តើព្រះអាទិត្យនៅឆ្នាំ «២០២៥» នឹងមានស្ថានភាពដូចម្តេច? បន្តភាពកញ្ជ្រោល? (យល់ដឹង) (វីដេអូ)
(បរទេស)៖ ទីបំផុតលទ្ធផលព្យាករណ៍ជាផ្លូវការ ត្រូវបានចេញផ្សាយហើយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ចំពោះឥទ្ធិពលនៃព្រះអាទិត្យរបស់យើង ដែលក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា នឹងជះចេញនៅឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ។ តើព្រះអាទិត្យនឹងមានស្ថានភាពដូចម្តេច? តើភាពកញ្ជ្រោលអតិបរមា (Solar Maximum) នឹងបន្តភាពខ្លាំងក្លាដូចឆ្នាំ២០២៤នេះ ឬមួយក៏អាក្រក់ជាង? អត្ថបទថ្មីមួយនេះនឹងឆ្លើយតប «២ចំណុចធំៗ» ចំពោះចម្ងល់ជាច្រើនរបស់ប្រិយមិត្ត។
១៖ តើអ្វីទៅជាវដ្តព្រះអាទិត្យ (Sun Cycle) និង Solar Maximum?
យើងទាំងអស់គ្នាបានដឹងរួចហើយថា ព្រះអាទិត្យដែលជាមេនៃប្រព័ន្ធទាំងមូល និងជាកម្លាំងស្នូលក្នុងការអូសទាញភពតូចធំៗនានា រួមទាំងភពផែនដីឲ្យគោចរជុំវិញនោះ មានវដ្តយ៉ាងទៀងទាត់នោះគឺ ១១ឆ្នាំម្តង។ សម្រាប់អំលុងពេលដែលយើងកំពុងស្ថិតនៅនេះគឺជាវដ្ត ២៥ (Sun Cycle 25) បើគិតពីការចាប់ផ្តើមរាប់វដ្តព្រះអាទិត្យលើកដំបូង (Sun Cycle 1) កាលពីឆ្នាំ១៧៥៥។ ការចាប់ផ្តើមរាប់វដ្តព្រះអាទិត្យនេះ បានកើតឡើងបន្ទាប់ពីការសិក្សាយ៉ាងជាក់លាក់អំពីដំណើរនៃ Sun Cycle អស់រយៈពេលជាង ១០០ឆ្នាំ (ចាប់តាំងពីឆ្នាំ១៦៤៨)។
ការឈានចូលវដ្ត ២៥ នៃព្រះអាទិត្យបានកើតឡើងកាលពីឆ្នាំ២០១៩ ក្រោយការបញ្ចប់វដ្ត២៤។ ការចាប់ផ្តើមវដ្តថ្មីមួយ គឺជាពេលដែលព្រះអាទិត្យ ស្ថិតនៅក្នុងភាពស្ងប់ស្ងាត់បំផុត (Solar Minimum) ដែលកំលុងពេលនោះ គឺព្រះអាទិត្យមិនមានសកម្មភាពផ្ទុះជះអណ្តាតភ្លើង (Solar Flare) និងបណ្តុំអណ្តាតភ្លើងរាងពងក្រពើ (Coronal Mass Ejections ឬ CMEs) ដ៏គួរឲ្យព្រឺព្រួចនោះឡើយ ខណៈចំណុចខ្មៅ (Sunspot) លើផ្ទៃព្រះអាទិត្យក៏មានចំនួនតិចតួច និងទំហំតូចៗប៉ុណ្ណោះ។
ប៉ុន្តែនៅអំលុងនៃការឈានទៅកាន់ពាក់កណ្តាលវដ្ត (ពាក់កណ្តាលនៃអំលុងពេល ១១ឆ្នាំ) ព្រះអាទិត្យនឹងចាប់ផ្តើមក្រឡាប់ផ្លាស់ប្តូរប៉ូលខាងជើងទៅខាងត្បូងវិញ ដែលប្រការនេះបញ្ចេញភាពកញ្ជ្រោលខ្លាំងក្លា (Solar Maximum) ដែលយើងនឹងឃើញចំណុចខ្មៅ (Sunspot) កើនឡើងរហូតដល់ចំនួនរាប់រយ ខណៈទំហំវិញគឺធំជាងផែនដីរាប់សិបដងក៏មានដែរ។ កាលពីខែមេសា ឆ្នាំ១៩៤៧ ក្រុមអ្នកវិទ្យាសាស្ត្របានសង្កេតឃើញ Sunspot មួយលើផ្ទៃព្រះអាទិត្យ ដែលមានទំហំធំបំផុតមិនធ្លាប់មានរហូតដល់ ១៨ពាន់លានគីឡូម៉ែត្រក្រលា ឬស្មើនឹង ៤០ដងនៃប្រវែងអង្កត់ផ្ចិតភពផែនដីយើងឯណោះ។
ចំណុចខ្មៅធំៗ និងក្នុងចំនួនច្រើនខាងលើនេះហើយ ដែលជាសញ្ញាបង្ហាញថា សកម្មភាពផ្ទុះជះអណ្តាតភ្លើង (Solar Flare) និងបណ្តុំអណ្តាតភ្លើងរាងពងក្រពើ (Coronal Mass Ejections ឬ CMEs) មានសភាពខ្លាំងក្លា ហើយបើពួកវាជះមកចំទិសដៅភពផែនដី ក្នុងលក្ខណៈជាព្យុះព្រះអាទិត្យ (Solar Storm) និងការជះភាគល្អិតមានបន្ទុក (Charged Particles) នឹងអាចបំផ្លិចបំផ្លាញផ្កាយរណប ដែលកំពុងគោចរជុំវិញភពផែនដី, រំខាន ឬកាត់ផ្តាច់រលកវិទ្យុទាក់ទង, រំខានប្រព័ន្ធទូរគមនាគមន៍ទូទៅ (ប្រព័ន្ធចង្អុលផ្លូវ ឬ GPS ជាដើម) និងអាចធ្វើឲ្យដាច់ចរន្តអគ្គិសនីផងដែរ នៅក្នុងករណីធ្ងន់ធ្ងរខ្លាំង។
២៖ ព្រះអាទិត្យនៅឆ្នាំ២០២៥ និងឥទ្ធិពលមកលើផែនដី
យោងតាមការសង្ខេបយ៉ាងខ្លីទៅលើខ្សែក្រាហ្វ ចេញផ្សាយដោយមជ្ឈមណ្ឌលព្យាករណ៍ធាតុអាកាសនៃទីអវកាសរបស់រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) នៃសហរដ្ឋអាមេរិកបានបង្ហាញចេញនូវលទ្ធផលដូចខាងក្រោម (សម្រាប់ឆ្នាំ២០២៥)៖
- ចំណុច Solar Maximum ឬការពុះកញ្ជ្រោលក្នុងកម្រិតខ្ពស់បំផុតនៃព្រះអាទិត្យ នឹងកើតឡើងនៅចន្លោះខែកក្កដា និងសីហា ឆ្នាំ២០២៥
- ចំណុចខ្មៅ (Sunspot) ទាំងតូចទាំងធំលើផ្ទៃព្រះអាទិត្យ នឹងកើនឡើងយ៉ាងតិចដល់ ១១៥ចំណុច
- ឥទ្ធិពល Solar Maximum នៃវដ្ត២៥នេះ នឹងមិនខ្លាំងប៉ុន្មានឡើយ (ប្រហាក់ប្រហែល Solar Maximum នៃវដ្ត២៤ កាលពីឆ្នាំ២០១៦)
- ព្រះអាទិត្យក្នុងឆ្នាំ២០២៥ នឹងជះអណ្តាតភ្លើង (Solar Flare) កាន់តែច្រើន និងក្នុងកម្រិតខ្លាំងជាងឆ្នាំ២០២៤
- ព្រះអាទិត្យនឹងបញ្ចេញបណ្តុំអណ្តាតភ្លើងរាងពងក្រពើ (Coronal Mass Ejections ឬ CMEs)
- ព្យុះភូមិសាស្ត្រម៉ាញេទិច (Geomagnetic Storms) នឹងកើតឡើងដោយសារឥទ្ធិពលនៃ CMEs
- Geomagnetic Storms អាចបំផ្លាញផ្កាយរណប និងកាត់ផ្តាច់ចរន្តអគ្គិសនី
- ពន្លឺសំរាំងប៉ូល ឬអូរ៉ូរ៉ា (Aurora) នឹងបង្ហាញវត្តមានញឹកញាប់ពីលើប៉ូលខាងជើង និងខាងត្បូងផែនដី ហើយអាចរាលដាលមកកាន់តំបន់ត្រជាក់បង្គួរ
- ព្យុះព្រះអាទិត្យ (Solar Storm) អាចរំខាន ឬផ្តាច់រលកវិទ្យុទាក់ទង និងប្រព័ន្ធចង្អុលទិសដៅ (GPS)
- អវកាសយានិកនៅលើស្ថានីយអវកាស នឹងត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះរលកធាតុវិទ្យុសកម្ម
- ចំនួន Sunspot នឹងថយចុះវិញដល់ ១១៣ នៅអំលុងខែធ្នូ ឆ្នាំ២០២៥
- ឥទ្ធិពលខ្លាំងបំផុតនៃ Solar Maximum នឹងត្រូវសន្មត់ថាចុះថយនៅខែមីនា ឆ្នាំ២០២៦
- វដ្ត២៥ នៃព្រះអាទិត្យនឹងបញ្ចប់ទាំងស្រុងនៅអំលុងឆ្នាំ២០៣០
- វដ្តថ្មី (វដ្ត២៦) នឹងចាប់ផ្តើមនៅឆ្នាំ២០៣១។
គួរបញ្ជាក់ថា លទ្ធផលដូចបានរៀបរាប់ខាងលើនេះ ថ្វីត្បិតតែត្រូវបានបញ្ចេញមកជាផ្លូវការ តែក៏នៅត្រឹមជាការព្យាករណ៍ប៉ុណ្ណោះ ព្រោះអំលុងពេលនៃ Solar Maximum របស់វដ្តព្រះអាទិត្យកន្លងមក តែងតែមិនដូចគ្នានោះទេ ដោយខ្លះអាចអូសបន្លាយត្រឹមតែ១ឆ្នាំ តែខ្លះទៀតអាចដល់រយៈពេលជាង២ឆ្នាំ នៅចំពាក់កណ្តាលនៃរយៈពេលសរុប ១១ឆ្នាំ របស់វដ្តមួយ។ វាមានន័យថា ព្រះអាទិត្យអាចបញ្ចេញអការៈកញ្ជ្រោលខ្លាំងភ្លាមៗ ដោយគ្មានសញ្ញាអ្វីអាចប្រាប់ទុកមុនឡើយ។
សម្រាប់មនុស្សលោកលើភពផែនដី គឺពុំមានអ្វីត្រូវព្រួយបារម្ភចំពោះព្យុះព្រះអាទិត្យ ឬ Solar Maximum នោះឡើយ៕
រៀបរៀប និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NOAA/NASA (ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤)