យាន Curiosity រកឃើញ «ភស្តុតាង» ដ៏ល្អបំផុតមួយពាក់ព័ន្ធនឹង «ជីវិត» លើភពព្រះអង្គារ! (មានវីដេអូ)
(បរទេស)៖ ក្រុមការងារគ្រប់គ្រងបេសកកម្មយាន Curiosity នៃអង្គការ NASA ទើបតែបានប្រកាសពីការរកឃើញ «ភស្តុតាងដ៏ល្អប្រសើរបំផុតមួយពាក់ព័ន្ធនឹងជីវិត» ដែលអាចធ្លាប់មានវត្តមានកាលពីអតីតកាលនៅលើភពព្រះអង្គារ (Mars) ហើយក៏បានបាត់បង់ទៅវិញព្រោះតែកត្តាមួយចំនួន ដែលយើងធ្លាប់បានធ្វើការសន្និដ្ឋានរួចមកហើយ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
សម្រាប់ភស្តុតាងដ៏ល្អប្រសើរបំផុតមួយនោះគឺជាសមាសធាតុ សាយដឺរ៉ៃត៍ (siderite) ដែលត្រូវបានរកឃើញតាមរយៈការខួង និងវិភាគរកសមាសធាតុផ្សំក្នុងថ្មមួយចំនួន នៅតាមជម្រាលភ្នំ សាប (Mount Sharp) ដែលយាន Curiosity កំពុងស្ថិតនៅ។ Mount Sharp ជាភ្នំមួយស្ថិតនៅចំកណ្តាលក្រហូង ហ្គែល (Gale Crater មានអង្កត់ផ្ចិត ១៥៤km) ដែលយាន Curiosity បានចុះទៅដល់តាំងតែពីឆ្នាំ២០១២ ហើយបាននិងកំពុងបន្តសកម្មភាពដដែល រហូតមកដល់ឆ្នាំ២០២៥នេះ។

- តើអ្វីទៅជា សាយដឺរ៉ៃត៍ (siderite)?
យោងតាមក្រុមការងារ NASA សមាសធាតុ siderite ដែលត្រូវបានរកឃើញនៅក្នុងថ្មនានា ដែលយាន Curiosity បានខួង និងពិសោធន៍នោះ គឺអាចហៅម្យ៉ាងទៀតថា ដែកកាបូណាត (iron carbonate) ហើយការរកឃើញនេះមានន័យថា ភពអង្គារកាលពីអតីតកាល គឺជាទីឋានដែលធ្លាប់មាន វដ្តកាបូន (Carbon Cycle)។ ប្រការនេះអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានជាបឋមថា ភពអង្គារកាលពីរាប់ពាន់លានឆ្នាំមុន ធ្លាប់មានបរិស្ថានដែលទ្រទ្រង់ជីវិតបាន ឬមួយក៏អាចធ្លាប់មានជីវិតថែមទៀតផង។

- តើអ្វីទៅជា វដ្តកាបូន (Carbon Cycle)?
សម្រាប់នៅលើភពអង្គារ វដ្តកាបូននេះគឺចង់សម្តៅទៅលើដំណើរនៃការផ្លាស់ប្តូរសមាសធាតុកាបូន (Carbon) រវាងផ្នែកខាងក្នុងរបស់ភព, ដុំថ្មនានាលើផ្ទៃភព, កាតឹបទឹកកកប៉ូល, ទឹក និងបរិយាកាស។ កាបូនឌីអុកស៊ីត (Carbon dioxide ឬ CO2) ដែលមានប្រភពពីស្រទាប់រឹង (mantle) របស់ភពអង្គារ អាចជះចេញមកក្រៅបានតាមរយៈបន្ទុះភ្នំភ្លើង ឬកកជាប់នៅក្នុងដុំថ្មនានា ហើយក្រោយមកទើប សាយភាយទៅក្នុងបរិយាកាស, កាតឹបទឹកកកប៉ូល និងក៏អាចទៅរួចដែរថា មានការរំលាយចូលទៅក្នុងទឹក។

បើងាកមកកាន់ភពផែនដីយើងវិញ វដ្តនៃកាបូនក្នុងរយៈពេល ៤ពាន់លានឆ្នាំចុងក្រោយនេះ គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតបរិស្ថានទ្រទ្រង់ជីវិត ក្នុងនោះមានដូចជា បរិយាកាស ផ្ទៃដី និងមហាសមុទ្រ។ ទាំងអស់នេះសុទ្ធសឹងគ្រឿងផ្សំសំខាន់ៗមិនអាចខ្វះបាន សម្រាប់ភាវរស់ទាំងឡាយ បូករួមទាំងកម្តៅក្នុងបរិយាកាសដ៏សមរម្យ ដែលអាចកើតឡើងនៅបាន នៅភពភពផែនដីស្ថិតក្នុងគម្លាតសមរម្យមួយរវាងព្រះអាទិត្យ ឬយើងតែងស្គាល់ថាតំបន់ Habitable Zone នោះ។
- ប្រសិនបើធ្លាប់មានដំណើរវដ្តកាបូនលើភពអង្គារ ហេតុអ្វីភពនេះគ្មានជីវិត?
ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ទោះបីជាវដ្តកាបូនធ្លាប់បានកើតមានលើភពអង្គារ តែដំណើរនោះហាក់មិនមានតុល្យភាពទេ។ វាអាចបណ្តាលមកពីភពអង្គារគ្មាន ផ្លាកតិចតូនិច (plate tectonics) ដូចផែនដី ដែលមិនអាចឲ្យដំណើរនៃវដ្តកាបូន បន្តសកម្មភាពពីមួយជំនាន់ទៅមួយជំនាន់ តាមរយៈការចល័តនៃផ្លាកតិចតូនិច ដូចដែលផែនដីតែងតែធ្វើនោះបាន។ ចលនានៃផ្លាកតិចតូនិកផែនដីពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាតែងតែអនុញ្ញាតឲ្យមានវដ្តកាបូនកើតរវាងផ្ទៃក្នុងភព ផ្ទៃដី ទឹក និងបរិយាកាស ដែលជួយដល់បរិស្ថានទ្រទ្រង់ជីវិតជាប្រចាំ… តែភពអង្គារគ្មានចលនាបែបនេះឡើយ។

ក្រុមអ្នកវិទ្យាសាស្ត្រក៏បានសន្និដ្ឋានផងដែរថា បរិស្ថានទ្រទ្រង់ជីវិតនៅលើផែនដី និងភពអង្គារ ទំនងជាបានកកើតឡើងដំណាលគ្នា ហើយជីវិតវិញក៏ដូច្នោះដែរ។ យោងអ្នកវិទ្យាសាស្ត្រ នៃវិទ្យាស្ថានស្រាវជ្រាវរកជីវិតនៅទីឋានដទៃហៅកាត់ថា SETI នៃសហរដ្ឋអាមេរិកបានឲ្យដឹងថា សំណល់ហ្វូស៊ីល (fossils) បន្សល់ទុកដោយជីវិតដ៏ចំណាស់បំផុត ដែលត្រូវបានរកឃើញលើផែនដី គឺមានអាយុកាលប្រមាណ ៣.៥ពាន់លានឆ្នាំមុន ដោយប្រការនេះមានន័យថា ជីវិតលើផែនដី អាចកកើតឡើងមុន ៣.៥ពាន់លានឆ្នាំមុននោះទៅទៀត
គួរបញ្ជាក់តាមលទ្ធផលស្រាវជ្រាវអំពីភពអង្គារ ដោយក្រុមអ្នកវិទ្យាសាស្ត្រដែលយោងលើទិន្នន័យពី បេសកកម្មស្រាវជ្រាវភពអង្គាររបស់ NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA ឲ្យដឹងថា ឧស្ម័នចម្បងៗក្នុងបរិយាកាសភពអង្គារ បានបាត់បង់ទៅបន្តិចម្តងៗ ហើយនៅពេលដែលបរិយាកាសភពក្រហមនោះកាន់តែស្តើង ភពនោះក៏កាន់តែត្រជាក់ស្ងួត។ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ភពអង្គារបានរក្សាភាពស្ងួតដូចបច្ចុប្បន្ននេះ យ៉ាងហោចណាស់ក៏ជាង ២ពាន់លានឆ្នាំមកហើយដែរ។

ការសិក្សាបន្ថែមអំពីប្រធានបទជីវិតលើភពអង្គារនេះ នឹងកាន់តែច្បាស់លាស់ពេល NASA នាំយកសំណាក (samples) ច្រកទុកដោយយាន Perseverance ពីភពអង្គារមកផែនដី ដែលអាចនឹងកើតឡើងនៅអំលុងទសវត្សរ៍ ២០៣០ ឯណោះ…៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Live Science (ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥)
