ទិន្នន័យប្រមូលបានជាង ២០ឆ្នាំ ដោយផ្កាយរណបចេញហើយ! ទឹកកកលើផែនដីបានរលាយយ៉ាងសម្បើម… (វីដេអូ)

446

(បរទេស)៖ ការសិក្សាអំពីការរលាយទឹកកកលើផែនដី តែងតែផ្សារភ្ជាប់ជានិច្ចទៅនឹងបញ្ហានៃការប្រែប្រួលបរិយាកាសភពផែនដី ឬបើនិយាយឲ្យចំគឺការកើនឡើងកម្តៅនៃភពផែនដីតែម្តង។ ជាការពិត បើតាមការត្រួតពិនិត្យលើលទ្ធផលសិក្សាស្រាវជ្រាវពីមួយឆ្នាំទៅមួយឆ្នាំ ឆ្នាំខ្លះបានបង្ហាញចេញនូវបម្រែបម្រួលតិចតួច និងឆ្នាំខ្លះច្រើន ប៉ុន្តែនៅពេលនេះ ទិន្នន័យស្រាវជ្រាវតាមផ្កាយរណប អំពីការរលាយទឹកកកជាមធ្យមក្នុងមួយឆ្នាំៗលើផែនដីបានចេញមកហើយ ហើយលោកអ្នកប្រាកដជាតក់ស្លុត។

(Video From YouTube: Cambo Space Edu)

ទិន្ន័យដែលត្រូវបានបូកសរុបកាលពីអំលុងខែកុម្ភៈ ឆ្នាំ២០២៥ គឺទទួលបានមកពីការសង្កេត តាមផ្កាយរណបដែលគោចរជុំវិញផែនដីចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៣ ហើយនាអំលុងពេលនេះនីវ៉ូទឹកសមុទ្រទូទាំងភពផែនដីបានកើនឡើងបន្ថែម ២សង់ទីម៉ែត្រទៀត។ ២សង់ទីម៉ែត្របន្ថែម ទៅលើនីវ៉ូទឹកសមុទ្រនេះ គឺត្រូវបានបង្កឡើងដោយការរលាយទឹកកកជាមធ្យម «២៧៣ពាន់លានតោនក្នុង១ឆ្នាំ» សម្រាប់រយៈពេល ២៣ឆ្នាំ

(Image credit: Modified Copernicus Sentinel data (2017), processed by ESA)

នេះជាទិន្នន័យពិត របស់បណ្តាញផ្កាយរណប Copernicus Sentinel របស់សហភាពអឺរ៉ុប បូករួមទាំងផ្កាយរណបរបស់សហរដ្ឋអាមេរិក និងប្រទេសអាល្លឺម៉ង់ផងដែរ។ ការបញ្ចេញទិន្នន័យនេះ គឺស្របពេលដែលសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលដឹកនាំថ្មី បាននិងកំពុងព្យាយាមច្រានចោលនូវក្តីកង្វល់ថ្នាក់សកល អំពីការប្រែប្រួលអាកាសធាតុ ព្រមទាំងចង់ដកខ្លួនពីកិច្ចព្រមព្រៀងអាកាសធាតុសកលទីក្រុងប៉ារីស ដែលមហាអំណាចមួយនេះបានចូលរួមបង្កើត កាលពីឆ្នាំ២០១៥ នោះផងដែរ។

សម្រាប់ការសិក្សា និងបញ្ចេញលទ្ធផលខាងលើនេះ គឺត្រូវបានធ្វើឡើងដោយ ក្រុមអ្នកវិទ្យាសាស្ត្រសរុប ៣៥ក្រុម មកពីសាកលវិទ្យាល័យ Zurich នៃប្រទេសស្វីស និង Edinburgh នៃប្រទេសស្កុតលែន តាមរយៈបណ្តាញផ្កាយរណប ដែលមានវិសាលភាពសិក្សា ទូទាំងភពផែនដីតែម្តង។ ក្នុងចំណោមទឹកកកជាមធ្យម ២៧៣ពាន់លានតោនក្នុង១ឆ្នាំ ដែលបានរលាយនោះគឺ ២%នៅអង់តាកទិក, ៣៩%នៅអឺរ៉ុបកណ្តាល, ២៩%នៅនូវែលសេឡង់ និង ២៣%នៅភាគខាងលិចកាណាដា និងសហរដ្ឋអាមេរិក។

ទិន្នន័យប្រមូលបានជាង ២០ឆ្នាំ ដោយផ្កាយរណបចេញហើយ! ទឹកកកលើផែនដីបានរលាយយ៉ាងសម្បើម… (វីដេអូ)
(Image credit: ESA/Planetary Visions)

គួរបញ្ជាក់ថា ទោះបីជាក្នុងអំលុងពេល ២៣ឆ្នាំមកនេះ អត្រាជាមធ្យមនៃការរលាយទឹកកក គឺ ២៧៣ពាន់លានតោនក្នុង១ឆ្នាំក៏ពិតមែន តែប៉ុន្មានចុងក្រោយនេះអត្រានៃការរលាយគឺកាន់តែខ្ពស់ឡើងៗ ខណៈនាទសវត្សរ៍ចុងក្រោយនេះ អត្រារលាយក្នុងមួយឆ្នាំគឺកើនដល់ ៣១៤ពាន់លានតោនឯណោះ។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានបង្ហាញទិន្នន័យផងដែរ អំពីការរងគ្រោះដោយនីវ៉ូទឹកសមុទ្រកើនឡើង នោះគឺមនុស្សយ៉ាងហោចណាស់ ២លាននាក់ តែងរងគ្រោះដោយទឹកជំនន់ ក្នុងមួយឆ្នាំៗ។ ដូច្នេះការទប់ទល់កម្តៅបរិយាកាសមិនឲ្យកើនឡើងបន្ថែមទៀត គឺជាអ្វីដែលមនុស្សលោកត្រូវធ្វើចាំបាច់បំផុត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០២៥)

480×240 Banner