ព្រះចន្ទ Io នៃភពព្រហស្បតិ៍ ហូរកម្អែលភ្លើងលើផ្ទៃធំធេងបំផុត (ធំជាងបឹង Superior លើផែនដីទៅទៀត) (រូបភាព+វីដេអូ)
(បរទេស)៖ ប្រសិនបើនិយាយពីភ្នំភ្លើង ឬការហូរហៀរកម្អែលភ្លើងនោះ លោកអ្នកប្រាកដជានឹកគិតដល់ភពផែនដី ភពសុក្រ និងព្រះចន្ទមួយរបស់ភពព្រហស្បតិ៍ ជាក់ជាមិនខាន។ មិនខុសទេ, ព្រះចន្ទ អាយអូ (Io) ទើបតែបញ្ចេញនូវឥទ្ធិពលដែលវាអាចធ្វើបានស្ទើរមិនគួរឲ្យជឿ បើទោះបីជាខ្លួនត្រឹមជាព្រះចន្ទមួយក៏ដោយ។ ត្រង់ចំណុចនេះ យើងចង់និយាយអំពីបន្ទុះភ្នំភ្លើង ឬក៏ការផ្ទុះហូរហៀរកម្អែលភ្លើង ដ៏ធំធេងបំផុតប្រចាំប្រព័ន្ធព្រះអាទិត្យ…។
ទិដ្ឋភាពដូចក្នុងរូបភាព១សន្លឹកថ្មីខាងក្រោមនេះ គឺជាការបង្ហាញអំពីបន្ទុះភ្នំភ្លើង ឬការហូរហៀរចេញនូវកម្អែលភ្លើង នៅលើផ្ទៃអឌ្ឍគោលខាងត្បូង (កៀកប៉ូលខាងត្បូង) របស់ព្រះចន្ទ Io ដែលត្រូវបានយានអវកាស Juno របស់ NASA ផ្តិតបានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ពិតណាស់ វាមិនមែនជារឿងថ្មីទេចំពោះការផ្ទុះ និងហូរកម្អែលភ្លើងលើផ្ទៃ Io នោះ គ្រាន់តែលើកនេះ គឺមានលក្ខណៈធំធេងខ្លាំង និងគួរឲ្យព្រឺព្រួច (ប្រសិនបើវាកើតលើផែនដី…)។

តើវាធំដល់កម្រិតណាទៅ? បើតាមការពិនិត្យមើលរូបភាពនៃពន្លឺក្រហមអាំងហ្វ្រា (Infrared) ផ្តិតដោយកាមេរ៉ា Infrared Auroral Mapper (JIRAM) របស់ Juno យើងឃើញបណ្តុំនៃកម្អែលភ្លើង (មិនទាន់មានឈ្មោះ) ដែលស្ថិតនៅក្បែរប៉ូលខាងត្បូងនោះ លាតសន្ធឹងលើផ្ទៃធំធេងណាស់ បើធៀបនឹងទំហំផ្ទៃរបស់ Io។ ក្រុមអ្នកវិទ្យាសាស្ត្រ NASA បានគណនាថា វាអាចមានទំហំប្រមាណ ១០០,០០០គីឡូម៉ែត្រក្រលា, ធំជាងបឹង Superior នៅចន្លោះរវាងសហរដ្ឋអាមេរិក និងប្រទេសកាណាដានោះទៅទៀត។

គួរបញ្ជាក់ថា ព្រះចន្ទ Io មានអង្កត់ផ្ចិត ៣,៦៤៣km ដែលធំជាងទំហំព្រះចន្ទផែនដីយើងតែបន្តិចប៉ុណ្ណោះ។ ព្រះចន្ទនេះគោចរកៀកនឹងភពព្រហស្បតិ៍ជាងព្រះចន្ទធំៗ ៣ទៀត (គម្លាតជាមធ្យម ៤២១,៧០០km) ដោយវាគោចរមួយជុំ Jupiter នោះប្រើប្រាស់ពេលតែ ៤២.៥ម៉ោងប៉ុណ្ណោះ។ នៅលើផ្ទៃរបស់ Io មានភ្នំភ្លើង និងបឹងនៃកម្អែលភ្លើងសរុបជាង ៤០០ទីតាំងឯណោះ ខណៈតំបន់មានកម្អែលភ្លើងហូរ ធំធេងបំផុតកាលពីមុនមានឈ្មោះថា Loki Patera ជាមួយនឹងផ្ទៃ ២០,០០០គីឡូម៉ែត្រក្រលា៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/JPL (ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥)
