បញ្ជាយន្តហោះ Boeing និងថតពន្លឺ Aurora ជាអ្វីដែលពីឡុតម្នាក់ជួបដំបូងក្នុង១ជីវិត (មានវីដេអូ)

265

(បរទេស)៖ នាអំលុងជាងពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ភពផែនដីបានទទួលរងនូវឥទ្ធិពលពីការផ្ទុះជះអណ្តាតភ្លើង (Solar Flare) កម្រិតខ្ពស់បំផុតពីព្រះអាទិត្យ (X-class) ដែលបាននាំឲ្យកើតមានព្យុះភូមិសាស្ត្រម៉ាញេទិច (Geomagnetic Storm) និងពន្លឺសំរាំងប៉ូល អូរ៉ូរ៉ា (Aurora) ដែលបណ្តាប្រទេសនៅជុំវិញតំបន់ប៉ូលតែងតែរីករាយទស្សនានោះ គ្រាន់នៅដើមឆ្នាំថ្មីនេះ ទិដ្ឋភាពពិសេសៗជាច្រើនត្រូវបានផ្តិតយកយ៉ាងជក់ចិត្តតែម្តង ជាពិសេសបំផុតគឺពីលើយន្តហោះ Boeing មួយគ្រឿង…។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

រាប់ចាប់តាំងពីអ្នកទស្សនានៅលើដី អមដោយព្រិលធ្លាក់យ៉ាងគំហុក រហូតដល់ការទស្សនាពីលើយន្តហោះ និងឈានដល់ការទស្សនាពីស្ថានីយអវកាសថែមទៀត គ្រប់គ្នាពិតជាមិនអាចប្រកែកបានឡើយថា ពន្លឺ Aurora កាលពីថ្ងៃទី១៩ ខែមករា នោះស្រស់ស្អាតខ្លាំង ដែលនាំឲ្យពួកគេច្រឡំថា កំពុងស្ថិតនៅឋានសួគ៌ដ៏ពិសិដ្ឋមួយ… គួរឲ្យស្តាយដែលបណ្តាប្រទេសស្ថិតនៅតំបន់ត្រូពិក និងអេក្វាទ័រផែនដី គ្មានវាសនាអាចឃើញទិដ្ឋភាពនេះ តែយ៉ាងណាការទស្សនាតាមរយៈរូបភាព និងវីដេអូក៏អាចលួងចិត្តបានខ្លះដែរ។

  • ការជះ Solar Flare កម្រិតដល់ X-class មកកាន់ផែនដី

ព្រឹត្តិការណ៍ជះចេញនូវអណ្តាតភ្លើងពីផ្ទៃព្រះអាទិត្យ (Solar Flare) ដែលមានរាងជាបណ្តុំអណ្តាតភ្លើងរាងពងក្រពើ (CME) បានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក) កម្រិតរហូតដល់ទៅ X1.9 class ជះចំទិសដៅនៅភពផែនដីយើងតែម្តង ខណៈទ្វីបអាមេរិកទាំងមូលជាអ្នករងឥទ្ធិពលនេះ។ ឥទ្ធិពលរបស់វាបានមកដល់ផែនដីនៅវេលាម៉ោង ២៖៣៨នាទីរសៀលថ្ងៃទី១៩ ខែមករា ជាមួយនឹង Geomagnetic Storm កម្រិតខ្ពស់ដល់ទៅ G4 ឯណោះ។

ដូចការព្យាករណ៍ នៅព្រលប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នោះ បណ្តាប្រទេសនៅតំបន់ជុំវិញប៉ូលខាងជើងជាពិសេស និងអូសបន្លាយមកដល់តំបន់ត្រជាក់បង្គួរ ក្នុងរួមមានបណ្តារដ្ឋមួយភាគធំនៃសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសជាច្រើននៅតំបន់អឺរ៉ុប សុទ្ធតែបានថតបានទិដ្ឋភាពនៃពន្លឺ Aurora មានពណ៌បៃតង និងផ្កាឈូកយ៉ាងស្រស់ត្រកាល។ អ្នកនៅលើដី និងនៅទីអវកាស សុទ្ធតែថតបានទិដ្ឋភាពដ៏ពិសេសនេះ តែយើងសុំឲ្យមេដាយទៅដល់ អាកាសយានិកលើយន្តហោះ Boeing មួយរូបនោះទៅចុះ…។

  • រូបភាពគុណភាពខ្ពស់នៃ Aurora ពីលើយន្តហោះ Boeing

ប្រសិនបើអ្នកឈរលើដីហើយទស្សនា Aurora នោះមានន័យថា អ្នកកំពុងមើលឃើញបាតុភូត ដែលមានកម្ពស់ជាមធ្យមចាប់ពី ១០០-៤០០km ពីលើក្បាលរបស់អ្នក តែបើអ្នកស្ថិតនៅស្ថានីយអវកាសវិញ គឺអ្នកកំពុងស្ថិតនៅពីលើ ឬជាប់នឹងកន្ទុយ Aurora វិញ តែនៅក្នុងករណីខ្លះ ពន្លឺ Aurora ក៏អាចរំសាយឡើងដល់កម្ពស់ ៨០០km ពីផ្ទៃដីដែរ…។

ពិតណាស់! ការថតបាន Aurora ពីលើយន្តហោះមិនមែនជារឿងថ្មី តែសម្រាប់អ្វីដែលអាកាសយានិក ម៉ាត់ មែលនីក (Matt Melnyk) បញ្ជាការលើយន្តហោះ Boeing 787 Dreamliner ពីទីក្រុង Calgary ប្រទេសកាណាដា ទៅកាន់ទីក្រុង London ចក្រភពអង់គ្លេស បានភ្លក្សរសជាតិផ្ទាល់នោះ លោកអះអាងថា «វាពិតជាទិដ្ឋភាព Aurora ដ៏អស្ចារ្យបំផុតដែលខ្ញុំមិនធ្លាប់បានឃើញឡើយ អំលុងការបំពេញភារកិច្ចអស់ ២០ឆ្នាំមកនេះ…។ ទិដ្ឋភាពទាំងមូលបានរំលេចឡើង នៅពេលដែលយើងហោះឡើងផុតពីផ្ទៃពពក… រាត្រីនោះគឺជាប្រវត្តិសាស្ត្រមួយយ៉ាងពិតប្រាកដ! ការហោះហើរលើកនេះ នឹងត្រូវចងចាំជានិច្ចទៅថ្ងៃមុខ»។

ការថតបាន Aurora ខាងលើនេះ ត្រូវបានធ្វើឡើងនៅពេលយន្តហោះដែលលោក Matt Melnyk ស្ថិតនៅក្នុងរយៈកម្ពស់ជាង ១១km ពីលើតំបន់ Hudson Bay និង Baffin Island នៃប្រទេសកាណាដា។ លោក Matt Melnyk បានប្រើប្រាស់កាមេរ៉ា Canon R6 ii បំពាក់លែន Sigma 14mm F1.8 ដើម្បីចាប់យកទិដ្ឋភាពបានយ៉ាងទូលាយជាងលែន 20mm ដែលលោកចូលចិត្តប្រើ (ព្រោះលោកបានគិតទុកជាមុនរួចហើយថា រូបភាព Aurora ទាំងមូលនឹងកាន់តែអស្ចារ្យពេលថតក្នុងមុំទូលាយបែបនេះ)។

បញ្ជាយន្តហោះ Boeing និងថតពន្លឺ Aurora ជាអ្វីដែលពីឡុតម្នាក់ជួបដំបូងក្នុង១ជីវិត (មានវីដេអូ)
(Image Credit: Matt Melnyk via SPACE)
  • កត្តាដែលជម្រុញឲ្យពន្លឺ Aurora លេចឡើង

ការកកើតពន្លឺ Aurora គឺបណ្តាលមកពីសកម្មភាពនៅលើព្រះអាទិត្យ ជាពិសេសព្យុះព្រះអាទិត្យ (Solar Storm) មួយប្រភេទហៅថា Coronal Mass Ejection (CME) ដែលជាការជះចេញនូវឧស្ម័ន និងភាគល្អិតមានបន្ទុកអគ្គិសនី ទៅកាន់ទីអវកាសជុំវិញព្រះអាទិត្យ។ នៅពេលដែលភាគល្អិតទាំងនោះ ចល័តទៅដល់ខ្សែបន្ទាត់ដែនម៉ាញេទិច (magnetic field lines) នៅប៉ូលខាងជើង និងខាងត្បូង ពួកវានឹងជ្រៀតចូលទៅក្នុងបរិយាកាសរបស់ផែនដី។

នៅក្នុងបរិយាកាសផែនដីនោះ ភាគល្អិតនានា និងថាមពលពីព្រះអាទិត្យ ធ្វើអន្តរកម្មជាមួយឧស្ម័ននានាក្នុងបរិយាកាស រួចក៏បង្កើតទៅជាពន្លឺពណ៌ផ្សេងៗគ្នា នៅក្នុងបរិយាកាសផ្នែកខាងលើរបស់ផែនដី។ Aurora ពណ៌បៃតងជាពណ៌ដែលគេឃើញញឹកញាប់បំផុតដោយវាស្ថិតនៅរយៈកម្ពស់ទាបជាងគេ (១០០-២០០km) ជាកន្លែងដែលអាតូមអុកស៊ីហ្សែន (Oxygen Atoms) មានកំហាប់ខ្ពស់ធ្វើប្រតិកម្មជាមួយភាគល្អិតជះមកពីព្រះអាទិត្យ។

ដោយឡែក ពន្លឺ Aurora ពណ៌ក្រហមវិញតែងស្ថិតនៅរយៈកម្ពស់ខ្ពស់ (២០០-៤០០km) ដែលកើតចេញពីភាគល្អិតពីព្រះអាទិត្យ (មានថាមពលខ្ពស់) ធ្វើប្រតិកម្មជាមួយអាតូមអុកស៊ីហ្សែន (មានកំហាប់ទាប) ក្នុងបរិយាកាសផែនដី។ សម្រាប់ Aurora ពណ៌រាងផ្កាឈូកវិញនោះ គឺមានការចូលរួមពី អាសូត (Nitrogen) ក្នុងបរិយាកាសផែនដី ប៉ះទង្គិចនឹងភាពល្អិតមានបន្ទុកខ្ពស់ពីព្រះអាទិត្យនៅរយៈកម្ពស់ខ្ទង់ ១០០km ដែរ។ ផ្ទៃមេឃស្រឡះល្អក៏អាចជួយធ្វើឱ្យពន្លឺ Aurora បង្ហាញវត្តមានឲ្យយើងឃើញកាន់តែច្បាស់ដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE / NASA (ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦)

480×240 Banner