អត្ថន័យស្នូលនៃ ”Pale Blue Dot” ដោយលោក Carl Sahgan (រូបថតដោយ Voyager-1 នៅថ្ងៃទី១៤ កុម្ភៈ ១៩៩០) (វីដេអូ)

456

(បរទេស)៖ អត្ថបទដ៏មានន័យអំពី «Pale Blue Dot» តាក់តែងឡើងដោយលោក ខាល សេហ្គែន (Carl Sagan) ត្រូវបានបំផុសគំនិតដោយរូបភាពមួយសន្លឹក ស្នើឲ្យថតដោយរូបលោកផ្ទាល់ ដោយប្រើប្រាស់កាមេរ៉ាលើយាន Voyager-1 កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ១៩៩០។ នៅពេលដែល Voyager-1 កំពុងចាកចេញដើម្បីសម្តៅទៅរកច្រកចាកចេញ ពីប្រព័ន្ធព្រះអាទិត្យយើងនោះ វាត្រូវបានបញ្ជាឲ្យងាកក្រោយជាលើកចុងក្រោយ ហើយថតរូបភាព១សន្លឹកនេះ ដើម្បីបញ្ជូនមកកាន់ភពផែនដីវិញ…។

(Video From YouTube: Cambo Space Edu)

យាន Voyager 1 មានចម្ងាយប្រហែល ៦.៤ពាន់លានគីឡូម៉ែត្រពីផែនដីទៅហើយ នៅពេលដែលវាបានចាប់យករូបភាព នៃពិភពលោករបស់យើង។ នៅក្នុងរូបភាពនេះ ពន្លឺពណ៌ខៀវតូច និងព្រាល ស្ថិតនៅចំហៀងខាងស្តាំបន្តិច គឺជាផែនដី ហើយពន្លឺឆ្នូតៗកាត់ពីលើចុះក្រោម ២-៣ឆ្នូត ក្នុងរូបភាពនេះ គឺជាឥទ្ធិពលនៃពន្លឺព្រះអាទិត្យ ចាំងលើកញ្ចក់លែនកាមេរ៉ារបស់ Voyager-1។ ក្នុងរូបភាពនេះ វត្តមានរបស់ផែនដី គឺស្មើតែ ០.១២ ភីចសែលប៉ុណ្ណោះ… តូចមែនទែន។

រូបតំណាងយាន Voyager-1 (Credit: NASA)

ពិតណាស់ សម្រាប់មនុស្សម្នាដែលមិនទាន់យល់ដឹងអំពីរូបនេះ ពួកគេអាចគិតត្រឹមថា ជារូបភាពថតផ្ទៃមេឃលេងៗ ដែលមានគុណភាពអន់, មិនសូវច្បាស់ និងចំណុចភ្លឺពណ៌ស្រាលដ៏តូចមួយនោះទំនងជាផ្កាយប៉ុណ្ណោះ…។ ការគិតរបស់ពួកគេក៏មិនខុសប៉ុន្មានដែរ… តែនៅពេលពួកគេដឹងថា នេះជារូបភាពថតពីទីអវកាសមកផែនដី ពួកគេនឹងឆ្ងល់ថា តើផែនដីនៅទីណាទៅ? ក្រោយពេលដឹងថា ផែនដីត្រឹមជាចំណុចខៀវតូចមួយ និងបូកថែមអត្ថន័យដ៏ជ្រាលជ្រៅដែលលោក Carl Sagan បានបញ្ជ្រៀបចូលរូបភាពនេះ នោះនឹងអាចធ្វើឲ្យពួកគេហូរទឹកភ្នែក ឬយ៉ាងហោចណាស់ជួបអារម្មណ៍ស្រងេះស្រងោច ចំពោះរូបភាពនេះបាន។

អត្ថន័យស្នូលនៃ ”Pale Blue Dot” ដោយលោក Carl Sahgan (រូបថតដោយ Voyager-1 នៅថ្ងៃទី១៤ កុម្ភៈ ១៩៩០) (វីដេអូ)
រូបភាព Pale Blue Dot (Credit: NASA)

សូមប្រាប់ខ្ញុំពីអារម្មណ៍របស់អ្នកទាំងអស់គ្នាផង ក្រោយការស្តាប់/អានសំណេរនេះរួច៖

«ចូរក្រឡេកមើលចំណុចនោះម្តងទៀតទៅ… នោះ! គឺនៅទីនោះ… នោះជាផ្ទះ… ពួកយើងនៅទីនោះ។ នៅលើនោះ គឺមនុស្សរាល់គ្នាដែលអ្នកស្រឡាញ់, អ្នករាល់គ្នាដែលអ្នកស្គាល់, មនុស្សគ្រប់គ្នាដែលអ្នកធ្លាប់ឮ មនុស្សគ្រប់រូបដែលធ្លាប់រស់នៅ ប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេ…។ នោះគឺជង្រុកនៃសេចក្តីត្រេកអរ និងទុក្ខលំបាករបស់យើង, សាសនា ជំនឿ មនោគមវិជ្ជា និងសេដ្ឋវិទូរាប់ពាន់នាក់, អ្នកប្រមាញ់ និងសត្វពាហនៈ, គ្រប់វីរបុរស និងក្រុមជនកំសាក, រាល់ស្ថាបនិក និងក្រុមអ្នកបំផ្លាញអរិយធម៌, បណ្តាស្តេច និងរាស្ត្រក្រីក្រ, គូស្នេហ៍វ័យក្មេងគ្រប់រូប, ម្តាយឪពុកគ្រប់រូប និងកូនៗប្រកបដោយក្តីសង្ឃឹម… រាល់អ្នកបង្កើត និងអ្នកស្រាវជ្រាវ, គ្រូផ្នែកសីលធម៌, គ្រប់អ្នកនយោបាយ អ្នកដឹកនាំពុករលួយ និងអ្នកនយោបាយចំរុះ… រួមទាំងប្រវត្តិនៃប្រភេទសត្វរបស់យើង ដែលបានរស់នៅទីនោះ… លើតំបន់ពោពេញដោយស្រមោលនៃល្អងធូលី ចែងចាំងដោយកាំរស្មីព្រះអាទិត្យ…»។

«ផែនដីត្រឹមជាចំណុចដ៏តូចបំផុតមួយ នៃសង្វៀនអវកាសដ៏ធំមហាសាលប៉ុណ្ណោះ។ គិតអំពីទន្លេនៃឈាមដែលត្រូវបានបង្ហូរដោយមេទ័ព និងអធិរាជទាំងអស់នោះ ដើម្បីភាពថ្កុំថ្កើងរុងរឿង និងជ័យជំនះ ពួកគេអាចក្លាយជាអ្នកកាន់អំណាច លើចំណែកតូចៗនានានៃ dot ដ៏តូចនោះប៉ុណ្ណោះ…។ គិតអំពីភាពឃោរឃៅគ្មានទីបញ្ចប់ ដែលបានត្រូវបានបង្កឡើងដោយ អ្នកឈ្លានពានដើម្បីគ្រប់គ្រងមនុស្សលើតំបន់មួយ ដែលស្ទើរតែមិនអាចសម្គាល់បាននៃជ្រុងផ្សេងទៀត នៃមួយផ្នែកដ៏តូចមួយរបស់ចំណុច dot លើរូបនេះ… ការមិនចេះយោគយល់គ្នារបស់ពួកគេ ញឹកញាប់ប៉ុណ្ណា… ពួកគេចង់សម្លាប់គ្នាទៅវិញទៅមកយូរប៉ុណ្ណា… ភាពស្អប់ខ្ពើមរបស់ពួកគេខ្លាំងកម្រិតណា…»។

លោក Carl Sagan (Credit: NASA)

«ឥរិយាបថរបស់យើង, ការប្រកាន់គំនិតថាខ្លួនឯងសំខាន់ជានិច្ច, ការភាន់ច្រឡំថា ខ្លួនកំពុងមានមុខតំណែងពិសេសមួយចំនួន នៅក្នុងសកលលោក, ទាំងអស់នេះ គឺស្ថិតក្នុងចំណុចនៃពន្លឺដ៏ស្លេកមួយនេះឯង។ ភពផែនដីរបស់យើងគឺជាចំណុចដ៏ឯកោ នៅក្នុងភាពងងឹតនៃទីសុញអាកាសដ៏ល្វឹងល្វឺយ…។ ក្នុងភាពស្រពិចស្រពិលរបស់យើង ចំពោះលំហអវកាសដ៏ធំធេងនេះ គ្មានតម្រុយណាមួយឡើយថា នឹងមានជីវិតមកពីកន្លែងផ្សេង មកជួយសង្រ្គោះយើងក្រៅតែពីខ្លួនយើងនោះទេ…»។

«ផែនដីគឺជាពិភពលោកតែមួយគត់ យើងស្គាល់រហូតមកដល់ពេលនេះថា មានផ្ទុកជីវិត។ គ្មានកន្លែងណាផ្សេងទៀតទេ ឬយ៉ាងហោចណាស់នាពេលអនាគតដ៏ខ្លីខាងមុខនេះ ដែលអំបូរមនុស្សរបស់យើង អាចធ្វើចំណាកភពនេះបាន។ ធ្វើទស្សនកិច្ច, បាន។ ទៅរស់នៅ, មិនទាន់ទេ…។ ទោះចូលចិត្ត ឬអត់, ពេលនេះផែនដីជាកន្លែងតែមួយគត់ ដែលយើងកំពុងឈរជើង…»។

«វិស័យតារាសាស្ត្រត្រូវបានចាត់ទុកថា ជាការបង្កើតឲ្យមានភាពចាស់ទុំ និងបទពិសោធន៍នៃឯករាជ្យភាពដ៏ខ្លាំងក្លា…។ នេះប្រហែលជាគ្មានដែលប្រសើរជាងនេះទៀត ដើម្បីបង្ហាញអំពីភាពឆ្កួតលីលារបស់មនុស្ស ដែលតែងប្រកាន់យកគំនិតខ្លួនឯងល្អជានិច្ច ជាជាងរូបភាពពីចម្ងាយនៃពិភពលោកដ៏តូចរបស់ពួកយើងនេះឡើយ…។ សម្រាប់រូបខ្ញុំ វាជាការគូសបញ្ជាក់អំពីការទទួលខុសត្រូវរបស់យើង ក្នុងការដោះស្រាយបញ្ហារវាងគ្នា ដោយអំពើសប្បុរស ហើយថែរក្សា និងស្រឡាញ់ចំណុចពណ៌ខៀវដ៏ព្រាល, ជាផ្ទះតែមួយគត់ដែលយើងមាន»

រូបភាព Pale Blue Dot (ចំណុចក្នុងរង្វង់ក្រហមគឺផែនដី) (Credit: NASA)

តើប្រិយមិត្តមានអារម្មណ៍បែបណាដែរ ក្រោយពីបានអាន/ស្តាប់សំណេរនេះ? កុំភ្លេចបញ្ចេញទស្សនៈរបស់អ្នក នៅក្រោមអត្ថបទ/វីដេអូរបស់ Cambo Space ផងណា៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Carl Sagan, Pale Blue Dot, 1994 (ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥)

480×240 Banner