NASA ធ្លាប់ហៅភពនេះថា «ភពទី១០» ប្រចាំប្រព័ន្ធព្រះអាទិត្យ តែវាបែរជាធ្វើឲ្យភ្លុយតុង ធ្លាក់តំណែងពីភពទី៩ (យល់ដឹង) (វីដេអូ)

105

(បរទេស)៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០០៥ (ពេលវេលានៅសហរដ្ឋអាមេរិក) ឬ ២០ឆ្នាំកន្លងទៅនេះ ក្រុមតារាវិទូបានរកឃើញភពមួយឈ្មោះថា អ៊ឺរីស (Eris) ដែលមានទំហំធំជាងភពភ្លូថូ ឬភ្លុយតុង (Pluto) បន្តិច (សម្រាប់ទិន្នន័យដំបូងៗ)។ វាស្ថិតនៅចម្ងាយឆ្ងាយជាងគម្លាតរវាង ភ្លុយតុង និងព្រះអាទិត្យរហូតដល់ទៅ៣ ដងឯណោះ។ អ្វីដែលយើង (និងភ្លុយតុងផងដែរ) ចងចាំមិនភ្លេចនោះគឺ Eris នេះហើយជាដើមចមដែលនាំឲ្យ ភ្លុយតុង ត្រូវបានគេបោះឆ្នោតទម្លាក់ចេញពីតំណែង។

(Video From YouTube: Cambo Space Edu)

ភពបម្រុង Eris មានចម្ងាយជាមធ្យម ១០ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ ឬស្មើនឹង ៦៨ AU (ស្មើនឹងចម្ងាយជាមធ្យមរវាងព្រះអាទិត្យ និងផែនដីគុណនឹង ៦៨ដង) ខណៈចម្ងាយរវាងផែនដី និងព្រះអាទិត្យជាមធ្យមគឺ ១៥០លានគីឡូម៉ែត្រ។ ដោយឡែកភព Pluto វិញមានចម្ងាយជាមធ្យម ៥.៩ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។

នៅក្រោយការរកឃើញថ្មីៗនោះ NASA ថែមទាំងបានចង់ដាក់បញ្ចូល Eris ជាភពទី ១០ ថែមទៀតផង ស្របពេលដែលភព Pluto កាលណោះនៅមានឋានៈជាភពទី ៩ នៅក្នុងប្រព័ន្ធព្រះអាទិត្យស្រាប់។ ប៉ុន្តែ, ចំណោទដ៏ធំធេងមួយក៏បានលេចឡើង អំពីថាតើអ្វីទៅទើបជានិយមន័យពិតរបស់ភព (Planet) ខណៈសហភាពតារាសាស្ត្រអន្តរជាតិ (International Astronomical Union ឬ IAU) នាអំលុងឆ្នាំ២០០៥ ក៏ហាក់ដូចជាមិនរំភើបប៉ុន្មានដែរ ក្នុងការកត់បញ្ចូល Eris ជាភពទី ១០ ព្រោះបើធ្វើដូច្នេះមែន សូម្បីតែ ស៊ីរែស (Ceres) ដែលស្ថិតនៅចន្លោះភពព្រហស្បតិ៍ និងភពអង្គារនោះ ក៏ត្រូវមានឋានៈជាភពនឹងគេដែរ។

NASA ធ្លាប់ហៅភពនេះថា «ភពទី១០» ប្រចាំប្រព័ន្ធព្រះអាទិត្យ តែវាបែរជាធ្វើឲ្យភ្លុយតុង ធ្លាក់តំណែងពីភពទី៩ (យល់ដឹង) (វីដេអូ)
(Image Source: Universe Today)

ហើយនៅទីបំផុត ឋានៈជា «ភពបម្រុង, មិនពេញលក្ខណៈ ឬអ្នកខ្លះហៅថាភពតឿ» (Dwarf Planet) ត្រូវបានបង្កើតឡើង ហើយភពភ្លុយតុងត្រូវបាន IAU បោះឆ្នោតទម្លាក់ពីតំណែងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៦ ឬស្មើនឹងរយៈពេល ៧៦ឆ្នាំ ក្រោយការរកឃើញ និងដាក់បញ្ចូល Pluto ជាភពទី ៩។ សូមបញ្ជាក់ថា រឿងរ៉ាវដែលបានកើតឡើងទាំងអស់នេះ គឺមនុស្សមួយក្រុមនៅផែនដីជាអ្នកសម្រេចចិត្តទាំងអស់ ដោយ Pluto ឬសូម្បីតែ Eris មិនបានដឹងឮអ្វីឡើយ។

ការបោះឆ្នោតដក Pluto កាលពីឆ្នាំ២០០៦ (រូបភាពពី IAU)

សម្រាប់រូបខ្ញុំផ្ទាល់ដែលជា Admin របស់ Cambo Space៖ «កាលពីអំលុងឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦ ជាពេលដែលខ្ញុំនៅរៀនថ្នាក់ទី ១២ ហើយកាលណោះខ្ញុំនៅចងចាំមេរៀនជានិច្ច អំពីភព Pluto នេះ ដែលមានឋានៈជាភពទី ៩ (ផ្លូវការ) ហើយក៏មិនបានទទួលដំណឹងពីការរកឃើញ Eris កាលពីឆ្នាំ២០០៥ នោះដែរ (អាចថាមិនបានតាមដានព័ត៌មាន ឬអាចមិនមានព័ត៌មានផ្សាយក្នុងប្រទេសយើងផងនៅពេលនោះ)។ សម្រាប់ការដក Pluto ចេញពីភពទី ៩ វិញខ្ញុំទើបតែដឹងនៅពេលចូលធ្វើការងារផ្នែកសារព័ត៌មានដំបូង កាលពីអំលុងឆ្នាំ២០១០ប៉ុណ្ណោះ ព្រោះកាលណោះខ្ញុំបានស្រាវជ្រាវព័ត៌មានធំៗជាច្រើនតាម Internet ហើយក៏ប៉ះចំរឿង Pluto នេះ…។ យ៉ាងណាក៏ដោយ ខ្ញុំគិតថាការធ្វើរបស់ IAU គឺសមហេតុផលបំផុត»។

រូបពិតរបស់ Pluto ថតដោយយាន New Horizons របស់ NASA កាលពីឆ្នាំ២០១៥ (Image Credit: NASA)

ហេតុអ្វី Pluto ត្រូវបានដកចេញពីក្រុមភពផ្លូវការ? សម្រាប់កត្តាចម្បងៗ ដែលបាននាំឲ្យសហភាពតារាសាស្ត្រអន្តរជាតិដកឈ្មោះ Pluto ចេញនោះ គឺព្រោះតែភពមិនពេញលក្ខណៈ ឬដែលគេនិយមហៅថា «ភពតឿ» (Dwarf Planet) មួយនេះ មិនអាចបំពេញតាមលក្ខខណ្ឌ ១ ក្នុងចំណោមលក្ខណៈធំៗ ចំណុចដែល IAU កំណត់ឲ្យភពមួយអាចពេញលក្ខណៈបានដូចជា៖

* ទី១៖ ភពនោះត្រូវតែមានគន្លងគោចរជុំវិញព្រះអាទិត្យ

* ទី២៖ ភពនោះត្រូវតែមានម៉ាស (mass) គ្រប់គ្រាន់ ដែលអាចធ្វើឲ្យខ្លួនវាមានរាងមូល

* ទី៣៖ ភពនោះត្រូវតែមានឥទ្ធិពលទៅលើវត្ថុអវកាសនៅជុំវិញ ដោយកម្លាំងទំនាញរបស់ខ្លួន ពេលគោចរជុំវិញព្រះអាទិត្យ ឬជាសមត្ថភាពនៃការស្រូបទាញ ឬរុញច្រានវត្ថុតូចៗនានានៅក្នុងគន្លងគោចរ។

សម្រាប់ចំណុចដែល Pluto គ្មាននោះគឺ «ទី៣»។ ហេតុដូច្នេះទើប IAU សម្រេចដកភពនេះ ចេញពីក្រុមភពផ្លូវការ ដែលបាននាំឲ្យភពផ្លូវការនៅសល់តែចំនួន ៨ភពប៉ុណ្ណោះ កាលពីឆ្នាំ២០០៦ ហើយបន្ទាប់មក Pluto ត្រូវបានផ្តល់ឋានៈត្រឹមជា Dwarf Planet វិញ។ នេះអាចត្រូវបានចាត់ទុក ជាទង្វើសមហេតុផលមួយ ព្រោះបើក្រុមតារាវិទូសម្លឹងមើល ទៅលើតំបន់ចុងប្រព័ន្ធព្រះអាទិត្យ ឬខ្សែក្រវាត់អាចម៍ផ្កាយ ខៃភើ (Kuiper Belt) មានវត្ថុអវកាសផ្សេងទៀត មានទំហំប្រហាក់ប្រហែលនឹង Pluto ត្រូវបានរកឃើញ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥)

480×240 Banner