តើនេះជាអ្វីឲ្យប្រាកដ? យាន NASA ទើបថតវាបានលើភពព្រះអង្គារ (មានវីដេអូ)

422

(បរទេស)៖ បេសកកម្មយាន Perseverance នៃអង្គការ NASA លើផ្ទៃភពព្រះអង្គារ (Mars) ទើបតែថតបានថ្មចម្លែកមួយដុំ ដែលមានទម្រង់ដូចក្នុងរូបភាពនេះ ហើយក្រុមអ្នកវិទ្យាសាស្ត្រទើបធ្វើការសន្និដ្ឋានជាបឋម អំពីប្រភពដើមរបស់វា។ ជាការពិតណាស់ ថ្មចម្លែកៗមានច្រើនសណ្ឋាន និងត្រូវបានរកឃើញច្រើនមកហើយទាំងដោយយាន Perseverance និង Curiosity តែអាមួយថ្មីនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។

(Video From YouTube: Cambo Space Edu)

ដើម្បីឲ្យងាយស្រួលសិក្សាបន្ត ក្រុមការងារគ្រប់គ្រងបេសកកម្ម Perseverance របស់ NASA បានដាក់ឈ្មោះឲ្យថ្មថ្មីដ៏ចម្លែកនេះថា “Pauls Bay”។ បើមើលនឹងភ្នែក ក្នុងរូបនេះលោកអ្នកប្រាកដជាឃើញ គ្រាប់ថ្មមូលៗខ្មៅៗកំពុងផ្តុំគ្នាយ៉ាងពពាក់ពពូន ហើយគ្រាប់ថ្មមូលៗខ្លះថែមទាំងមានរន្ធ ប្រៀបបីដូចជាគ្រាប់អង្កាំថែមទៀតផង។ តើទាំងអស់នេះអាចជាហ្វូស៊ីលរបស់សត្វប្រភេទណាមួយ លើភពអង្គារដែរឬទេ? ចម្លើយគឺប្រាកដណាស់ មិនអាចឆ្លើយពេលនេះបានទេ…។

ថ្ម Pauls Bay ថតបានដោយ Perseverance (Image credit: NASA/JPL-Caltech/LANL/CNES/IRAP)

ថ្ម Pauls Bay ត្រូវបានកាមេរ៉ាយាន Perseverance ផ្តិតបានពេលកំពុងចល័តក្នុងរណ្តៅ Jezero កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ Perseverance បានចុះទៅដល់ Jezero ដែលជាអតីតបឹងស្តុកទឹកលើភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុន (មុខកាត់ ៤៥គីឡូម៉ែត្រ) នោះកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយស្ថិតក្នុងគោលដៅស្វែងរកដាននៃជីវិត ឬភស្តុតាងនៃអតិសុខុមប្រាណ ដែលអាចធ្លាប់កើតមាននៅទីនោះ។

ថ្ម Pauls Bay (មើលកៀក) ថតបានដោយ Perseverance (Image credit: NASA/JPL-Caltech/LANL/CNES/IRAP)

ជុំវិញស្ថានភាពថ្មចម្លែកមួយដុំនេះ ក្រុមការងារ Perseverance បានសរសេរក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួនយ៉ាងដូច្នេះថា «យើងឃើញថ្មមានលក្ខណៈពិសេសបែបនេះ នៅក្នុងទីតាំងភូមិសាស្ត្រដូចជា Jezero បែបនេះ គឺពិតជាបង្កភាពស្មុគស្មាញខ្លាំង ក្នុងការយល់ដឹងអំពីប្រភពដើមរបស់វា និងថាតើវាមានសារៈសំខាន់បែបណា ក្នុងការឆ្លុះបញ្ចាំងពីប្រវត្តិផ្នែកភូមិសាស្ត្រនៃមាត់រណ្តៅ Jezero និងលើសពីនោះទៀត…»។

សម្រាប់ថ្ម Pauls Bay ដែលមានមើលមួយភ្លែតអាចច្រលំថា ជាកូនសត្វខ្ចៅកំពុងហ៊ុមព័ទ្ធថ្មមួយដុំនោះ ត្រូវបានប្រទះឃើញនៅតំបន់ទីទួលមួយឈ្មោះ Witch Hazel ដែលបណ្តុំនៃថ្មមានវិសាលភាពជាង ១០០ម៉ែត្រ ហើយយាន Perseverance មានការចាប់អារម្មណ៍ខ្លាំងចំពោះតំបន់មាត់រណ្តៅ Jezero នេះ។ អ្វីដែលពិសេសនោះ យាន NASA មួយទៀតគឺ Curiosity ក៏បានប្រទះឃើញថ្មស្រដៀងគ្នានេះដែរ ខណៈដែលវាកំពុងស្ថិតក្នុងរណ្តៅ Gale ផ្សេងពីទីតាំងរបស់ Perseverance នោះ។

ថ្មស្រដៀង Pauls Bay ថតបានដោយ Curiosity (Image credit: NASA/JPL-Caltech)

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ បានធ្វើការបកស្រាយជាបឋមថា ថ្មចម្លែកដូចដែលយាន Perseverance និង Curiosity បានរកឃើញនេះអាចជាថ្ម (concrete) ដែលបង្កឡើងលំហូរនៃទឹក ឆ្លងកាត់ចន្លោះៗនៃថ្មនោះក្នុងរយៈពេលយូរអង្វែង ទើបវាកកើតចេញជារូបរាងបែបនោះ…។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រ NASA ក៏បានសង្ស័យថា ថ្មដូចជា Pauls Bay នេះអាចកើតចេញពីកម្អែលភ្នំភ្លើង ឬក៏ការធ្លាក់នៃអាចម៍ផ្កាយផងដែរ។

តើនេះជាអ្វីឲ្យប្រាកដ? យាន NASA ទើបថតវាបានលើភពព្រះអង្គារ (មានវីដេអូ)
ថ្ម Pauls Bay ថតបានដោយ Perseverance (Image credit: NASA/JPL-Caltech/LANL/CNES/IRAP)

គួរបញ្ជាក់ថា យើងនឹងអាចយល់ដឹងច្រើនពីនេះ អំពីអតីតកាលនៃភពអង្គារ តាមរយៈបេសកកម្ម Mars Sample Return ដែលអាចនឹងកើតឡើងដោយការបញ្ជូនយាន ទៅភពអង្គារនៅឆ្នាំ២០៣០ ដើម្បីដឹកបំពង់ស្តុកសំណាក ដែលយាន Perseverance បានច្រកទុកប្រមាណ ៤០បំពង់ នោះត្រឡប់មកផែនដីវិញនៅឆ្នាំ២០៣៥ ឬអាចយូរជាងនេះគឺនៅឆ្នាំ២០៣៩…។ ប៉ុន្តែ NASA ត្រូវការប្រាក់ ៣០០លានដុល្លារ ពីសភាដើម្បីបំពេញកិច្ចការនេះ ដែលគេមិនទាន់ច្បាស់ថារដ្ឋបាលលោក ត្រាំ គាំទ្រដែរឬក៏យ៉ាងណានោះឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE/NASA/JPL-Caltech (ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥)

480×240 Banner