ជាលើកដំបូង! James Webb រកឃើញភពថ្មីដោយស្នាដៃខ្លួនឯង (ប្រើវិធីងាយៗ) (មានវីដេអូ)
(បរទេស)៖ ខុសពីតេឡេស្កូបអវកាស Kepler ឬ TESS ដែលត្រូវសម្ងំសង្កេតផ្កាយនិមួយៗអស់ពេលយ៉ាងយូរ ដើម្បីរង់ចាំភព (Exoplanet) គោចរកាត់ពន្លឺផ្កាយ (ប្រៀបបីដូចម្ចាស់ហាងអង្គុយរង់ចាំភ្ញៀវទិញទំនិញ) នោះ តេឡេស្កូបអវកាស James Webb ឯណេះវិញបានវិធីសាស្ត្រដ៏ងាយមួយ ហើយអាចរកឃើញ ភពនៅប្រព័ន្ធផ្កាយដទៃដំបូង ដែលជាស្នាដៃរបស់ខ្លួនពិតៗ ដោយមិនមែនជាបេក្ខភាពស្ថិតក្នុងការសង្ស័យ ហើយត្រូវបានបោះមកឲ្យ Webb បញ្ជាក់ការពិតដូចកាលពីលើកមុននោះឡើយ។
ភពដែល James Webb ថតរូបភាពបានស្តែងៗ និងជាការរកឃើញដំបូងនោះ គឺស្ថិតនៅជុំវិញផ្កាយ TWA 7 ឬមានឈ្មោះមួយទៀតថា CE Antilae ដែលជាផ្កាយក្មេងមួយស្ថិតនៅចម្ងាយ ១១១ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។ TWA 7 ជាប្រភេទតារា M-type ឬ Red Dwarf ដែលជាផ្កាយតូច និងមានពន្លឺស្រទន់ជាងព្រះអាទិត្យយើង ហើយផ្កាយប្រភេទនេះសំបូរខ្លាំងណាស់នៅក្នុងកាឡាក់ស៊ី Milky Way របស់យើង ដោយវាមានអាយុវែងជាងព្រះអាទិត្យ (G-type) នោះឆ្ងាយ។ ខណៈផ្កាយដូចជាព្រះអាទិត្យ អាចមានអាយុត្រឹមតែ ១០ពាន់លានឆ្នាំនោះ ផ្កាយប្រភេទដូចជា TWA 7 នេះអាចមានអាយុវែងជាអតិបរមាដល់ទៅ ១០០ពាន់លានឆ្នាំឯណោះ…។
ងាកមកកាន់ភពដែល James Webb ទើបឆ្លុះរកឃើញក្នុងខែមិថុនា ឆ្នាំ២០២៥នេះវិញ ត្រូវបានដាក់ឈ្មោះឲ្យថា TWA 7 b និងមានលក្ខណៈស្រដៀងនឹងភពសៅរ៍ (Saturn) របស់យើង។ ភពនេះគោចរជុំវិញផ្កាយមេរបស់វាក្នុងគម្លាត ៥០ដង នៃគន្លាតរវាងផែនដី និងព្រះអាទិត្យ (១៥០លានkm X ៥០ដង) ខណៈម៉ាសវិញគឺ TWA 7 b ស្មើនឹង ០.៣ដងនៃម៉ាសភពព្រហស្បតិ៍ (Jupiter) និង ១០០ដងនៃម៉ាសភពផែនដី។
- តើ James Webb រកឃើញភព TWA 7 b ដោយរបៀបណា?
តាមការពិតទៅផ្កាយ TWA 7 នោះធ្លាប់ត្រូវបានតេឡេស្កូបលើដីមួយឈ្មោះ Very Large Telescope (VLT) ស្ថិតនៅប្រទេសឈីលី សង្កេតរួចមកហើយ ព្រោះតែវាជាតារាក្មេងដែលនៅមានរង្វង់ឌីសធូលី និងឧស្ម័នព័ទ្ធជុំវិញ។ ស្ថានភាពបែបនោះហើយដែលក្រុមតារាវិទូតែងតែកត់ចំណាំថា អាចមានភពក្មេងៗក៏កំពុងប្រសូត្រនៅដំណាលគ្នានោះដែរ…។ យ៉ាងណាក៏ដោយ VLT មិនបានរកឃើញ Exoplanet ជុំវិញផ្កាយនោះឡើយ។

ងាកមកកាន់ James Webb វិញ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់ ឧបករណ៍សង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម ( Mid-Infrared Instrument (MIRI) ដើម្បីផ្តិតយករូបភាពផ្កាយ TWA 7 ហើយក៏បានឃើញវត្តមានភព TWA 7 b ស្តែងៗនឹងភ្នែកតែម្តង (ចំណុចមានពណ៌ទឹកក្រូចនៅក្នុងបន្ទះឌីសធូលី និងឧស្ម័នដែលព័ទ្ធជុំវិញចំណុចផ្កាយ នៅក្នុងរូបភាពខាងលើនេះ ខណៈចំណុចពណ៌ទឹកក្រូចរាងស្រាលមួយទៀត គឺផ្កាយដែលនៅ background ប្រព័ន្ធនេះប៉ុណ្ណោះ)។
គួរបញ្ជាក់ថា ឧបករណ៍ MIRI ស្ថិតនៅក្នុងចំណោមឧបករណ៍សំខាន់ៗទាំង ៤ នៅក្នុងខ្លួន James Webb។ ការប្រើប្រាស់ឧបករណ៍ក្នុងខ្លួន James Webb ដើម្បីផ្តិតយកទិដ្ឋភាពនៅជ្រុងណាមួយនៅទីអវកាស គឺតែងប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែងនៃគោលដៅ។ ឧបករណ៍ផ្កាយ TWA 7 មានទំហំតូច និងពន្លឺស្រទន់ ដូច្នេះក្រុមការងារ James Webb ត្រឹមប្រើប្រាស់ MIRI ដើម្បីផ្តិតរូបភាពនោះ ក៏លេចចេញនូវពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ចេញពីខ្លួនភព TWA 7 b នៅលើគោកតែម្តង…៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ NASA/ESA/CSA via James Webb’s Team (ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥)
