ផែនដីទើបជួបប្រទះ «កំណត់ត្រាក្តៅបំផុតថ្មី» ប្រចាំខែមករា ឆ្នាំ២០២៥ (វីដេអូ)
(បរទេស)៖ គ្រាន់តែបានអានចំណងជើងភ្លាម ប្រិយមិត្តប្រាកដជាឆ្ងល់ខ្លាំងហើយ ចំពោះរបាយការណ៍ថ្មីនេះ ព្រោះគ្រប់គ្នាទើបទទួលបានព័ត៌មានថា ផែនដីទើបទទួលរងបាតុភូត ឡា នីញ៉ា (La Niña) ដែលជាការចុះត្រជាក់ខុសប្រក្រតីកាលពីចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ នេះប៉ុណ្ណោះ។ ប៉ុន្តែ, អ្វីដែលគ្រប់គួរយល់ដឹងបន្ថែមនោះ គឺលក្ខខណ្ឌអាកាសតាមតំបន់ មិនមែនដើរស្របគ្នានោះឡើយ ហើយបាតុភូត ឡា នីញ៉ា លើកនេះក៏មានកម្រិតខ្សោយ និងមកយឺតជាងការរំពឹងទុកផងដែរ។
ជាក់ស្តែង កាលពីខែមករា ឆ្នាំ២០២៥ (ពេញមួយខែតែម្តង) បានជាប់ក្នុងកំណត់ត្រាថ្មីជា «ខែមករាដ៏ក្តៅបំផុតជាសកល» ដែលភពផែនដីមិនធ្លាប់ជួបប្រទះនោះឡើយ។ លទ្ធផលនេះ គឺទទួលបានមកពីក្រុមការងារនៃសេវាកម្មតាមដានការប្រែប្រួលបរិយាកាស គូពើនីខឹស (Copernicus Climate Change Service ឬ C3S) នៃសហភាពអឺរ៉ុប ដែលបានបោះពុម្ពផ្សាយ របាយការណ៍ស្តីពីអាកាសធាតុប្រចាំខែចុងក្រោយរបស់ខ្លួន ដោយផ្តោតលើនិន្នាការអាកាសធាតុសំខាន់ៗនៅក្នុងខែមករា ឆ្នាំ២០២៥។

យោងតាម C3S ខែមករា ឆ្នាំ២០២៥ គឺជាខែមករាដែលក្តៅបំផុតក្នុងកំណត់ត្រាពិភពលោក ជាមួយនឹងសីតុណ្ហភាពក្នុងខ្យល់លើផ្ទៃផែនដីជាមធ្យម «១៣.២៣ អង្សាសេ» ដែលនេះស្មើនឹងកម្រិត «០.៧៩ អង្សាសេ» ខ្ពស់ជាងកម្រិតមធ្យមនៃសីតុណ្ហភាពក្នុងខ្យល់ប្រចាំខែមករាកាលពីបណ្តាឆ្នាំកន្លងទៅ គិតចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០។
លើសពីនេះ, ក្នុងខែមករា ឆ្នាំ ២០២៥នោះ សីតុណ្ហភាពក៏បានហក់ឡើងដល់ ១.៧៥ អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្មផងដែរ។ សម្រាប់ទ្វីបអឺរ៉ុបផ្ទាល់ ដែលត្រូវបានយកចិត្តទុកដាក់ ជាងគេដោយកម្មវិធី C3S ក៏បានមើលឃើញសីតុណ្ហភាពជាមធ្យមកើនឡើងខ្លាំងមិនធ្លាប់មានផងដែរនៅក្នុងខែមករា ឆ្នាំ២០២៥នោះគឺ ១.៨ អង្សាសេ – ២.៥១ អង្សាសេ លើសពីកម្រិតមធ្យមសម្រាប់រៀងរាល់ខែមករា នៃឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០។

យោងតាមផែនទីរបស់ C3S គេឃើញស្ទើរគ្រប់ផ្នែកនៃប្រទេសកាណាដា និងរដ្ឋ Alaska ទាំងមូលរបស់សហរដ្ឋអាមេរិក រហូតដល់តំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត, តំបន់ភាគខាងលិច និងកណ្តាលប្រទេសរុស្ស៊ី, តំបន់ភាគឦសានឥណ្ឌា, ទ្វីបអង់តាកទិក និងផ្នែកខ្លះនៃប្រទេសអូស្ត្រាលីជាដើម សុទ្ធតែមានពណ៌ពីក្រហមស្រាលទៅក្រហមដិត ដែលបង្ហាញពីខ្យល់លើផ្ទៃដីឡើងក្តៅពីកម្រិតមធ្យម ដល់កម្រិតខ្ពស់ (ទៅតាមកម្រិតភាពដិតនៃពណ៌ក្រហម) កាលពីអំលុងខែមករា ឆ្នាំ២០២៥។
ដោយឡែក, ងាកមកកាន់តំបន់អាស៊ីអាគ្នេយ៍យើងវិញ ប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម បានទទួលរងនូវខ្យល់ត្រជាក់ខុសប្រក្រតី (ដែលជាឥទ្ធិពលនៃបាតុភូតចុះត្រជាក់ ឡា នីញ៉ា) ក្នុងនោះក៏កើតឡើងទៅលើរដ្ឋភាគខាងជើង, កណ្តាល, ឦសាន, ខាងត្បូង, ខាងកើត និងប៉ែកនិរតីនៃសហរដ្ឋអាមេរិកផងដែរ បូករួមទាំងភាគខាងជើងប្រទេសម៉ិកស៊ិក ដែលតំបន់ទាំងអស់នេះបានបង្ហាញពណ៌ខៀវស្រាលដល់ខៀវដិត ជាសញ្ញាបញ្ជាក់ការត្រជាក់ខុសប្រក្រតីពីកម្រិតខ្សោយ ដល់កម្រិតខ្លាំង (ទៅតាមកម្រិតភាពដិតនៃពណ៌ខៀវ)។

សូមបញ្ជាក់ថា ពណ៌ក្រហមស្រាលទៅដិតនៅក្នុងរូបភាពនេះ មិនមែនតំណាងថា ត្រង់តំបន់ទាំងនោះកំពុងរងខ្យល់អាកាសក្តៅខុសពីធម្មតា ឬមួយក៏កំពុងតែក្តៅនោះឡើយ តែគឺតំណាងឲ្យការប្រែប្រួលកម្រិតសីតុណ្ហភាពក្នុងខ្យល់ (ការកើនឡើងកម្តៅ) ក្នុងកម្រិតខ្លាំងជាងកម្រិតមធ្យម ដូចដែលត្រូវបានគូសបញ្ជាក់ខាងលើ… ឬបើនិយាយឲ្យងាយយល់ជាងនេះ គឺសម្រាប់តំបន់ទាំងនោះនៅតែត្រជាក់ដដែល គ្រាន់តែភាពត្រជាក់នោះបានចុះថយកម្រិតខ្លាំង បើធៀបនឹងអំលុងឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០ (មិនសូវត្រជាក់ខ្លាំងដូចមុន)។ នៅពេលយកកម្រិតឡើងចុះគ្រប់តំបន់ទូទាំងផែនដី ធ្វើការបូកបញ្ចូលគ្នា និងចែកចេញជា «មធ្យមភាគ» នោះ វាបានធ្វើឲ្យខែមករា ឆ្នាំ២០២៥ ក្លាយជាខែមករាដែលក្តៅបំផុត (មិនសូវត្រជាក់) ក្នុងប្រវត្តិសាស្ត្រផែនដី គិតចាប់តាំងពីការចាប់ផ្តើមធ្វើកំណត់ត្រាមក៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ C3S/ESA (ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥)
