លទ្ធផលសិក្សាថ្មី! James Webb នាំឲ្យយើងសង្ស័យថា «ចក្រវាលកំពុងស្ថិតក្នុងអ្វីមួយ…» (មានវីដេអូ)

2,965

(បរទេស)៖ លោកអ្នកប្រាកដជាគិតថា ចម្ងល់អំពីការកកើតនៃចក្រវាល (Universe) និងកាឡាក់ស៊ីៗនានាជាដើម គឺសុទ្ធសឹងជាចំណោទដ៏ធំ ដែលយើងមិនទាន់អាចប្រាកដថា អាចឆ្លើយត្រូវ ១០០% នោះឡើយ ឬសរុបទៅវាកំពុងស្ថិតក្នុងការសិក្សារកចម្លើយជាក់លាក់នៅឡើយ។ ចុះបើពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រតាមរយៈទិន្នន័យពីតេឡេស្កូបអវកាស James Webb ប្រាប់អ្នកទាំងអស់គ្នាថា ពួកគេទើបបានប្រទះចលនាគួរឲ្យសង្ស័យមួយទៀតដែលអាច «ធំធេងជាងប្រភពដើមនៃចក្រវាល» នេះទៅទៀតនោះ តើលោកអ្នកគិតថា អាចជារឿងអ្វីទៅ?

(Video From YouTube: Cambo Space Edu)

ការសិក្សាថ្មីមួយដែលប្រើប្រាស់ទិន្នន័យពីតេឡេស្កូបអវកាស James Webb បានបង្ហាញថា ភាគច្រើននៃកាឡាក់ស៊ីដែលត្រូវបានសង្កេតឃើញ នៅក្នុងចក្រវាលដ៏ជ្រៅ ឬឆ្ងាយ (deep universe) នោះ គឺកំពុងវិល (rotate) ក្នុងទិសដៅដូចគ្នា។ បើនិយាយឲ្យលម្អិតជាងនេះ គឺប្រហែល ២/៣ នៃកាឡាក់ស៊ីដែលត្រូវបាន James Webb សង្កេតទាំងនេះកំពុងវិលស្របតាមទ្រនិចនាឡិកា ខណៈដែល ១/៣ ទៀតវិញបញ្ច្រាសទ្រនិចនាឡិកា។

តេឡេស្កូបអវកាស James Webb (រូបភាពពីបរទេស)

ការរកឃើញថ្មីនេះ កំពុងប៉ះទង្គិចទៅនឹងទ្រិស្តីអំពីចក្រវាលបច្ចុប្បន្នដែលបានចែងថា ចំនួននៃកាឡាក់ស៊ីទាំងដែលវិលស្រប និងបញ្ច្រាសទ្រនិចនាឡិកានោះ គួរតែមានចំនួនប្រហាក់ប្រហែលគ្នា។ ជុំវិញបាតុភូតដែល James Webb ទើបបានសង្កេតឃើញថ្មីចំពោះចក្រវាលនេះ យើងអាចធ្វើការពន្យល់ដោយចែកចេញជា ២ចំណុចធំៗគឺ៖

១៖ ការវិលនៃចក្រវាលទៅតាមធម្មជាតិ (Intrinsic Universal Rotation)

ចំណុចនេះគឺចង់មានន័យថា ចក្រវាលនេះបានកកើតឡើងដោយមាន សមាសភាគបង្កើតកម្លាំងរង្វិលដោយខ្លួនឯង។ វាស្របទៅនឹងទ្រិស្តីនានាអំពីប្រហោងខ្មៅ នោះគឺ Black Hole cosmology ឬអាចហៅថា Schwarzschild cosmology ដែលលើកឡើងថា ចក្រវាលដូចដែលយើងមើលឃើញនេះ គឺកំពុងស្ថិតនៅក្នុងប្រហោងខ្មៅមួយ ហើយប្រហោងខ្មៅនោះកំពុងស្ថិតនៅក្នុងចក្រវាលមួយទៀត ដែលជាមេធំរបស់ចក្រវាលយើងសព្វថ្ងៃ ហើយមាត់ច្រកនៃពេលវេលាដែលយើងស្គាល់ថា Event Horizon របស់ Black Hole ដែលកំពុងផ្ទុកចក្រវាលយើងនោះ ដើរតួនាទីជាព្រំដែននៃចក្រវាលរបស់យើង…។

ទិន្នន័យពី James Webb ដែលបង្ហាញពីកាឡាក់ស៊ីរង្វង់ក្រហម និងស្វាយដែលបញ្ជាក់ពីការវិលស្រប និងបញ្ច្រាសទ្រនិចនាឡិកា (Credit: James Webb’s Team)

ប្រសិនបើចំណុចខាងលើនេះជាការពិត នោះទ្រិស្តីទាំងឡាយដែលយើងបានបង្កើតឡើងកន្លងមក ដើម្បីយល់ដឹងការពិតចំពោះចក្រវាលបច្ចុប្បន្ន គឺនៅមានចន្លោះប្រហោងដ៏ធំ ដែលនឹងតម្រូវឲ្យមានការគាស់កកាយឡើងវិញ។

២៖ ភាពលម្អៀងនៃការសង្កេតលើរលកប្រវែង និងហ្វ្រេកង់ (Observational Bias Due to Doppler Shift)

ត្រង់ចំណុចនេះ គឺយោងទៅលើបញ្ហាបច្ចេកទេសផង និងធម្មជាតិផង។ សម្រាប់បញ្ហាបច្ចេកទេស គឺសម្តៅទៅលើសមត្ថភាពរបស់តេឡេស្កូបគ្រប់ប្រភេទ ដែលមនុស្សបានប្រើប្រាស់ដើម្បីសង្កេតចក្រវាល ខណៈបញ្ហាធម្មជាតិវិញគឺទៅលើភាពរង្វិលនៃកាឡាក់ស៊ី Milky Way របស់យើងផ្ទាល់។

ការវិលរបស់កាឡាក់ស៊ី Milky Way បូករួមនឹងការប្រែប្រួលនៃរលកប្រវែង (wavelength) ឬ ហ្វ្រេកង់ (frequency) នៃពន្លឺរបស់កាឡាក់ស៊ីនានាមកពីចម្ងាយ (យើងហៅជាពាក្យបច្ចេកទេសថា Doppler Shift) តែងតែធ្វើឲ្យកាឡាក់ស៊ីនានា ដែលវិលក្នុងទិសដៅបញ្ច្រាសពី Milky Way នោះបញ្ចេញពន្លឺភ្លឺខ្លាំង (ជាងបណ្តាកាឡាក់ស៊ីដែលវិលស្រប)។

បាតុភូតខាងលើនេះ ទំនងជាបានជំរុញឲ្យយើងសង្កេតឃើញកាឡាក់ស៊ីក្នុងចំនួនលម្អៀងគ្នាច្រើន រវាងកាឡាក់ស៊ីដែលវិលស្របទ្រនិចនាឡិកា និងបញ្ច្រាសទ្រនិចនាឡិកា។ ប្រសិនបើចំណុចទីនេះជាបញ្ហាមែន នោះនឹងតម្រូវឲ្យយើងសិក្សាឡើងវិញ ពីវិធីសាស្ត្រក្នុងការគណនាកាឡាក់ស៊ីឆ្ងាយ នៅក្នុងចក្រវាលជ្រៅៗជាថ្មី។ យ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា James Webb បានសង្កេតឃើញដោយផ្ទាល់នូវចម្ងល់ខាងនេះឡើយ តែក្រុមអ្នកវិទ្យាសាស្ត្រទៅវិញទេដែលបានយកទិន្នន័យពី James Webb ទាំងនោះមកវែកញែករហូតកើតចេញជាចម្ងល់ដ៏ធំ ដើម្បីស្វែងរកចម្លើយទៅថ្ងៃមុខ។

លទ្ធផលសិក្សាថ្មី! James Webb នាំឲ្យយើងសង្ស័យថា «ចក្រវាលកំពុងស្ថិតក្នុងអ្វីមួយ…» (មានវីដេអូ)
រូបតំណាង (Credit: CC BY-SA 4.0)

គួរបញ្ជាក់ថា នៅមុនការសង្ស័យ ២ចំណុចខាងលើនេះត្រូវបានលើកឡើង ក្រុមអ្នកវិទ្យាសាស្ត្រតាមរយៈ James Webb ក៏ធ្លាប់បានបង្កើតចម្ងល់ធំមួយផ្សេងទៀត ចំពោះទ្រិស្តីចក្រវាលបច្ចុប្បន្ននេះដែរ នោះគឺចក្រវាលរបស់យើងទំនងជាកំពុងពង្រីកខ្លួនលឿនជាងការព្យាករណ៍ពីមុន ហើយកាឡាក់ស៊ីនានាបានកកើតឡើងយ៉ាងឆាប់រហ័ស និងក្នុងទំហំធំៗបន្ទាប់ពីព្រឹត្តិការណ៍ Big Bang លើសពីការគិតរបស់យើងទៅទៀត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥)

480×240 Banner