ជាលើកដំបូងហើយ! ថតបានភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanets) ស្តែងៗ និងច្បាស់ៗបែបនេះ (វីដេអូ)
(បរទេស)៖ តេឡេស្កូបអវកាស James Webb ទើបតែបានបង្កើតស្នាដៃដ៏អស្ចារ្យមួយទៀត នោះគឺការថតទិដ្ឋភាពប្រព័ន្ធផ្កាយដទៃ ដែលមានភពកំពុងគោចរជុំវិញស្តែងៗនឹងភ្នែក ហើយស្ថិតក្នុងលក្ខណៈច្បាស់មិនធ្លាប់មាន ព្រមទាំងអាចឃើញពណ៌ពិតប្រាកដរបស់ភពទាំងនោះថែមទៀត។ ទោះបីជាការថតប្រព័ន្ធផ្កាយដទៃស្តែងៗ មិនមែនជារឿងថ្មី ប៉ុន្តែក៏មិនមែនជារឿងងាយនោះដែរ ហើយការថតឲ្យបានច្បាស់ទៀតនោះ គឺកាន់តែលំបាកវេទនា។
ប្រិយមិត្តពិតជានៅចាំមិនទាន់ភ្លេចឡើយ ចំពោះរូបភាពពិតជាក់ស្តែងដំបូងនៃប្រព័ន្ធផ្កាយដទៃ ដោយតេឡេស្កូប VLT របស់អង្គការអឺរ៉ុប ESO នៅប្រទេសឈីលីកាលពីឆ្នាំ២០២០ តែកាលណោះគឺមានមានលក្ខណៈព្រាលៗប៉ុណ្ណោះ ចំពោះប្រព័ន្ធផ្កាយ TYC 8998-760-1 និងភព Exoplanet ទាំង២របស់វា ដែលមានចម្ងាយ ៣១០ឆ្នាំពន្លឺពីផែនដីយើងនោះ។

សម្រាប់ប្រព័ន្ធផ្កាយ និងភព Exoplanets ដែល James Webb ទើបផ្តិតបាននេះមានឈ្មោះថា HR 8799 (ជាផ្កាយលំដាប់ក្មេង ឬ A-type) ដែលមានភពរហូតដល់ទៅ ៤ ឯណោះគោចរជុំវិញវា និងមានចម្ងាយប្រមាណ ១៣០ឆ្នាំពន្លឺពីភពផែនដី។ ប្រាកដណាស់ ឈ្មោះផ្កាយ HR 8799 បែបនេះ គឺភពទាំង ៤ របស់វានោះគឺមានឈ្មោះថា HR 8799 b, c, d និង e នោះហើយ។ ពិតណាស់ James Webb មិនមែនបង្កើតមកត្រឹមតែថតរូបភពលេងៗបែបនេះទេ តែគឺដើម្បីសិក្សាអំពីបរិយាកាស នៃភពនៅប្រព័ន្ធផ្កាយដទៃទាំងនោះ។
ជុំវិញព័ត៌មាននេះ អ្នកវិទ្យាសាស្ត្រ William Balmer មកពីសាកលវិទ្យាល័យ Johns Hopkins នៃសហរដ្ឋអាមេរិកបានលើកឡើងថា «តាមរយៈការសង្កេតយើងឃើញលក្ខណៈពិសេស នោះគឺកាបូនឌីអុកស៊ីតក្នុងចំនួនដ៏ក្រាស់ក្រែល ហើយយើងក៏ឃើញមានតិចតួចផងដែរ នូវសមាសធាតុធ្ងន់ៗដូចជា កាបូន អុកស៊ីហ្សែន និងដែក នៅក្នុងបរិយាកាសរបស់ភពទាំងនោះ…។ វាជាការសន្និដ្ឋានដ៏គួរឱ្យរំភើបណាស់ ចំពោះភព Exoplanets ដែលយើងអាចមើលឃើញដោយផ្ទាល់បែបនេះ…»។

យោងតាមទិន្នន័យពី James Webb ដែលសង្កេតភពទាំងនោះក្នុងទម្រង់ជា ពន្លឺក្រហមអាំងហ្វ្រា (Infrared) ដោយកាមេរ៉ា NIRCam បានបង្ហាញថា ភពយក្សទាំង ៤ ជុំវិញផ្កាយ HR 8799 សុទ្ធតែកំពុងគ្របដណ្តប់ដោយឧស្ម័ន កាបូនឌីអុកស៊ី (carbon dioxide) ពាសពេញបរិយាកាស។ ប្រការនេះបាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រ Webb សន្និដ្ឋានថា ភព HR 8799 b, c, d និង e បានកកើតឡើងមិនសូវខុសពីភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) នៃប្រព័ន្ធព្រះអាទិត្យយើងឡើយ ក្នុងនោះលទ្ធផលសង្កេតភពចុងគេជាឧទាហរណ៍គឺ HR 8799 e ក៏បង្ហាញពីកាបូនឌីអុកស៊ីត និងកាបូនម៉ូណូអុកស៊ីតក្នុងបរិយាកាសវាផងដែរ។
គួរបញ្ជាក់ថា ផ្កាយ HR 8799 ខាងលើនេះ ទើបមានអាយុខ្ទង់ ៣០លានឆ្នាំប៉ុណ្ណោះ ហើយបើធៀបនឹងអាយុ ៤.៦ពាន់លានឆ្នាំនៃព្រះអាទិត្យយើងនោះ HR 8799 ត្រឹមជាផ្កាយក្មេងមួយដួងនៅឡើយ។ កម្រិតអាយុ ៣០លានឆ្នាំ និងភពទាំង ៤ ដែលសុទ្ធសឹងជាភពយក្ស និងសំបូរដោយកាបូនឌីអុកស៊ីតនោះ ប្រាកដណាស់ពួកវាមិនមែនជាបរិស្ថាន ដែលអនុញ្ញាតឲ្យជីវិតកកើតឡើងទៅរួចឡើយ ព្រោះអាយុភពទាំងនោះក៏នៅក្មេងៗផងដែរ បើធៀបនឹងភពនានាក្នុងប្រព័ន្ធផ្កាយយើង។

ដោយឡែកក៏មានប្រព័ន្ធផ្កាយមួយទៀតផងដែរដែល James Webb បានធ្វើការសង្កេត និងផ្តិតរូបភាពបានស្តែងៗនោះគឺ 51 Eridani ជាផ្កាយលំដាប់ F-type មានពណ៌លឿងខ្ចី (Yellow-white star) មានចម្ងាយខ្ទង់ ៩៧ឆ្នាំពន្លឺពីផែនដី។ យើងក៏អាចឃើញវត្តមានភព Exoplanet មួយផងដែរជុំវិញផ្កាយ 51 Eridani នោះគឺ 51 Eridani b។ ភពមួយនេះជាប្រភេទ ភពឧស្ម័នយក្ស និងមានម៉ាសស្មើនឹង ២ដងនៃភពព្រហស្បតិ៍ ហើយគោចរចម្ងាយ ១៣.២ AU ពីផ្កាយមេរបស់វា (១AU = ១៥០លានkm)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥)
