ទីបំផុតក្រុមអ្នកវិទ្យាសាស្ត្រដឹងថា ត្រូវទៅស្វែងរក «ជីវិតលើភពអង្គារ» នៅត្រង់ណាហើយ! (វីដេអូ)

2,725

(បរទេស)៖ បន្ទាប់ពីការរកឃើញមេតាន (methane) លើភពអង្គារ (Mars) រួចមក ក្រុមអ្នកវិទ្យាសាស្ត្របានសង្ស័យថា ភពក្រហមមួយនេះទំនងជានៅមានលាក់ទុកជីវិតនៅឡើយ។ អាថ៌កំបាំងនៃមេតានលើភពអង្គារ បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ ជាច្រើនឆ្នាំមកហើយ ហើយបើទោះបីជាគ្រឿងយន្ត NASA នៅលើផ្ទៃភពនោះផ្ទាល់បានសង្កេតឃើញ ការប្រែប្រួលតាមរដូវនៃមេតានក៏ដោយ ប៉ុន្តែផ្កាយរណបដែលគោចរជុំវិញភពនោះ មិនបានរកឃើញដានសំខាន់ៗនៃម៉ូលេគុលមេតានទាំងនោះទេ។

(Video From YouTube: Cambo Space Edu)

មេតានអាចជាតំរុយដែលប្រាប់យើងដោយប្រយោលថា ភពអង្គារនៅមានជីវិតក្នុងទម្រង់ណាមួយ ប៉ុន្តែគ្មានភស្តុតាងអ្វីបន្ថែមទៀត ត្រូវបានរកឃើញដើម្បីគាំទ្ររឿងនេះឡើយ។ បើនិយាយទៅតាមភាពជាក់ស្តែងពីសំបកក្រៅ ភពអង្គារហាក់ដូចជាមិនអាចឲ្យជីវិតរស់នៅបាន ឬបន្សល់ទុកជីវិតអ្វីឡើយ ព្រោះសីតុណ្ហភាពលើផ្ទៃខាងក្រៅ (surface) គឺនៅតែត្រជាក់ខ្លាំងសូម្បីតែពេលថ្ងៃ (នៅតំបន់អេក្វាទ័រពេលថ្ងៃអាចក្តៅបំផុតតែ ២០អង្សាសេ និងកន្លែងភាគច្រើនគឺត្រជាក់ស្ងួតដល់ដករាប់រយអង្សាសេក៏មាន) ហើយភពក្រហមនេះស្ទើរតែគ្មានបរិយាកាស ខណៈកាំរស្មីនានាពីទីអវកាស និងព្រះអាទិត្យដែលគ្រោះថ្នាក់សម្រាប់ជីវិត តែងតែស្រោចស្រពលើផ្ទៃភពឥតឈប់ឈរ។

បេសកកម្ម InSight របស់ NASA ដែលបរាជ័យក្នុងការជីកដីភពអង្គារទៅតាមផែនការ (រូបភាពពី NASA)

ប៉ុន្តែ, ដោយយោងលើភស្តុតាងដែលអាចបញ្ជាក់យ៉ាងច្បាស់ថា ភពអង្គារធ្លាប់មានសមុទ្រ បឹង និងទន្លេយ៉ាងឆ្វាត់ឆ្វែងកាលពីរាប់ពាន់លានឆ្នាំមុននោះ ក្រុមអ្នកវិទ្យាសាស្ត្រអាចសន្មត់ទៅរកគោលដៅថ្មីថា ជីវិតដែលនៅសេសសល់ ឬដាននៃជីវិតពីបុរាណ អាចបន្តរក្សាវត្តមាននៅក្រោមដីភពអង្គារ ត្រង់កន្លែងដែលទឹកបានរីងហួតចុងក្រោយគេបំផុត ឬរក្សាវត្តមានបានយូរបំផុត។ ហេតុដូច្នេះទើប NASA បានបញ្ជូនយាន Curiosity ទៅដល់រណ្តៅ Gale Crater (អតីតបឹងស្តុកទឹក) នៅឆ្នាំ២០១២ និងយាន Perseverance ទៅដល់រណ្តៅ Jezero (អតីតបឹងស្តុកទឹក) នៅឆ្នាំ២០២១។

ទោះជាសមិទ្ធផលជាច្រើន ត្រូវបានបញ្ចេញមកពីបេសកកម្មទាំង ២ ខាងលើនេះ ដូចជាការរកឃើញ មេតាន, អំបិល និងភស្តុនៃសមាសធាតុសារីរាង្គមួចំនួនទៀត ដែលសុទ្ធតែអាចត្រូវបានចាត់ទុកថា ពាក់ព័ន្ធនឹងជីវិតក្តី ក៏ភស្តុតាងបន្ថែមទៀតនៅតែត្រូវការការរកឲ្យឃើញដើម្បីកំណត់ថា ភពអង្គារនៅមានជីវិត ឬយ៉ាងហោចណាស់ ជាកន្លែងដែលជីវិតក្នុងទម្រង់ខ្លះបានកកើតឡើងនៅទីនោះ មុនភពផែនដីយើងទៅទៀត។ តើ NASA និងដៃគូពាក់ព័ន្ធត្រូវធ្វើដូចម្តេចទៀត?

ផែនទីតំបន់ Acidalia Planitia (រូបភាពពី NASA)

ឈានចូលមកដល់ដើមខែមករា ឆ្នាំ២០២៥នេះតែម្តង ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដោយយោងលើទិន្នន័យស្រាវជ្រាវលើភពអង្គារដោយអង្គការ NASA បានជូនដំណឹងល្អមួយសម្រាប់គ្រប់គ្នា នោះគឺការកំណត់ «ទីតាំងជាក់លាក់» លើភពអង្គារ ដែលក្រុមអ្នកវិទ្យាសាស្ត្រយល់ស្របថា «ល្អបំផុត» ក្នុងការស្វែងរកជីវិតលើភពក្រហមនោះ។ ទីតាំងដែលពួកគេកំណត់យកនោះមានឈ្មោះថា អេស៊ីដាលា ផ្លេនីធា (Acidalia Planitia) ដែលស្ថិតនៅអឌ្ឍគោលខាងជើងភពអង្គារតែម្តង។

  • ហេតុអ្វីថា Acidalia Planitia ជាទីតាំងល្អបំផុត?

ប្រសិនបើមើលទៅលើផែនទី បង្កើតឡើងដោយបេសកកម្មនានារបស់ NASA និង ESA នោះ តំបន់ Acidalia Planitia ធ្លាប់ជាមហាសមុទ្រដ៏ធំធេងមួយលើភពអង្គារ កាលអំលុង ៤.១ មកដល់ ៣.៨ ឬអាច ៣.៥ពាន់លានឆ្នាំមុន ខណៈបច្ចុប្បន្ននេះវាគឺជាវាលទំនាបដ៏ធំធេង ឬអាចហៅថា អតីតបាតសមុទ្រក៏បានដែរ ស្ថិតនៅអឌ្ឍគោលខាងជើង (សូមពិនិត្យមើលផែនដីដើម្បីយល់ដឹងទីតាំងជាក់លាក់)។

មូលហេតុដែលក្រុមអ្នកវិទ្យាសាស្ត្រពណ៌នាតំបន់ Acidalia Planitia ដែលមានអង្កត់ផ្ចិតដល់ទៅជិត ៣,៤០០km នោះថាជា​ «ទីតាំងល្អបំផុត» សម្រាប់ការស្វែងរកជីវិតដែលអាចនៅមាន នៅក្រោមដីភពអង្គារនៅឡើយនោះ គឺដោយយោងទៅលើការលើកឧទាហរណ៍ នៃវត្តមានពពួកមីក្រូជីវិត ដែលអាចកកើតកូនចៅក្នុងទីតាំងយ៉ាងជ្រៅ នៅក្នុងសំបកភពផែនដីយើងនេះ។ ហេតុដូច្នេះជីវិត ក៏អាចនៅមានក្នុងសំបកភពអង្គារ, បឹងទឹករាវក្រោមទឹកកក និងកាតឹបទឹកកកប៉ូលខាងត្បូងភពអង្គារដូចគ្នា។

ទីបំផុតក្រុមអ្នកវិទ្យាសាស្ត្រដឹងថា ត្រូវទៅស្វែងរក «ជីវិតលើភពអង្គារ» នៅត្រង់ណាហើយ! (វីដេអូ)
ស្ថានភាពនៃទីតាំងមួយក្នុងតំបន់ Acidalia Planitia (រូបភាពពីបរទេស)

ទោះបីជាផ្ទៃខាងលើភពអង្គារ ត្រជាក់ដល់ទៅរាប់សិបអង្សាសេក្រោមសូន្យ ក៏នៅក្នុងសំបកភពអង្គារចាប់ជម្រៅចាប់ពី ៤.៣ ទៅ ៨.៨km កម្តៅអាចស្ថិតក្នុងកម្រិតដ៏សមរម្យមួយ។ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថាកម្រិត សីតុណ្ហភាព, ជាតិប្រៃ, pH និងឱកាសដែលអាចមានអ៊ីដ្រូសែននៅក្នុងសំបកភពអង្គារត្រង់តំបន់ Acidalia Planitia នោះ គឺពិតជាអាចឲ្យយើងនឹងឃើញមកដល់ទីតាំងលើភពផែនដី ដែលកំពុងមានជីវិតក្នុងស្ថានភាពស្រដៀងភពអង្គារនោះរួចទៅហើយ។ ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងជំរុញឲ្យគិតគូរ ក្នុងការបញ្ជូនយានថ្មីទៅជីកគាស់រកជីវិតនៅទីនោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥)

480×240 Banner