ភពចំនួន៧រះបណ្តាក់គ្នាលើមេឃផែនដី? នឹងមិនដល់ថ្នាក់នឹងពេកទេ… (យល់ដឹង) (វីដេអូ)
(ភ្នំពេញ)៖ មានការចាប់អារម្មណ៍ជាច្រើនសប្តាហ៍មកហើយ អំពីការចុះផ្សាយថា ភពចំនួន៧ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ នឹងរះបណ្តាក់គ្នាលើផ្ទៃមេឃផែនដី ឲ្យមនុស្សលោកមើលឃើញ។ បើអានត្រឹមចំណងជើង នោះអាចឲ្យយើងរំភើបភ្លាមៗ តែបើចុចចូលអាន និងស្វែងបន្តិចទើបដឹងថា ភពទាំង៧នោះអាចបង្ហាញវត្តមានបណ្តាក់ៗគ្នាឲ្យយើងឃើញពិតមែន តែនោះគឺនៅក្នុងកម្មវិធីទូរស័ព្ទ (app) ប៉ុណ្ណោះ ឬក៏អាចប្រើតេឡេស្កូបឆ្លុះរកភពខ្លះ នៅលើផ្ទៃមេឃដែលមិនអាចឲ្យយើងឃើញនឹងភ្នែកទទេបាន។
ជាក់ស្តែង នៅរៀងរាល់យប់ចាប់ពីអំលុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥នេះ ប្រិយមិត្តជាច្រើនបានមើលឃើញភពចំនួន ៣ ទៅ ៤ បង្ហាញវត្តមាន ស្ទើរក្នុងពេលតែមួយរួចជាស្រេចទៅហើយ នៅពេលល្ងាចក្រោយព្រះអាទិត្យលិច និងមេឃរាងងងឹតបន្តិច (អាចថាខ្ទង់ម៉ោង ៧៖០០នាទី ដល់ ៨៖០០នាទី) ហើយទាំងនោះគឺ ភពអង្គារ (Mars), ភពព្រហស្បតិ៍ (Jupiter), ភពសៅរ៍ (Saturn) និងភពសុក្រ (Venus)។
ទាំងអស់ខាងលើនេះ គឺសម្រាប់ភពដែលយើងអាចមើលឃើញនឹងភ្នែកប៉ុណ្ណោះ តែសម្រាប់ភពដែលមើលមិនឃើញវិញ តែក៏មានវត្តមានលើផ្ទៃមេឃផែនដីដែរ (អាចឆ្លុះឃើញបើមានតេឡេស្កួប) នោះមានដូចជា ណិបទូន (Uranus), អ៊ុយរ៉ានុស (Neptune) និងភពពុធ (Mercury) ជាដើម។ យ៉ាងណាក៏ដោយ ដោយសារទាំងអស់នេះជាភពផ្លូវការនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងដែរ ដូច្នេះការរាប់បញ្ចូលក៏មិនខុសឆ្គងអ្វីខ្លាំងដែរ ប៉ុន្តែបើសិនជាផ្តោតលើការឃើញនឹងភ្នែកនោះ គឺមានតែ៤ភពប៉ុណ្ណោះ។
សម្រាប់ឱកាសល្អបំផុតក្នុងការទស្សនាភព៤តម្រៀបគ្នាលើផ្ទៃមេឃក្នុងពេលតែមួយនោះមានចំនួន២គឺ៖
ឱកាសទី១៖ ថ្ងៃ២១ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧៖០០នាទីល្ងាច
ភពសុក្រ (រាងភ្លឺខ្លាំង) និងភពសៅរ៍ (បើមិនប្រឹងរកអាចមើលមិនឃើញ) នឹងបង្ហាញវត្តមានកៀកគ្នាតែម្តង នៅពីលើជើងមេឃទិសខាងលិចឆៀងទៅត្បូងបន្តិច ខណៈភពព្រហស្បតិ៍ គឺស្ថិតនៅស្ទើរតែចំពីយើងក្បាលរបស់យើងទៅហើយ ស្របពេលដែលភពអង្គារនឹងចាប់ផ្តើមឲ្យមើលឃើញផងដែរនៅទិសខាងកើតឆៀងទៅខាងជើងបន្តិច នៅកំលុងម៉ោងជាង ៧យប់។
ដោយឡែកភពអ៊ុយរ៉ានុសវិញ បើទោះបីជាភ្នែកយើងមិនអាចមើលឃើញ តែយើងអាចស្វែងរកវត្តមានរបស់វាតាម app បាន ហើយយើងនឹងឃើញភពនោះ ស្ថិតនៅក្បែរៗទីតាំងរបស់ភពព្រហស្បតិ៍ដែរ បើមើលទៅលើផ្ទៃមេឃផែនដី។ ងាកទៅកាន់ភពណិបទូនវិញ នឹងស្ថិតនៅពីលើភពសុក្របន្តិច។ (បើមានតេឡេស្កូបធំល្មមយើងអាចឆ្លុះឃើញបាន)
ឱកាសទី២៖ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៦៖៣០នាទីល្ងាច – ៨៖០០នាទីយប់
មិនមែនអ្វីប្រែប្រួលច្រើនឡើយចំពោះទីទាំងភពទាំង ៦ ដូចក្នុងចំណុចទី១ គ្រាន់តែថ្ងៃទី២៥ ខែមករានោះ ភពពុធ (Mercury) នឹងមកចូលរួមជាមួយគេឯងដែរ ប៉ុន្តែដោយសារតែវត្តមានស្ថិតនៅកៀកនឹងព្រះអាទិត្យពេក ដូច្នេះពន្លឺរបស់ភពពុធនឹងមិនអាចឲ្យភ្នែកមើលឃើញច្បាស់ឡើយ ហើយវានឹងលិចតាមព្រះអាទិត្យភ្លាមៗ (បើមានតេឡេស្កូបអាចឆ្លុះមើលទាន់)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Earth Sky / Time and Date