ចិនជិតមានតេឡេស្កូបអវកាសនឹងគេហើយ ដែលមានសមត្ថភាព «ឆ្លុះចក្រវាល» (រហស្សនាមកែវភ្នែកមេឃា) (វីដេអូ)
(បរទេស)៖ លោកអ្នកនាងពិតជាបានដឹងខ្លះៗកន្លងមកហើយ នូវគម្រោងផលិតតេឡេស្កូបអវកាស នៃប្រទេសចិនដំបូង ដែលនឹងដើរតួនាទីក្នុងការស្រាវជ្រាវនៅទីអវកាស។ តេឡេស្កូបអវកាសអនាគតនេះ នឹងមានឈ្មោះថា China Space Station Telescope (CSST) ឬ តេឡេស្កូបនៃស្ថានីយអវកាសចិន។
ទោះបីជាកែវភ្នែករបស់វា មិនអាចសម្លឹងមើលឆ្ងាយដូចតេឡេស្កូបអវកាស James Webb របស់ប្រទេសលោកខាងលិច តែក្រុមវិស្វករចិនអះអាងថា CSST នេះនឹងអនុញ្ញាតឲ្យពួកគេជួសជុល និងដំឡើងគុណភាព (Upgrade) នៅទីអវកាសបានដោយពេញលេញ និងរាប់ទសវត្សរ៍ទៅមុខទៀត បន្ទាប់ពីការដាក់ឲ្យដំណើរការ។
សមត្ថភាពរបស់ CSST ក៏នឹងអាចប្រកួតប្រជែងជាមួយតេឡេស្កូបអវកាស Euclid របស់ ESA ដែលត្រូវបានបញ្ជូនទៅទីអវកាសរួចហើយកាលពីខែកក្កដា ឆ្នាំ២០២៣ និងតេឡេស្កូបអវកាសអនាគតមួយទៀតរបស់ NASA នោះគឺ Nancy Grace Roman ដែលនឹងត្រូវបញ្ជូនទៅទីអវកាសនៅអំលុងពាក់កណ្តាលឆ្នាំ២០២៧។ ចិនក៏នឹងក្លាយជាប្រទេសដំបូងគេនៅអាស៊ីផងដែរ ដែលមានតេឡេស្កូបអវកាសប្រភេទនេះ និងទី២លើសកលលោកបន្ទាប់ពីលោកខាងលិច។

ក្រុមអ្នកស្នេហាវិស័យតារាសាស្ត្រ ពិតជាបានស្គាល់តេឡេស្កូបអវកាស Hubble, James Webb, Euclid និងតេឡេស្កូបអវកាសអនាគតមួយចំនួនទៀតនោះរួចហើយ នោះគឺពួកវាមានតួនាទីស្នូលក្នុងការសិក្សាអំពីដំណើរវិវត្តន៍នៃផ្កាយ កាឡាក់ស៊ី និងចក្រវាល ដែលនៅតែមានអាថ៌កំបាំងជាច្រើនឲ្យយើងសិក្សាឈ្វេងយល់។
សម្រាប់តេឡេស្កូបអវកាសអនាគតរបស់ចិន CSST ឬចិនឲ្យរហស្សនាមថា ស៊ុនធាន (Xuntian) ដែលមានន័យថា «កែវភ្នែកមេឃា» នោះ ក៏នឹងមិនសូវខុសពីបណ្តាតេឡេស្កូបខាងលើនេះដែរ ហើយចិននឹងប្រើប្រាស់វា ដើម្បីសិក្សាអំពីភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanets) និងស្វែងរកភាពដែលអាចឲ្យជីវិតកកើត (Habitable Exoplanets) ឬអាចកំពុងមានជីវិតរស់នៅ នៅប្រព័ន្ធផ្កាយដទៃជាដើម។

- លក្ខណៈសម្បត្តិត្រួសៗរបស់ CSST
តេឡេស្កូបអវកាស CSST នឹងមានបំពាក់នូវកញ្ចក់ស្រូបពន្លឺ (primary mirror) ដែលមានអង្កត់ផ្ចិតដល់ទៅ ២ម៉ែត្រ។ ទោះបីជាទំហំកញ្ចក់នេះរាងតូចជាង Hubble បន្តិច តែដោយសារសមត្ថភាពកែវអុបទិចរបស់ CSST គឺជាជំនាន់ថ្មីចុងក្រោយ នោះវានឹងធ្វើឲ្យវិសាលភាពនៃការសង្កេតផ្ទៃមេឃរបស់តេឡេស្កូបចិននេះ ខ្លាំងជាង Hubble រហូតដល់ទៅ ៣០០ដង។
CSST ក៏នឹងសង្កេតទីអវកាសរកវិសាលគមពណ៌នៃពន្លឺក្នុងទម្រង់ជា ពន្លឺស្វាយអ៊ុលត្រាជិត (near-ultraviolet) រហូតដល់ពន្លឺក្រហមអាំងហ្វ្រាជិត (near-infrared)។ សរុបមក គោលដៅសំខាន់ទី១របស់ CSST ឬ Xuntian គឺការសិក្សាអំពីពន្លឺកាឡាក់ស៊ីឆ្ងាយៗដែលមានពន្លឺខ្សោយៗ ដោយសារតែត្រូវបានបិទបាំងដោយវត្ថុអវកាសនៅខាងមុខៗវាទៀត ទម្រាំពន្លឺពួកវាចល័តមកដល់ផែនដី ឬដែលយើងបាតុភូតនេះជាពាក្យបច្ចេកទេសថា weak gravitational lensing នោះ។
បន្ថែមពីនេះ វានឹងសិក្សាអំពីរូបធាតុងងឹត (Dark Matter), ទម្រង់នៃកាឡាក់ស៊ី និងការឈានទៅបង្កើត «ផែនដីនៃចក្រវាល» មួយ។ CSST នឹងសិក្សាបន្ថែមទៀត ទៅលើប្រហោងនៃចក្រវាល (voids) និងកញ្ចុំនៃកាឡាក់ស៊ី (clusters) ដែលជាទិដ្ឋភាពស្ថិតក្នុងមន្ទិលនៅឡើយ ពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រ។
ឧបករណ៍ថ្មីលើលោកបំពាក់លើ CSST នឹងអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រចិន ពុះជ្រែកទៅរកកាឡាក់ស៊ីនានា និងតំបន់នៃចក្រវាលដែលតារាវិទូអន្តរជាតិមិនធ្លាប់បានទៅដល់ ព្រមទាំងធ្វើការសិក្សាឈ្វេងយល់ឡើងវិញនូវវិធីសាស្ត្រគណនាចម្ងាយនៃកាឡាក់ស៊ីដទៃៗ តាមរយៈការស្វែងរកបន្ទុះស៊ូពើណូវ៉ា (supernova) ដែលកើតមាននៅក្នុងកាឡាក់ស៊ីទាំងនោះជាចំណុចដៅ។

- កាលបរិច្ឆេទបញ្ជូន CSST ទៅកាន់ទីអវកាស
ការបញ្ជូនតេឡេស្កូបអវកាសនេះឡើងទៅកាន់ទីអវកាស នឹងកើតឡើងនៅអំលុងឆ្នាំ២០២៦ ហើយ CSST នឹងត្រូវគោចរក្នុងគន្លងជាមួយនឹងស្ថានីយអវកាសចិន Tiangong ដែរ។ Tiangong គោចរនៅក្នុងរយៈកម្ពស់ចាប់ពី ៣៤០km ទៅ ៤៥០km ពីផ្ទៃផែនដី ដោយប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែង នៃបរិស្ថានទីអវកាស និងលក្ខខណ្ឌបច្ចេកទេស។ ការគោចរនៅជាមួយគន្លង Tiangong គឺនឹងអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការគ្រប់គ្រង ដំឡើងគុណភាព និងជួសជុលចំពោះ តេឡេស្កូបអវកាស CSST នោះ។

- តម្លៃនៃការអភិវឌ្ឍន៍ និងផលិត CSST
ជាធម្មតា រដ្ឋបាលអវកាសជាតិចិន មិនដែលប្រកាសអំពីថ្លៃចំណាយរបស់ខ្លួន ទៅលើបេសកកម្មអវកាសនានានោះឡើយ ហើយក្នុងករណីអភិវឌ្ឍ CSST ក៏ដូចគ្នាដែរ។ តែយ៉ាងណា, បើយោងតាមក្រុមអ្នកជំនាញនៅសហរដ្ឋអាមេរិក ដោយធ្វើការប្រៀបធៀបគុណសម្បត្តិរបស់ CSST ទៅនឹង James Webb នោះ ពួកអាចគណនាបានថា ការអភិវឌ្ឍន៍ និងផលិតតេឡេស្កូបអវកាសចិននេះ អាចនឹងចំណាយខ្ទង់រាប់ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Live Science (ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥)
