង THEOS (រូបភាពពីបរទេស)

ពាក់ព័ន្ធនឹងវិស័យអវកាសដដែលនេះ ប្រទេសថៃក៏មានក្រុមអវកាសយានិកជាតិរបស់ខ្លួន ដែលកំពុងទទួលការហ្វឹកហ្វឺនផងដែរ ក្រោមកិច្ចសហការជាមួយសហរដ្ឋអាមេរិក ក្នុងនោះអវកាសយានិកផ្លូវការដំបូងគេរបស់ថៃ គឺលោកស្រី ភីរ៉ាដា ថេចាវីជីត (Pirada Techawijit) ដែលជាមន្ត្រីកងទ័ពអាកាសថៃផ្ទាល់ កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីឡើងទៅកាន់ទីអវកាសក្នុងនាមជាជនជាតិថៃដំបូងផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២០ អង្គការ NASA, ក្រសួងការបរទេសសហរដ្ឋអាមេរិក និងប្រទេសហត្ថលេខីដំបូងចំនួន ៧ផ្សេងទៀត បានចុះហត្ថលេខារួមគ្នាបង្កើតកិច្ចព្រមព្រៀង Artemis ឡើងជាផ្លូវការ។ Artemis ជាសំណុំនៃគោលការណ៍ក្នុងការលើកកម្ពស់ការប្រើប្រាស់លំហអវកាស ប្រកបដោយអត្ថប្រយោជន៍សម្រាប់មនុស្សជាតិ។

ថៃក្លាយជាប្រទេសទី «៥១» ចូលរួមបេសកកម្មស្រាវជ្រាវឋានព្រះចន្ទ Artemis ដឹកនាំដោយសហរដ្ឋអាមេរិក (វីដេអូ)
រូបតំណាងបេសកកម្ម Artemis (Image Credit: NASA)

កិច្ចព្រមព្រៀង Artemis មានមូលដ្ឋានរួចជាស្រេច ស្របនឹងសន្ធិសញ្ញាអវកាសខាងក្រៅ (Outer Space Treaty) និងកិច្ចព្រមព្រៀងផ្សេងៗទៀតជាលក្ខណៈអន្តរជាតិ ដែលមានការអនុវត្តន៍យ៉ាងល្អបំផុត និងបទដ្ឋាននៃអាកប្បកិរិយា ប្រកបដោយការទទួលខុសត្រូវដែល NASA និងដៃគូរបស់ខ្លួនបានគាំទ្រ ក្នុងនោះក៏រួមមានទាំងការចេញផ្សាយ ទិន្នន័យវិទ្យាសាស្ត្រជាសាធារណៈផងដែរ។

ប្រទេសទាំង ៥១ នៃបេសកកម្ម Artemis (Image Credit: NASA/Artemis)

គួររម្លឹកផងដែរ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ អង្គការ NASA បានប្រារព្ធពិធីអបអរបានទទួលបានសមាជិកជាប្រទេសទី ៥០ ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង Artemis នោះគឺប្រទេសអូទ្រីស នៅទីស្នាក់ការកណ្តាលរបស់ NASA។ ប្រទេសជាច្រើនទៀតក៏ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខានៅក្នុងពេលបន្តបន្ទាប់ទៀតដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤)

480×240 Banner