NASA៖ ទីបំផុតយាន Parker នៅរស់ ក្រោយគោចរទៅកៀកនឹងព្រះអាទិត្យបំផុត (កៀកជាងភពពុធ ១០ដង) (វីដេអូ)

238

(បរទេស)៖ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីតោន) អង្គការ NASA បានបញ្ជាឲ្យយានអវកាស Parker Solar Probe គោចរទៅកៀកនឹងព្រះអាទិត្យបំផុត ដែលមិនធ្លាប់មាននោះឡើយ នៅក្នុងប្រវត្តិសាស្ត្រគ្រឿងយន្តអវកាសបង្កើតឡើងដោយមនុស្ស ឬសូម្បីតែយាន Parker នេះផ្ទាល់។

(Video From YouTube: Cambo Space Edu)

សូមកុំទាន់ភ័យអី ព្រោះ Parker មានខែលទប់កម្តៅកម្រាស់ ៤.៥អ៊ីញ ដែលអាចទប់ទល់កម្តៅជះមកដោយផ្ទាល់ដល់ទៅជាង ១,៣០០អង្សាសេ ខណៈកម្តៅដែលវាបានទទួលរងក្នុងបេសកកម្មហោះកៀកព្រះអាទិត្យលើចុងក្រោយនេះ គឺក្បែរនឹង ១,០០០អង្សាសេ ប៉ុណ្ណោះ។ មន្ត្រី NASA បានគូសបញ្ជាក់ថា «នេះហើយជាបេសកកម្មដែលយើងចង់ឲ្យ Parker ធ្វើ» គិតចាប់តាំងពីការបញ្ជូនវាចេញពីផែនដី ហើយវាក៏ជាការហោះកៀកបំផុតចុងក្រោយដែរ។

រូបតំណាងយាន Parker គោចរកៀកនឹងព្រះអាទិត្យបំផុត (Image Credit: NASA)

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ NASA ប្រាប់ដំណឹងអំពីការឆ្លងផុត ដំណាក់កាលដ៏ក្តៅគគុកប្រកបដោយជោគជ័យ ក្រោយការបញ្ជាឲ្យយាន Parker គោចរទៅក្នុងគម្លាតតែ ៦.១លានគីឡូម៉ែត្រប៉ុណ្ណោះពីព្រះអាទិត្យ។ វាបានក្លាយជាគម្លាតដ៏កៀកបំផុត ដែលយាននេះមិនធ្លាប់បានធ្វើឡើយ គិតចាប់តាំងពីការចេញពីភពផែនដី សម្តៅទៅធ្វើបេសកកម្មជុំវិញព្រះអាទិត្យ កាលពីឆ្នាំ២០១៨។

ការហោះឆ្វែលព្រះអាទិត្យដ៏កៀកបំផុតតែ ៦.១លានគីឡូម៉ែត្រ (ក្នុងល្បឿន ៦៩,០០០គីឡូម៉ែត្រក្នុងមួយម៉ោង) នោះ គឺកៀកជាងគម្លាតរវាងភពពុធ (Mercury) និងព្រះអាទិត្យទៅទៀត ខណៈភពពុធដែលគោចរកៀកព្រះអាទិត្យជាងគេនោះ មានគម្លាតជាមធ្យម ៥៨លានគីឡូម៉ែត្រពីព្រះអាទិត្យ។ នៅទីបំផុតយាន Parker ពិតជាអាចធ្វើបានមែន និងរក្សាដំណើរការរបស់វាយ៉ាងល្អដដែល ដើម្បីបន្តបេសកកម្មទៅថ្ងៃមុខទៀត។

រូបយាន Parker ពេលស្ថិតក្នុងតំណាក់កាលដំឡើង (Image Credit: NASA)

គួរបញ្ជាក់ថា យាន Parker Solar Probe ត្រូវបានបាញ់បញ្ជូនចេញពីភពផែនដី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។ នៅអំលុងខែធ្នូ ឆ្នាំ២០២១ Parker បានក្លាយជាគ្រឿងយន្តអវកាសដំបូងគេបំផុត ដែលបានភ្លក្សរសជាតិដោយផ្ទាល់ នៃចំហាយស្រទាប់ខូរ៉ូណា (Corona) ដែលជាបរិយាកាសផ្នែកខាងក្រៅបំផុតរបស់ព្រះអាទិត្យ ជាមួយនឹងការហោះឆ្វែលយ៉ាងកៀកបំផុតមិនធ្លាប់មានផងដែរនៅគ្រានោះ។

Parker Solar Probe នឹងហោះឆ្វែលព្រះអាទិត្យយ៉ាងកៀកម្តងទៀតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ និងជាលើកចុងក្រោយសម្រាប់បេសកកម្មស្នូល (primary mission) របស់វានៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ ការបញ្ជាយាន Parker នេះធ្វើឡើងដោយមន្ទីរពិសោធន៍ Johns Hopkins Applied Physics Laboratory (APL) ស្ថិតក្នុងទីក្រុង Laurel រដ្ឋ Maryland សហរដ្ឋអាមេរិក។

NASA៖ ទីបំផុតយាន Parker នៅរស់ ក្រោយគោចរទៅកៀកនឹងព្រះអាទិត្យបំផុត (កៀកជាងភពពុធ ១០ដង) (វីដេអូ)
រូបតំណាងយាន Parker គោចរកៀកនឹងព្រះអាទិត្យបំផុត (Image Credit: NASA)
  • តើបេសកកម្មរបស់ NASA មួយនេះមានគោលដៅចម្បងជាអ្វី?

ជាការពិត Parker កំពុងស្ថិតក្នុងគោលដៅសិក្សា អំពីស្ថានភាពកម្តៅនៃស្រទាប់បរិយាកាស Corona នៃព្រះអាទិត្យ និងកត្តាដែលជំរុញឲ្យមានខ្យល់ព្រះអាទិត្យ (Solar Wind) ដែលទាំងអស់នេះនឹងជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ព្យាករកាន់តែច្បាស់ជាងមុនទៅលើឥទ្ធិពលនៃព្រះអាទិត្យ ដែលជះមកលើភពផែនដី (តែងតែរំខានដល់បណ្តាញទូរគមនាគមន៍លើភពផែនដី) និងប្រព័ន្ធព្រះអាទិត្យទាំងមូល៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៥)

480×240 Banner