លទ្ធផលសិក្សាថ្មី៖ អាចម៍ផ្កាយ 2024 YR4 ក៏មានឱកាសបុកព្រះចន្ទដែរនៅឆ្នាំ២០៣២! តើគួរបារម្ភទេ? (វីដេអូ)
(បរទេស)៖ ព័ត៌មានអំពីអាចម៍ផ្កាយ 2024 YR4 ពិតជាកំពុងក្តៅគគុកលើសពីការស្មាន នៅក្រោយអង្គការ NASA និង ESA បានគណនាបន្ថែមហើយរកឃើញថា ឱកាសដែលវាអាចបុកផែនដីបានកើនពីលទ្ធផលសិក្សាមុនដែលមានត្រឹមតែ ១.២% នោះរហូតឡើងទៅដល់ទៅ ២.៣% ឯណោះ នៅអំលុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយការរកឃើញវាដំបូងដោយបណ្តាញតេឡេស្កូប ATLAS កាលពីចុងឆ្នាំ២០២៤។
លទ្ធផលសិក្សាថ្មីខាងលើនេះ ក៏បានធ្វើឲ្យឱកាសនៃការបុកភពផែនដី កើនពីអត្រា ១/៨៣ ទៅដល់ ១/៤៣ ផងដែរ។ ប៉ុន្តែ, ពេលវេលាសិក្សានៅយូរទៀត ព្រោះឱកាសដែលថា វានឹងអាចមកបុកភពផែនដីរបស់យើងនោះ គឺនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០៣២ (៧ឆ្នាំទៀត) ឯណោះ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លទ្ធផលវិភាគថ្មីបន្ថែមទៀតបានបង្ហាញថា 2024 YR4 នោះក៏ទំនងជាមានឱកាសបុកព្រះចន្ទរបស់ភពផែនដីយើងផងដែរ។

ទោះបីជា 2024 YR4 មានប្រវែងអង្កត់ផ្ចិតជាមធ្យមត្រឹមតែ ៥៥ម៉ែត្រក៏ពិតមែន តែប្រសិនបើវាហោះមកបុកភពផែនដីយើងពេញមួយទំហំក្នុងល្បឿនរាប់ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោងនោះ វាក៏អាចបំផ្លាញទីក្រុងមួយឲ្យសាបសូន្យបានដែរ តែមិនអាចផ្តាច់ពូជពង្សមនុស្សឲ្យអស់ពីលើផែនដី ដូចជាជំនាន់ដាយណូស័រនោះឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានគណនាថា 2024 YR4 មានកម្លាំងស្មើនឹងគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើ ទីក្រុង Hiroshima ប្រទេសជប៉ុនកាលពីឆ្នាំ១៩៤៥ នោះគុណនឹងជាង ៥០០ដងឯណោះ។

ងាកមកកាន់ព័ត៌មានថ្មីនេះវិញ, ហេតុអ្វីថា អាចម៍ផ្កាយ 2024 YR4 អាចមានឱកាសបុកព្រះចន្ទ របស់ផែនដីទៅវិញ? តាមរយៈតេឡេស្កូប Catalina Sky Survey របស់សាកលវិទ្យាល័យរដ្ឋ Arizona សហរដ្ឋអាមេរិក ដែលបាននិងកំពុងសិក្សាលើ 2024 YR4 បានឲ្យដឹងថា មានឱកាស ០.៣% ដែរដែលវាអាចគោចរទៅបុកព្រះចន្ទយើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០៣២។ ប្រសិនបើកើតឡើងបែបនោះមែន មនុស្សលោកនឹងមានឱកាសបានឃើញទិដ្ឋភាពនោះផ្ទាល់ភ្នែក ហើយក៏នឹងមិនមានផលអាក្រក់អ្វីជះមកកាន់ភពរបស់យើងដែរ។

អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ David Rankin មកពីសាកវិទ្យាល័យ Arizona ដែលសិក្សាលើប្រធានបទខាងលើនេះបានអះអាងថា «ប្រសិនបើ 2024 YR4 បុកព្រះចន្ទរបស់យើងមែន វានឹងមានកម្លាំងស្មើជាង ៣៤០ដង នៃគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើ ទីក្រុង Hiroshima ប្រទេសជប៉ុន (កម្លាំងនឹងតិចជាងធ្លាក់លើផែនដី ព្រោះផែនដីមានទំនាញខ្លាំង និងបរិយាកាស ខណៈព្រះចន្ទមានទំនាញខ្សោយ និងគ្មានបរិយាកាសឡើយ)។ វាអាចនឹងឲ្យមនុស្សលើផែនដីមើលឃើញផងដែរ ខណៈក្រហូងដែលវានឹងបង្កើតលើផ្ទៃព្រះចន្ទ នោះគឺអាចចាប់ពី ២km នៃអង្កត់ផ្ចិត»។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ជាពិសេសសាកលវិទ្យាល័យ Arizona បានឆ្លៀតពន្យល់បន្ថែមទៀតកុំឲ្យមនុស្សលើផែនដីមានការភ័យតក់ស្លុត ចំពោះអាចម៍ផ្កាយខាងលើនេះជ្រុលពេក ព្រោះឱកាសត្រឹម ២.៣% វាពិតជាតិចតួចខ្លាំង ឬយើងអាចនិយាយបានថា ៩៧.៧% វានឹងមិនបុកភពផែនដីយើងឡើយ។ លោក David Rankin បានគូសបញ្ជាក់ជាចុងក្រោយថា «ត្រឹម ១% ឬ ២% (នៃឱកាសអាចម៍ផ្កាយបុកផែនដី) បែបនេះ មិនគួរឲ្យមានការបង្ហាញក្តីបារម្ភយ៉ាងទ្រហឹងអឺងកងបែបនេះឡើយ… វាមិនមែនដូចជា ៤០% ទៅ ៨០% ឯណា…»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Live Science (ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥)
