Oops! តេឡេស្កូប James Webb ឆ្លុះតំបន់ចន្លោះភពអង្គារ និងព្រហស្បតិ៍ រកឃើញអាចម៍ផ្កាយថ្មីៗច្រើនណាស់ (ខ្លះអាចគំរាមយើង) (វីដេអូ)
(បរទេស)៖ យើងមិនទាន់ដឹងថា នៅជុំវិញខ្លួនយើងមានអ្វីទៀតនោះឡើយ ហេតុដូច្នេះទើបការរុករកពិតជាចាំបាច់ខ្លាំងជាទីបំផុត។ ត្រង់ចំណុចនេះ គឺយើងនិយាយអំពីអាចម៍ផ្កាយ ដែលក្រុមអ្នកវិទ្យាសាស្ត្រតែងតែចាត់ទុកថា ជាវត្ថុអវកាសដែលអាចគំរាមកំហែងផែនដី ឬបង្កមហន្តរាយធំធេងដល់ភពដ៏ល្អប្រពៃថ្លៃថ្លារបស់យើងនេះ។
ជាក់ស្តែងនៅក្នុងខែធ្នូ ឆ្នាំ២០២៤នេះ ទិន្នន័យពី James Webb បង្ហាញថា អាចម៍ផ្កាយថ្មីៗរាប់រយដុំត្រូវបានតេឡេស្កូបអវកាសនេះឆ្លុះរកឃើញ នៅតំបន់ចន្លោះភពអង្គារ (Mars) និង ភពព្រហស្បតិ៍ (Jupiter)។ អ្វីដែលកាន់តែគួរឲ្យបារម្ភទៀតនោះ មួយចំនួននៃអាចម៍ផ្កាយថ្មីៗទាំងនោះ អាចមានឱកាសគំរាមកំហែងភពផែនដីនៅថ្ងៃអនាគត, នេះបើតាមការអះអាងពីក្រុមអ្នកវិទ្យាសាស្ត្រ ដែលសិក្សាលើទិន្នន័យពី James Webb។
ក្រុមការងារគ្រប់គ្រង James Webb បានប្រើប្រាស់វិធីសាស្ត្រក្នុងការសង្កេត ពពួកផ្កាយនៅចម្ងាយរាប់សិបឆ្នាំពន្លឺពីផែនដី ដើម្បីជាឱកាសវែករកអាចម៍ផ្កាយទាំងតូចទាំងធំនៅតំបន់ចន្លោះភពអង្គារ និងព្រហស្បតិ៍នោះ ហើយនៅទីបំផុតលទ្ធផលបានបង្ហាញថា អាចផ្កាយចំនួន ៨ដុំធ្លាប់ត្រូវបានរកឃើញរួចទៅហើយ ខណៈ ១៣៨ដុំទៀតជាអាចម៍ផ្កាយថ្មីៗ ក្នុងនោះរាប់ចាប់តាំងពីដុំថ្មអវកាសទំហំប៉ុនរថយន្តក្រុង រហូតដល់ទំហំធំជាងពហុកីឡដ្ឋាន ២ ទៅ ៣ដងក៏មានដែរ។
យ៉ាងណាក៏ដោយ ពួកវាក៏នៅតូចជាងឆ្ងាយបើធៀបនឹងអាចម៍ផ្កាយ Chicxulub ដែលបានផ្តាច់ពូជដាយណូស័រទាំងស្រុងកាលពី ៦៦លានឆ្នាំមុន។ ទោះជាបែបនេះក្តី វាមិនមែនមានន័យថា អាចម៍ផ្កាយតូចៗណាមួយមិនអាចគំរាមកំហែងភពផែនដីនោះឡើយ។ យើងពិតជានៅចងចាំមិនភ្លេចទេថា អាចម៍ផ្កាយមួយដែលមានអានុភាពខ្លាំងជាង គ្រាប់បែកបរមាណូដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima កាលពីឆ្នាំ១៩៤៥ ចំនួន ៣០ដង បានវាយប្រហារទីក្រុង Chelyabinsk ប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៣ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត និងក៏ជាឧទាហរណ៍ជាក់ស្តែងផងដែរ…។
- អាចម៍ផ្កាយដែលអាចគំរាមផែនដី
យោងតាមអត្ថបទព្រាងដែលត្រូវបានបញ្ជូនទៅកាន់កាសែត Nature បានសរសេរថា «ក្នុងចំណោមអាចម៍ផ្កាយទាំង ១៣៨ដុំនោះ មាន ៦ដុំអាចមានឱកាសរងការប៉ះទង្គិចជាមួយនឹងកម្លាំងទំនាញនៃភពក្បែរៗពួកវា ដោយប្រការនោះនឹងអាចធ្វើពួកវារបូតចេញពីគន្លងបច្ចុប្បន្ន រួចចល័តមកក្បែរៗភពផែនដី ឬក៏អាចគំរាមកំហែងភពផែនដីយើងបាន»។
សាស្ត្រាចារ្យ Julien de Wit មកពីវិទ្យាស្ថានអាមេរិក MIT ដែលបានសិក្សាលើទិន្នន័យពី James Webb នោះលើកឡើងថា «យើងគិតថាយើងនឹងរកឃើញវត្ថុថ្មីៗមួយចំនួនប៉ុណ្ណោះ ប៉ុន្តែយើងបែរជារកឃើញច្រើនលើសពីការរំពឹងទុក… ជាពិសេសវត្ថុតូចៗ (អាចម៍ផ្កាយ)។ វាជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងស៊ើបអង្កេត និងប្រទះឃើញអាចម៍ផ្កាយមួយក្រុមថ្មីទៀតហើយ…»។
គួរបញ្ជាក់ថា James Webb បានប្រើប្រាស់ឱកាសនៃការសម្ងំសង្កេតប្រព័ន្ធផ្កាយដទៃចំនួនពី ១៥ ទៅ ២០ដួង ដោយប្រើប្រាស់រយៈពេល ៥០០ម៉ោង ក្នុងនោះក៏រួមមានទាំងផ្កាយ Trappist-1 ដែលមានចម្ងាយ ៤០ឆ្នាំពន្លឺពីផែនដីយើងផងដែរ។ អំលុងនៃការសង្កេតនោះហើយ ទើបអាចធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រសម្រិតសម្រាំងរកមើល ពន្លឺក្រហមអាំងហ្វ្រាចេញពីពពួកអាចម៍ផ្កាយតូចៗ ដែលស្ថិតនៅពីមុខ (foreground) នៃកាណុងរបស់តេឡេស្កូបអវកាសនោះបាន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤)