អាថ៌កំបាំងជាង៤០ឆ្នាំនៃ «នីប៊ុយឡាជិតផែនដីបំផុត» ទំនងជាមានចម្លើយហើយ… (វីដេអូ)

514

(បរទេស)៖ តាមរយៈតេឡេស្កូបអវកាស ចាន់ដ្រា (Chandra) ដែលមានជំនាញខាងសង្កេតកាំរស្មីអ៊ិច (x-ray) របស់អង្គការ NASA ក្រុមអ្នកវិទ្យាសាស្ត្រទំនងជាបានរកឃើញ «ចម្លើយ» ចំពោះអាថ៌កំបាំងដ៏ធំបំផុតទៅលើ នីប៊ុយឡា (Nebula) មួយដែលស្ថិតនៅកៀកភពផែនដីយើងបំផុត ហើយចម្ងល់នោះបានអូសបន្លាយអស់រយៈពេល ៤៥ឆ្នាំមកហើយ។

(Video From YouTube: Cambo Space Edu)

យើងកំពុងនិយាយអំពីនីប៊ុយឡាមួយឈ្មោះ ហ៊ីលីច (Helix Nebula) ដែលមានចម្ងាយត្រឹមតែ ៦៥០ឆ្នាំពន្លឺពីផែនដី និងមាននាមជា Nebula កៀកនឹងផែនដីបំផុត។ Helix មានភាពល្បីល្បាញ មិនត្រឹមតែការនៅជិតផែនដី និងងាយថតរូបបាន ទោះត្រឹមប្រើប្រាស់កាមេរ៉ា និងតេឡេស្កូបកម្រិតធម្មតាៗប៉ុណ្ណោះទេ តែក៏ទៅលើទំហំធំធេង និងពណ៌ដ៏ស្រស់ស្អាតគ្រប់ទម្រង់ទាំង Infrared, Ultraviolet, Visible និង X-ray របស់វាផងដែរ។

តេឡេស្កូបអវកាស Chandra (Credit: NASA)

ប៉ុន្តែ, តើចម្ងល់អស់ ៤៥ឆ្នាំកន្លងមកនេះ ដែលយើងបានលើកឡើងចំពោះ Helix Nebula នោះគឺជាអ្វី? ចម្លើយ៖ អាថ៌កំបាំងនោះគឺជាប្រភពដើមនៃសញ្ញាកាំរស្មីអ៊ិច (X-ray signal) ដែលតែងតែជះចេញពី Helix Nebula នោះមកកាន់ឧបករណ៍ចាប់សញ្ញាលើផែនដី ដែលត្រូវបានរកឃើញដំបូងកាលពីឆ្នាំ១៩៨០។ តែយ៉ាងណា Helix ត្រឹមជា Nebula ដ៏ស្ងប់ស្ងាត់មួយប៉ុណ្ណោះ ហេតុអ្វីអាចជះកាំរស្មីអ៊ិចចេញមិនដាច់បែបនេះ?

យោងតាមលទ្ធផលសិក្សាថ្មីនៅក្នុងឆ្នាំ២០២៥នេះ ក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា «សញ្ញាជាកាំរស្មីអ៊ិចនោះទំនងជាត្រូវបានជះចេញពីភព (Exoplanet) មួយ ដែលត្រូវបានស្នូលផ្កាយពណ៌ស (White Dwarf) បំបែកវាក្លាយជាកម្ទេចកម្ទី»។ ប្រសិនបើនេះជាការពិតមែន វានឹងក្លាយជាលើកដំបូង ដែលក្រុមតារាវិទូប្រទះឃើញ បាតុភូតប្រភេទនេះនៅជុំវិញស្នូលផ្កាយស ដែលស្ថិតនៅចំកណ្តាលរបស់ Nebula មួយបែបនោះ។

អាថ៌កំបាំងជាង៤០ឆ្នាំនៃ «នីប៊ុយឡាជិតផែនដីបំផុត» ទំនងជាមានចម្លើយហើយ… (វីដេអូ)
រូបតំណាងភពដែលកំពុងត្រូវបានស្នូលផ្កាយសពុះហែក (Credit: NASA/Chandra’s Team)

សម្រាប់ស្នូលផ្កាយដែលស្ថិតនៅចំកណ្តាល Helix Nebula នោះគឺមានឈ្មោះថា WD 2226-210។ យោងតាមការសន្និដ្ឋានបឋម នៅជុំវិញផ្កាយសនោះអាចមានភពរហូតដល់ទៅ (ដូចក្នុងរូបភាពសន្និដ្ឋាន) ដោយក្នុងនោះភពមួយកំពុងត្រូវបានកម្លាំងជំនោរ (Tidal Force) របស់ផ្កាយ WD 2226-210 ពុះបំបែកវាឲ្យទៅជាបំណែកៗ ដោយសារតែវាគោចរកៀកទៅនឹង ស្នូលផ្កាយសដ៏មានឥទ្ធិពលនោះខ្លាំងពេក។

លទ្ធផលសង្កេតដោយឧបករណ៍ ROSAT, Chandra និង XMM-Newton ពីចន្លោះឆ្នាំ១៩៩២ ដល់ឆ្នាំ២០០២ បានឲ្យក្រុមអ្នកវិទ្យាសាស្ត្រប្រទះឃើញសញ្ញានៃកាំរស្មីអ៊ិច ជះចេញពីស្នូលផ្កាយពណ៌សនៅកណ្តាលនីប៊ុយឡា Helix ដែលមានថេរវេលាយ៉ាងទៀងទាត់ នោះគឺរៀងរាល់ ២.៩ម៉ោងម្តង។ វាជាសញ្ញាបញ្ជាក់ថា កាកសំណល់បន្សល់ទុកពីភពមួយ ដែលត្រូវបានកម្លាំងជំនោរនៃស្នូលផ្កាយ WD 2226-210 ពុះបំបែកនោះ កំពុងគោចរជុំវិញស្នូលផ្កាយនោះ។

បន្ថែមពីខាងលើនេះទៀត ក្រុមអ្នកវិទ្យាសាស្ត្រក៏បានគណនាផងដែរ អំពីម៉ាសរបស់ភព ដែលបាននិងកំពុងត្រូវបានពុះហែកនោះ ដោយអាចមានម៉ាសចន្លោះរវាងភពណិបទូន (Neptune) ទៅដល់ភពព្រហស្បតិ៍ (Jupiter) ហើយករណីនេះអាចកើតឡើងទៅបាន នៅរៀងរាល់ពេលដែលភពនោះ គោចរដល់ចំណុចកៀកផ្កាយវាបំផុត ព្រមទាំងដោយសារឥទ្ធិពលនៃភព Exoplanets មួយចំនួនទៀត ដែលអាចកំពុងគោចរជុំវិញស្នូលផ្កាយនោះដែរ។

នីប៊ុយឡា Helix និងស្នូលផ្កាយសនៅចំកណ្តាល (Credit: ESO/VISTA)

គួរបញ្ជាក់តាមក្រុមអ្នកវិទ្យាសាស្ត្រថា ស្នូលផ្កាយស WD 2226-210 នៅចំកណ្តាលនីប៊ុយឡាខាងលើនេះ គឺមានអតីតកាលជាផ្កាយស្រដៀងនឹងព្រះអាទិត្យយើងនេះដែរ។ នៅពេលដែលផ្កាយមួយ ដែលស្រដៀងព្រះអាទិត្យឈានទៅដល់ទីជិតចុងបញ្ចប់នៃជីវិតមែនទែន នោះវានឹងជម្រុះចោលនូវស្រទាប់ក្រៅៗរបស់វាអស់ រហូតក្លាយទៅជាស្នូលផ្កាយពណ៌ស( White Dwarf) ខណៈបរិស្ថានជុំវិញវាដែលសុទ្ធសឹងជាពពកធូលី និងឧស្ម័នជាច្រើនប្រភេទនោះ ក៏ក្លាយជាទៅ Planetary Nebula ដូច Helix Nebula ជាឧទាហរណ៍ជាក់ស្តែង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/Chandra’s Team (ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥)

480×240 Banner