តើអាចទេដែលភពធំជាងផែនដី «៦ដង» នេះកំពុងលាក់ជីវិត? (លទ្ធផលសង្កេត២០ឆ្នាំ) (វីដេអូ)
(បរទេស)៖ ក្រុមអ្នកស្នេហាវិស័យតាមដានរកភព ដែលអាចឲ្យជីវិតកកើតនៅប្រព័ន្ធផ្កាយដទៃ (Habitable Exoplanet) បាននិងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះលទ្ធផលសង្កេតរកភពពិសេសជាងគេក្នុងប្រព័ន្ធផ្កាយមួយអស់រយៈពេល ២០ឆ្នាំ ដែលទើបត្រូវបានបញ្ចេញ ហើយភពនោះមានឈ្មោះថា HD 20794 d ដែលត្រូវគេសង្ស័យថាកំពុងលាក់ជីវិត។ តើគេយោងលើអ្វីខ្លះ ទើបដាក់ការសង្ស័យបែបនេះ? សូមតាមដានអត្ថបទនេះឲ្យចប់។
ការសង្កេតភព HD 20794 d ត្រូវបានធ្វើឡើងដោយឧបករណ៍ HARPS (High Accuracy Radial Velocity Planet Searcher) ដែលជាឧបករណ៍ប្រកបដោយបច្ចេកវិទ្យាចុងក្រោយ បំពាក់ជាប់នឹងតេឡេស្កូប La Silla របស់អង្គការសង្កេតផ្ទៃមេឃភាគខាងត្បូងរបស់អឺរ៉ុប (ESO) មានមូលដ្ឋាននៅប្រទេសឈីលី។ HARPS មានតួនាទីសង្កេត បុគ្គលិកលក្ខណៈរបស់ភព Exoplanet នៅពេលភពនោះ គោចរកាត់ពីមុខផ្កាយរបស់ពួកវា ហើយជះស្រមោលមកកាន់ឧបករណ៍នេះ។

លទ្ធផលសង្កេតបានបង្ហាញជាបឋមថា «ភព HD 20794 d ពិតជាមានវត្តមានមែន ហើយវាក៏ស្ថិតនៅក្នុង តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) រវាងផ្កាយរបស់វា ស្ទើរតែស្ថិតក្នុងលក្ខណៈដូចទៅនឹង ភពផែនដីជុំវិញព្រះអាទិត្យយើងទៅហើយ។ HD 20794 d អាចនឹងដើរតូនាទីសំខាន់ សម្រាប់បេសកកម្មវិទ្យាសាស្ត្រទៅថ្ងៃមុន (យើងចង់សម្តៅដល់ការសិក្សាអំពីធាតុផ្សំ នៅក្នុងបរិយាកាសរបស់វា និងសញ្ញានៃជីវៈចំរុះ ដែលអាចបង្ហាញមកកាន់យើងពីចម្ងាយផងដែរ)»។
អ្វីដែលសំខាន់បន្ថែមទៀតនោះ ផ្កាយមេរបស់ភពខាងលើដែលមានឈ្មោះ HD 20794 នោះ គឺជាប្រភេទតារាលំដាប់ G-type ដែលមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យយើងខ្លាំង។ ប្រការនេះក៏កាន់តែផ្តល់ក្តីសង្ឃឹមឲ្យក្រុមអ្នកវិទ្យាសាស្ត្រ គិតវិជ្ជមានបន្ថែមទៀត ទៅលើឱកាសដែលភព HD 20794 d នោះអាចទ្រទ្រង់ជីវិត។

សម្រាប់វត្តមានរបស់ HD 20794 d ត្រូវបានបញ្ជាក់ជាផ្លូវការកាលពីឆ្នាំ២០២២ ខណៈការអះអាងថា វាស្ថិតនៅក្នុងតំបន់ Habitable Zone គឺនៅក្នុងឆ្នាំ២០២៥នេះ។ HD 20794 d មានចម្ងាយត្រឹមតែ ២០ឆ្នាំពន្លឺពីភពផែនដីយើងប៉ុណ្ណោះ ហើយប្រសិនបើយើងគិតអំពីទីអវកាសដ៏ធំធេង និងភព Exoplanet ដែលស្ថិតនៅកៀកផែនដីបំផុតនោះគឺ Proxima B ក្នុងចម្ងាយត្រឹមតែ ៤.២ឆ្នាំពន្លឺពីផែនដីនោះ ចម្ងាយកម្រិត HD 20794 d នេះអាចចាត់ទុកថា កៀកនឹងផែនដីបាន។
ទោះជាបែបនេះក្តី យើងមិនគួរទាន់នាំគ្នារំភើបខ្លាំង ដូចទៅនឹងការសង្កេតឃើញដោយតេឡេស្កូបអវកាស James Webb កាលពីឆ្នាំ២០២៣ នូវសញ្ញាព្រាលៗនៃសមាសធាតុ ឌីមេទីលស៊ុលភីត (dimethyl sulfide ឬ DMS) ដែលអាចត្រូវបានបញ្ចេញដោយជីវៈចំរុះលើភព K2-18 b នោះឡើយ។ ប្រការនេះមានន័យថា HD 20794 d នៅត្រូវការក្រុមអ្នកវិទ្យាសាស្ត្រ ដាក់គោលដៅសង្កេតបន្តទៀត ជាពិសេសគឺសមាសធាតុផ្សំក្នុងបរិយាកាសរបស់វា ព្រមទាំងគន្លងគោចរដ៏លម្អៀងរបស់វាផងដែរ។

គួរបញ្ជាក់ថា ភព HD 20794 d គោចរជុំវិញផ្កាយ HD 20794 ដែលមានចម្ងាយ ២០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) ពីផែនដីនោះឯង។ គិតចាប់តាំងពីការរកឃើញភពដំបូង នៅឆ្នាំ២០១១ គេបានរកឃើញភពចំនួន ៣ ហើយគោចរជុំវិញ HD 20794 នោះគឺ HD 20794 b, c និង d ហើយភព HD 20794 b និង c គោចរនៅកៀកផ្កាយមេវាខ្លាំង ដែលប្រាកដណាស់ គឺមិនអាចឲ្យជីវិតណាកកើតឡើងទៅរួចឡើយ។ ឧបករណ៍ដែលនឹងត្រូវសិក្សាភពនេះ នៅថ្ងៃអនាគតនោះគឺ តេឡេស្កូប Extremely Large Telescope ឬ ELT, តេឡេស្កូបអវកាស Habitable Worlds Observatory ឬ HWO, និងតេឡេស្កូប Large Interferometer For Exoplanets ឬ LIFE៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ ESO/Scitechdaily (ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥)
