នេះជាទិដ្ឋភាពដែល James Webb ទើបផ្តិតបានក្តៅៗ! តែសូមកុំភាន់ច្រឡំថា ជាព្យុះថូណេដូនៅទីអវកាស… (មានវីដេអូ)
(បរទេស)៖ នៅអំលុងចុងខែមីនា ឆ្នាំ២០២៥នេះ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb ទើបតែបានបញ្ចេញរូបភាពដ៏ពិសេសមួយទៀត អំពីបាតុភូតអវកាសដ៏អស្ចារ្យ ដែលមើលមួយភ្លែតលោកអ្នកអាចច្រលំថា ជាព្យុះកួចថូណេដូ (Tornado) តែតាមការពិតទៅនោះជាបាតុភូតមួយប្រភេទនៅក្នុងទីអវកាសទៅវិញទេ ហើយរូបភាព១សន្លឹកនេះ ក៏អាចបង្កការភាន់ច្រឡំបានផងដែរ…។
បាតុភូតអវកាសដូចក្នុងរូបភាពខាងក្រោមនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា Herbig-Haro 49/50 ឬអាចហៅយ៉ាងខ្លីថា HH 49/50 ដែលត្រូវបានផ្តិតយកដោយកាមេរ៉ា NIRCam និង MIRI របស់ James Webb រួមបញ្ចូលគ្នា។ ដូច្នេះវាមានន័យថា រូបភាពមួយសន្លឹកនេះ គឺជាការរួមបញ្ចូលគ្នារវាងកាមេរ៉ាផ្តិតយកពន្លឺក្រហមអាំងហ្វ្រាជិត និងមធ្យម ហើយភ្នែកមនុស្សមិនអាចមើលឃើញបែបនេះឡើយ។

ប៉ុន្តែឈប់សិន! ហេតុអ្វីយើងអះអាងថា លោកអ្នកអាចមានការយល់ច្រលំចំពោះរូបភាពនេះ? ពិតណាស់! ប្រសិនបើឃើញមួយភ្លែត គឺយើងអាចស្មានថា នេះជាទិដ្ឋភាព Herbig-Haro 49/50 ត្រូវបានអ្វីមួយកួចវា ហើយនាំឲ្យវាចេញជារូបរាងបែបនេះ ប៉ុន្តែតាមការពិតទៅ ចំណុចដែលមានរង្វង់ក្រហមព័ទ្ធចំណុចភ្លឺពណ៌ស នៅចំពីលើផ្នែកចុងរបស់រចនាសម្ព័ន្ធ Herbig-Haro 49/50 នោះគឺជាកាឡាក់ស៊ីដទៃ ដែលស្ថិតនៅចម្ងាយរាប់លានឆ្នាំពន្លឺពីយើងប៉ុណ្ណោះ ខណៈ Herbig-Haro 49/50 វិញគឺស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way យើង។
ការផ្តិតបានទិដ្ឋភាពនេះ គឺហាក់ដូចជាភាពចៃដន្យល្អមួយនៃទីតាំង រវាងកាឡាក់ស៊ីរាងគូទខ្យងនៅខាងក្រោយ (background) នោះនិង Herbig-Haro 49/50 នៅពីមុខ (foreground) ព្រមទាំងភពផែនដីរបស់យើង ដែលនាំឲ្យពេលថតពួកវាទៅចេញជាទិដ្ឋភាពដូចជា កាឡាក់ស៊ីមួយនោះកំពុងស្រូបទាញយក Herbig-Haro 49/50 យ៉ាងដូច្នោះ តែតាមការពិតទៅកាឡាក់ស៊ីរាងគូទខ្យងនោះស្ថិតនៅចម្ងាយរាប់លានឆ្នាំពន្លឺពីផែនដី ខណៈ Herbig-Haro 49/50 វិញមានចម្ងាយតែ ៦២៥ឆ្នាំពន្លឺពីយើងប៉ុណ្ណោះ…។
បរិយាយឡើងហត់មួយសន្ទុះហើយ, ប្រិយមិត្តទាំងឡាយប្រាកដជាឆ្ងល់ថា តើ Herbig-Haro 49/50 នោះជាអ្វីទៅ? ចម្លើយគឺវាជារចនាសម្ព័ន្ធអវកាសមួយប្រភេទ ដែលកកើតឡើងដោយសារតែក្នុងនោះមាន ទារកផ្កាយកំពុងកកើតឡើង (protostar) ហើយទើបស្ថិតក្នុងអាយុរាប់សែនឆ្នាំប៉ុណ្ណោះ។ សម្រាប់ Herbig-Haro 49/50 នេះគឺជាតំបន់ដែលទារកផ្កាយមួយកំពុងចាប់កំណើតឡើង នៅក្នុងបណ្តុំពពកធូលី និងឧស្ម័នដ៏ពុះកញ្ជ្រោល ហើយរចនាសម្ព័ន្ធនៃធូលី និងឧស្ម័នដ៏ធំធេងបែបនេះ តែងកកើតឡើងនៅពេលមានប៉ះទង្គិចគ្នារវាងពពកធូលី និងឧស្ម័ននៅក្នុងល្បឿនលឿន ដែលជាធម្មតាបាតុភូតបែបតែងតែកើតឡើងពេលផ្កាយកំពុងចាប់កំណើត។

គួរបញ្ជាក់ថា នៅអំលុងការសង្កេតកាលពីឆ្នាំ២០០៦ ដោយតេឡេស្កូបអវកាស Spitzer របស់អង្គការ NASA នោះ Herbig-Haro 49/50 ត្រូវផ្តល់រហស្សនាមឲ្យថា ថូណេដូនៃទីអវកាស (Cosmic Tornado)។ វាអាចចេញរូបរាងបែបនោះព្រោះតែផែនដីយើង ស្ថិតនៅទីតាំងដែលអាចមើលឃើញវា ចេញទិដ្ឋភាពបែបនោះប៉ុណ្ណោះ តែប្រសិនបើយើងស្ថិតនៅលើភព Proxima b នោះនឹងអាចមើលឃើញខុសគ្នា…៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥)
