តើបាតុភូតដែលប្រជាជននៅអឺរ៉ុបថតបាននេះ ជាអ្វីឲ្យប្រាកដ? (ឈ្វេងយល់) (មានវីដេអូ)
(បរទេស)៖ រូបភាពថ្មីៗ និងច្បាស់ៗច្រើនរាប់មិនចង់អស់ ត្រូវបានបង្ហោះចែកចាយពាសពេញបណ្តាញសង្គមនៅអឺរ៉ុបដូចជា X (Twitter) និង Facebook ជាដើមអំពីបាតុភូតនៅលើផ្ទៃមេឃពេលព្រលប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដែលពួកគេផ្តិតបានពីតំបន់មួយទៅតំបន់មួយ ដូចជានៅអង់គ្លេស, អាល្លឺម៉ង់, ក្រូអាត រហូតដល់រ៉ូម៉ានីជាដើម។ ហើយខ្លះក៏បានសង្ស័យថា ជាបាតុភូតបង្កឡើងដោយយាន (UFO) របស់ជីវិតមកពីភពផ្សេង (Alien) ថែមទៀតផង…។
ជាក់ស្តែង, បណ្តាអ្នកជំនាញ និងអ្នកធ្លាប់បានយល់ដឹងអំពីបាតុភូតដូចខាងលើនេះ បានចេញមុខបកស្រាយជាបន្តបន្ទាប់ នៅក្រោមការបង្ហោះរូបទាំងនោះ ហើយផេកហ្វេសបុករបស់ Cambo Space ក៏បានបកស្រាយជូនប្រិយមិត្តរួចហើយដែរថា វាជាបាតុភូតកើតចេញពីការបាញ់រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX ទៅកាន់ទីអវកាស។ ប៉ុន្តែតើនោះជាការពិតទេ ព្រោះអ្នកជំនាញខ្លះត្រឹមឆ្លើយដោយការប្រើពាក្យថា «ទំនងជា (might be ឬ probably)» ប៉ុណ្ណោះ។

ងាកមកកាន់សារព័ត៌មាន SPACE វិញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានពន្យល់យ៉ាងច្បាស់លាស់ថា កត្តាដែលបានបង្កឲ្យមានដុំពពកពណ៌ខៀវស្រាល និងមានរាងគូទខ្យងខាងលើនេះឡើង នោះគឺការបាញ់បង្ហោះរ៉ុក្កែត Falcon 9 ស្តុកផ្កាយរណប NROL-69 (ជាបេសកកម្មសម្ងាត់របស់ស្ថាប័នជាតិ NRO នៃសហរដ្ឋអាមេរិក) ដោយក្រុមហ៊ុន SpaceX កាលពីវេលាម៉ោង ១៖៤៨នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៥៖៤៨នាទីល្ងាចថ្ងៃខែឆ្នាំដដែល (ម៉ោងនៅទីក្រុងឡុងដ៍, អង់គ្លេស)។
- ហេតុអ្វីក៏ត្រឹមជាការបាញ់បង្ហោះរ៉ុក្កែតសោះ អាចរំលេចចេញនូវទិដ្ឋភាពដ៏វិសេសនោះ?
សម្រាប់ចម្លើយចំពោះចម្ងល់នេះ គឺវាក៏យោងលើកត្តាអាកាសធាតុផងដែរ។ វាមិនខុសពីពពកលើផ្ទៃមេឃ ដែលប្រែប្រួលទៅតាមខ្យល់អាកាស រយៈកម្ពស់ និងពន្លឺពីព្រះអាទិត្យនោះឡើយ ឬយើងអាចហៅថា ការកកើតបាតុភូតដែលប្រៀបបីដូចពន្លឺកាឡាក់ស៊ីរាងគូទខ្យងមួយ រំលេចឡើងលើផ្ទៃមេឃផែនដីខាងលើនេះ គឺជាភាពចៃដន្យមួយ។
សារព័ត៌មាន SPACE បានពន្យល់ទៀតថា នៅពេលដែលផ្នែកខាងលើ (upper stage ឬ second stage) របស់រ៉ុក្កែត Falcon 9 បានផ្តាច់ខ្លួនចេញពីកំណាត់ទី១នៃរ៉ុក្កែតជម្រុញ (first-stage booster) ផ្នែក upper stage នៃរ៉ុក្កែតនោះ ក៏បន្តដឹកផ្កាយរណបត្បុលឡើងទៅរកទីអវកាស ខណៈ first-stage booster ក៏ទម្លាក់ខ្លួនមកចុះចតជើងទម្រលើផែនដីវិញ។

នៅពេលដែល upper stage របស់រ៉ុក្កែតនោះពន្លែងប្រអប់ស្តុកទំនិញ (ផ្កាយរណប) ទៅកាន់គន្លងគោចររួចហើយ វាក៏ទម្លាក់ខ្លួនចុះមកកាន់ផែនដីវិញដែរ។ ការបង្វិលខ្លួនដើម្បីឲ្យទំនិញរបូតចេញពីខ្លួន upper stage នោះហើយទើបធ្វើឲ្យមានការបំភាយចេញនូវឥន្ធនៈ ហើយចេញជារាងដូចគូទខ្យង ដូចក្នុងរូបភាពទាំងអស់នេះតែម្តង ហើយរចនាសម្ព័ន្ធដែលអណ្តែតលើមេឃបែបនេះ បានកើតឡើងឲ្យយើងឃើញតែ ២ ទៅ ៣នាទីប៉ុណ្ណោះ។

ប៉ុន្តែឈប់សិន, ហេតុអ្វីក៏វាភ្លឺ និងមើលទៅហាក់ដូចជាកំណកអ្វីមួយ? ចម្លើយគឺដោយសារតែការបំភាយឥន្ធនៈនោះ កើតឡើងនៅរយៈកម្ពស់ក្នុងបរិយាកាសផែនដី ដែលធ្វើឲ្យចំហាយឥន្ធនៈទាំងនោះប្រមូលផ្តុំគ្នាគ្នា និងកកតែម្តង ហើយវាចេញរាងគូទខ្យងដូចខ្យល់កួច ក៏ព្រោះតែដំណើរនៃការផ្តាច់ខ្លួនដោយការបង្វិលរបស់រ៉ុក្កែតនោះឯង។ អ្វីដែលសំខាន់បំផុតនោះ គឺវាត្រូវពន្លឺព្រះអាទិត្យចាំងចំទើបនាំឲ្យមានពន្លឺបែបនោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥)
