តើនៅកម្ពុជាយើងអាចមើលឃើញផ្កាយ Polaris ដែរឬទេ? (អត្ថបទសំណូមពរ) (វីដេអូ)
(បរទេស)៖ ធំជាងព្រះអាទិត្យយើង ៤៦ដង និងមានចម្ងាយ ៤៣៣ឆ្នាំពន្លឺពីផែនដី, ផូឡារីស (Polaris) ឬតារាខាងជើង (North Star) គឺជាតារាយក្សពណ៌លឿង (yellow supergiant) ដែលមានពន្លឺភ្លឺគួរសមមួយដួងនៅលើផ្ទៃមេឃផែនដីពេលរាត្រី (អាចឲ្យឃើញដោយភ្នែកទទេ) តែវាអាចឲ្យតែប្រជាជនរស់នៅបណ្តាប្រទេសនៅអឌ្ឍគោលខាងជើងប៉ុណ្ណោះមើលឃើញ រួមទាំងប្រទេសកម្ពុជារបស់យើងផងដែរ (បណ្តាប្រទេសដែលមើលឃើញពន្លឺ Polaris ច្បាស់បំផុតនោះ គឺស្ថិតនៅជុំវិញតំបន់ប៉ូលខាងជើង)។
ពិតណាស់, វាមិនសូវជាភ្លឺខ្លាំងបែបលេចធ្លោដូចជាផ្កាយ Sirius ឬ Betelgeuse អ្វីនោះឡើយ សម្រាប់ប្រទេសនៅអឌ្ឍគោលខាងជើងដែរ តែស្ថិតនៅក្បែរខ្សែអេក្វាទ័រដូចជាកម្ពុជាយើង ដូច្នេះការប្រើ app ដើម្បីស្វែងរកវា គឺជារឿងចាំបាច់បំផុត ហើយបងប្អូនអាចកាន់ទូរស័ព្ទចេញក្រៅ រួមរេរកទិសដៅរបស់ផ្កាយ Polaris នោះជាការស្រេច។ បើគិតជាកម្រិតពន្លឺវិញ Polaris ស្ថិតនៅក្នុងលំដាប់លេខរៀងទី ៤៨ ខណៈផ្កាយ Sirius ស្ថិតនៅលេខរៀងទី១ ជាផ្កាយភ្លឺបំផុតលើផ្ទៃមេឃផែនដីពេលរាត្រី។

សម្រាប់ app ដែល Free និងងាយប្រើនោះគឺ Star Walk 2 ដែលមានទាំងក្នុង Appstore របស់ iOS និង Playstore របស់ Android។ ចាប់ពីម៉ោង ៨៖០០នាទី ដល់ ១០៖០០នាទីយប់ គឺជាពេលល្អបំផុតសម្រាប់ស្វែងរកវត្តមាន Polaris ហើយនៅក្នុងខែកុម្ភៈនេះ ទីតាំងរបស់វាគឺស្ថិតនៅចំទិសខាងជើងតែម្តង (កៀកនឹងជើងមេឃទិសខាងជើង)។ ដូច្នេះបងប្អូនត្រូវប្រាកដថា មិនមានអ្វីបាំងតំបន់នោះឡើយ ប្រសិនបើចង់រកឃើញ Polaris៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥)
