James Webb ឆ្លុះមើលបរិយាកាសភពមួយ ដែលមានស្ថានភាពចម្លែកដូចក្នុងរូបភាពនេះ
(បរទេស)៖ ការឆ្លុះមើលបរិយាកាសភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanets) ដោយតេឡេស្កូបអវកាស James Webb មិនមែនស្ថិតនៅក្នុងគោលស្វែងរកភពអាចកកើតជីវិតតែមួយមុខនោះទេ តែក៏ទៅលើការឈ្វេងយល់អំពីសមាសធាតុគីមីសំខាន់ៗ ដែលអាចកកើតលើភពទាំងនោះ នៅពេលពួកវាគោចរជុំវិញផ្កាយច្រើនប្រភេទខុសៗគ្នា និងក្នុងគម្លាតផ្សេងៗពីគ្នាផងដែរ។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារគ្រប់គ្រង James Webb បានបញ្ចេញទិន្នន័យអំពីការសង្កេតភព Exoplanet មួយឈ្មោះ LTT 9779 b ដែលមានចម្ងាយខ្ទង់ ២៦២.៩ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។ យោងតាម NASA ភពនេះត្រូវបានប្រកាសរកឃើញដំបូងក្នុងឆ្នាំ២០២០ ដោយវាគោចរជុំវិញផ្កាយប្រភេទ G-type ដែលដូចនឹងព្រះអាទិត្យយើងដែរ ប៉ុន្តែភពនេះគោចរកៀកផ្កាយ LTT 9779 នោះពេក ទើបបរិយាកាសដ៏ចម្លែកមួយបានលេចឡើង។

ភព LTT 9779 b ម៉ាសប្រហាក់ប្រហែលនឹងភពណិបទូន ឬស្មើនឹងម៉ាសផែនដីយើងគុណនឹងជិត ៣០ដង ដោយវាគោចរក្នុងគម្លាតតែ ២.៥លានkm ប៉ុណ្ណោះពីផ្កាយមេវា និងប្រើពេលតែ ០.៨ថ្ងៃរបស់ផែនដីប៉ុណ្ណោះ ដើម្បីគោចរបាន១ជុំផ្កាយរបស់វា ឬអាចនិយាយថា មួយឆ្នាំលើភព LTT 9779 b ស្មើមិនដល់១ថ្ងៃលើផែនដីយើងឡើយ។ យោងតាមទិន្នន័យពី James Webb ភពមួយនេះស្ថិតក្នុងគន្លងគោចរបិទ ឬខ្ទាស់ (Locked Orbit) ដែលនេះមានន័យថា ផ្នែកមួយចំហៀងរបស់វាត្រូវបែរមុខទៅរកផ្កាយរហូត (ភ្លឺរហូត) និងផ្នែកមួយចំហៀងទៀតត្រូវងងឹតរហូត (យប់រហូត)។
ទិន្នន័យពី Webb ឲ្យដឹងទៀតថា នៅលើផ្ទៃដែលបែររកពន្លឺថ្ងៃរហូតរបស់ភព LTT 9779 b មានកម្តៅរហូតដល់ទៅជិត ២,០០០អង្សាសេឯណោះ។ ទោះជាបែបនេះក្តី វាមិនមែនមានន័យថា LTT 9779 b មានកន្លែងត្រជាក់នោះឡើយ បើទោះបីជាផ្នែកមួយចំហៀងទៀត មិនដែលត្រូវពន្លឺផ្កាយរបស់វាក៏ដោយ ហើយជាលទ្ធផលគឺកម្តៅនៅផ្នែកពេលយប់របស់ភពនេះ អាចថយចុះមកនៅត្រឹម ១,០០០អង្សាសេប៉ុណ្ណោះ ដែលនៅតែជាឋាននរកពិតៗ។

ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Montréal នៅកាណាដា ដែលសិក្សាយោងលើទិន្នន័យពី James Webb នោះបានពន្យល់ថា «បរិយាកាសដែលមិនស្គាល់ធាតុត្រជាក់សោះរបស់ LTT 9779 b បើទោះបីជាវាស្ថិតនៅក្នុងគន្លងគោចរបិទនោះ គឺកកើតឡើងដោយសារតែការគោចរកៀកនឹងផ្កាយមេរបស់វាខ្លាំងពេក ដែលជាហេតុជំរុញឲ្យវាកកើតព្យុះធំៗពាសពេញភព។ ព្យុះទាំងនោះតែងដឹកនាំពពក និងខ្យល់ក្តៅពីកន្លែងដែលត្រូវពន្លឺថ្ងៃជាប្រចាំ ទៅកាន់កន្លែងងងឹតជាប្រចាំនោះ។ ចរន្តផ្លាស់ប្តូរទៅមកនេះហើយ ទើបនៅផ្នែកពេលយប់របស់ LTT 9779 b ក៏មានកម្តៅក្តៅខ្លាំងដល់រាប់ពាន់អង្សាសេដែរ»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥)
