NASA រកឃើញភពពិសេសខ្លាំង និងមានកម្តៅសមរម្យ (៤១អង្សាសេ)! សង្ស័យកំពុងលាក់ជីវិត… (មានវីដេអូ)
(បរទេស)៖ ទីបំផុតមកមួយទៀតហើយ… នោះគឺភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) ដែលបាននិងកំពុងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យថា ជាជម្រកដល់ពពួកជីវិតឆ្លាតវៃ (intelligent life ឬ alien) ព្រោះតែការវិភាគលើបុគ្គលិកលក្ខណៈរវាងភពនោះ និងផ្កាយមេរបស់វា បានចេញលទ្ធផលមកគួរឲ្យចាប់អារម្មណ៍ខ្លាំង…។
យើងកំពុងនិយាយអំពីភពមួយឈ្មោះ Gliese 12 b គោចរជុំវិញផ្កាយមួយដួងជាប្រភេទ M dwarf ឬ red dwarf (ផ្កាយតូចពណ៌ក្រហម) ដែលស្ថិតនៅចម្ងាយខ្ទង់ ៤០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) ហើយផ្កាយនោះមានឈ្មោះ Gliese 12 ដែលត្រូវបានស្រាវជ្រាវចេញមកពីទិន្នន័យតេឡេស្កូបអវកាស Kepler នៃអង្គការ NASA (Kepler បានបញ្ចប់បេសកកម្មកាលពីឆ្នាំ២០១៨)។
ដូចអត្ថបទមុនៗបានបញ្ជាក់រួចមកហើយ ប្រភេទផ្កាយ M dwarf ឬ red dwarf ដូចជា Gliese 12 នេះបាននិងកំពុងស្ថិតក្នុងផ្ទាំងស៊ីប ឲ្យក្រុមតារាវិទូបាញ់តម្រង់រកភពដែលអាចទ្រទ្រង់ជីវិត ព្រោះផ្កាយប្រភេទនេះមានអាយុវែងៗជាងព្រះអាទិត្យយើងឆ្ងាយ (អាយុវែងជាងព្រះអាទិត្យជិត ១០ដង) ហើយតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ជុំវិញផ្កាយប្រភេទនេះ ក៏ស្ថិតនៅកៀកៗផ្កាយដែលធ្វើឲ្យតេឡេស្កូបពីផែនដីងាយសង្កេតរកភពនៅទីនោះផងដែរ។
យោងតាមទិន្នន័យពី NASA ភព Gliese 12 b អាចមានទំហំប៉ុនភពផែនដីយើងតែម្តង ឬក៏អាចតូចជាងបន្តិចបន្តួចប៉ុណ្ណោះ (អាចប៉ុនភពសុក្រ) ហើយអ្វីដែលពិសេសនោះ គឺវាស្ថិតនៅក្នុងតំបន់ Habitable Zone ជុំវិញផ្កាយ Gliese 12 តែម្តង។ ជុំវិញការសិក្សានេះ ជំនួយការសាស្ត្រាចារ្យមួយរូបឈ្មោះ Masayuki Kuzuhara មកពីវិទ្យាស្ថានតារាសាស្ត្រទីក្រុងតូក្យូបានលើកឡើងថា «ទីបំផុតយើងបានរកឃើញភព Exoplanet មានទំហំប៉ុនភពផែនដី ដែលស្ថិតនៅកៀកយើងបំផុតហើយ…»។

សម្រាប់ផ្កាយ Gliese 12 នោះវិញ គឺមានទំហំប្រមាណតែ ២៧% នៃទំហំព្រះអាទិត្យយើងនេះប៉ុណ្ណោះ ខណៈកម្រិតកម្តៅវិញគឺប្រហែល ៦០% នៃព្រះអាទិត្យយើង។ ដូច្នេះហើយតំបន់ Habitable Zone ដែលភព Gliese 12 b តាំងនៅនោះក៏កៀកនឹងផ្កាយមេវាខ្លាំងដែរ។ ខណៈផែនដីស្ថិតនៅក្នុង Habitable Zone ចម្ងាយ ១៥០លានkm ពីព្រះអាទិត្យនោះ ភព Gliese 12 b វិញមានគម្លាតស្មើតែ ៧% នៃ ១៥០លានkm នោះប៉ុណ្ណោះ។
ទោះជាមានចម្ងាយតែជាង ១០លានkm ពីផ្កាយមេវាពិតមែន តែដោយសារតែផ្កាយនេះមានទំហំតូច និងកម្តៅខ្សោយជាងព្រះអាទិត្យយើង ដូច្នេះភព Gliese 12 b នោះគឺត្រូវបានគណនាថាស្ថិតក្នុងតំបន់ Habitable Zone ហើយ។ បើតាមការគណនាដោយក្រុមអ្នកវិទ្យាសាស្ត្រ ដោយយោងលើកម្រិតកម្តៅនៃផ្កាយ Gliese 12 និងគម្លាតនៃភព Gliese 12 b ពីផ្កាយនោះ កម្តៅលើផ្ទៃភព Exoplanet មួយនេះអាចស្ថិតនៅខ្ទង់ «៤១ អង្សាសេ» ប៉ុណ្ណោះ ខណៈកម្រិតថាមពលដែលវាទទួលបានពីពន្លឺផ្កាយវា គឺច្រើនជាងលើផែនដី ១.៦ដង និងភពនេះអាចជាប្រភេទភពថ្ម (rocky planet)។

យ៉ាងណាក៏ដោយ លទ្ធផលសង្កេតបន្តទៀត គឺមានតែ James Webb ឬតេឡេស្កូបអនាគតមួយចំនួនទៀតប៉ុណ្ណោះ ដែលអាចធ្វើទៅបាន ខណៈកន្លងមកនេះក្រុមតារាវិទូបានយល់ដឹងច្រើនពី Gliese 12 b តាមរយៈការប្រើប្រាស់តេឡេស្កូបអវកាស TESS និងបេសកកម្ម K2 ដែលសិក្សាលើទិន្នន័យបន្យល់ទុកពីតេឡេស្កូបអវកាស Kepler។
សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមអ្នកវិទ្យាសាស្ត្រអាចត្រឹមធ្វើការសន្មតពីភាពដែលអាចទៅរួចចំនួន៣ចំពោះ Gliese 12 b នោះគឺ ទី១៖ វាអាចភពស្រដៀងភពសុក្រ (Venus) ដែលមានពពកក្រាស់ កម្តៅលើផ្ទៃក្តៅ និងគ្មានជីវិតទេ, ទី២៖ វាជាអាចភពថ្មស្រងោល ដែលគ្មានបរិយាកាស និងទី៣៖ វាអាចកំពុងមានបរិយាកាសសមរម្យ និងសម្បូរទឹកលើផ្ទៃភព ដែលអាចនិយាយថាស្រដៀងនឹងភពផែនដីយើង ឬក៏អាចមានជីវិតថែមទៀតផង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/Earth (ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥)
