James Webb ទើបឆ្លុះប្រហោងខ្មៅកណ្តាលកាឡាក់ស៊ី Milky Way! លទ្ធផលចេញមកគឺពិសេស… (វីដេអូ)
(បរទេស)៖ ពិតណាស់! ប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) Sagittarius A* ដែលស្ថិតនៅចំកណ្តាល Milky Way របស់យើង និងជាកម្លាំងស្នូលក្នុងការអូសទាញចលនា នៃកាឡាក់ស៊ីដែលមានអង្កត់ផ្ចិតជាង ១០០,០០០ឆ្នាំពន្លឺមួយនេះ គឺតែងតែជាគោលដៅចម្បងសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សាស្វែងយល់អំពីឥរិយាបថនៃ Supermassive Black Hole ជាទូទៅ។ ប៉ុន្តែ, លទ្ធផលសង្កេតថ្មីដោយ James Webb ពេលនេះ បានបង្ហាញពីលក្ខណៈពិសេសមួយ ដែល Supermassive Black Hole របស់យើងមានខុសប្លែកពីគេ។
មុខនឹងចូលទៅស្វែងយល់លក្ខណៈពិសេសប្លែកពីគេនោះ ចូរយើងងាកទៅកាន់អ្វីដែល James Webb បានឆ្លុះឃើញសិនអំពី Sagittarius A* នៅចំកណ្តាល Milky Way ដោយក្នុងនោះ Webb ឃើញវាជះចេញនូវ បណ្តុំធូលី និងឧស្ម័នប្រកបដោយកម្តៅ និងថាមពល (ភាសាអង់គ្លេសហៅថា flares) ឥតឈប់នោះឡើយ ហើយក៏មិនដដែលៗនោះដែរ។ ក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ទៀតថា សកម្មភាពជះ flares នោះមិនស្ថិតក្នុងពេលថេរជាក់លាក់នោះឡើយ ដោយមានកំលុងពេលខ្លះគឺញឹកញាប់ និងកំលុងពេលខ្លះទៀតរាងអូសបន្លាយយូរទើបកើតឡើង តែសកម្មភាពទាំងនេះគឺស្ថិតនៅក្នុងភាពបណ្តាក់គ្នាឥតឈប់ឈរ។

បើនិយាយឲ្យចំពេលវេលាជាក់លាក់តែម្តងនោះគឺ flares ខ្លះជះចេញពីខ្លួន Sagittarius A* ម្តងៗក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ខណៈខ្លះទៀតជះចេញក្នុងកម្រិតរាល់ថ្ងៃ ដែលយើងអាចឃើញមានពន្លឺ និងថាមពលយ៉ាងខ្លាំងក្លាចេញពី flares ទាំងនោះ តាមរយៈទិន្នន័យរបស់ James Webb។ ដោយឡែក flares ខ្លះដែលមានភាពស្រទន់ គឺតែងជះចេញក្នុងរង្វង់រាប់ខែម្តង។ ទិន្ន័យទាំងអស់នេះ គឺទទួលបានមកពីការឆ្លៀតពេល ក្នុងការប្រើ James Webb សង្កេតទៅរកចំណុចកណ្តាល Milky Way កាលពីអំលុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ជារឿយៗ។

អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Farhad Yusef-Zade មកពីសាកលវិទ្យាល័យ Northwestern នៃទីក្រុង Evanston រដ្ឋ Illinois សហរដ្ឋអាមេរិក ដែលជាអ្នកដឹកនាំ ក្រុមការងារសិក្សាខាងលើនេះបានលើកឡើងថា «ការជះ flare ចេញពីប្រហោងខ្មៅមហាយក្សនានា ត្រូវបានគេរំពឹងជារឿងទូទៅទៅហើយ ប៉ុន្តែសម្រាប់ Supermassive Black Hole នៅកណ្តាល Milky Way គឺពិសេសខុសប្លែកពីគេ…។ វាតែងតែមានភាពពុះកញ្ជ្រោលយ៉ាងសកម្ម ហើយហាក់ដូចជាមិនដែលមានស្ថិរភាពឡើយ។ យើងបានសង្កេត Sagittarius A* ជារឿយៗនាអំលុងឆ្នាំ២០២៣ និង ២០២៤ ហើយរាល់ការសង្កេតនោះ យើងតែងតែបានឃើញការប្រែប្រួល។ យើងបានឃើញអ្វីដែលខុសគ្នារៀងរាល់ដង ដែលពិតជាគួរឱ្យកត់សម្គាល់… វាមិនដែលបង្ហាញទិដ្ឋភាពដដែលទេ…»។

គួរបញ្ជាក់ថា ការរកឃើញលក្ខណៈពិសេស ដែលអាចប្លែកពី Supermassive Black Hole ដទៃៗទៀតរបស់ Sagittarius A* ខាងលើនេះ គឺត្រូវបានធ្វើឡើងតាមរយៈឧបករណ៍សង្កេត ពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) របស់ James Webb។ ពួកគេបានប្រើប្រាស់ពេល ៨ ទៅ ១០ម៉ោង ក្នុងមួយលើកៗ នៅអំលុងឆ្នាំ២០២៣ និង ២០២៤ ដែលបើគិតជាសរុប គឺប្រើពេលអស់ ២ថ្ងៃនៃឆ្នាំទាំង ២ នេះ ដើម្បីសង្កេតទៅលើ Sagittarius A*។ Sagittarius A* មានចម្ងាយប្រមាណ ២៦,៦៧០ឆ្នាំពន្លឺពីផែនដី ខណៈម៉ាសវាវិញគឺធ្ងន់ជាងព្រះអាទិត្យយើងជាង ៤លានដងឯណោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE/NASA/ESA/CSA (ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥)
