គ្រប់គ្នានិយាយពី «ការបញ្ជូនក្រុមមនុស្សទៅភពអង្គារ» ប៉ុន្តែថា តើភពនេះមានចំណុចពិសេសអ្វីខ្លះ?
(អវកាស)៖ ភពអង្គារគឺជាភពទី ៤ នៃប្រព័ន្ធព្រះអាទិត្យ។ ដោយសារតែភពនេះ មានពណ៌ក្រហមដូចឈាម ជនជាតិរ៉ូមុំាងបានដាក់ឈ្មោះឲ្យវាបន្ទាប់ពីសង្គ្រាមទេវតារបស់ពួកគេ។ ម្យ៉ាងវិញទៀត ជនជាតិរ៉ូមុំាង បានចម្លង យកឈ្មោះក្រិកបុរាណដែលបានដាក់ឈ្មោះឲ្យភពនេះ បន្ទាប់ពីសង្គ្រាមរបស់ទេវតា របស់ពួកគេ ដើម្បីបូកបញ្ចូលគ្នាក្នុងការហៅឈ្មោះ របស់ភពនេះផងដែរ។
ដោយឡែកជាតិសាសន៍ដទៃៗទៀត ក៏បានដាក់ឈ្មោះឲ្យភពក្រហមនេះ ដោយផ្អែកលើ ពណ៌របស់វាផងដែរ ជាក់ស្តែងជនជាតិអេហ្ស៊ីបហៅឈ្មោះនេះថា “Her Desher” មានន័យថា ពណ៌ក្រហម ក្នុងខណៈពេលដែរ ក្រុមអាកាសយានិកជនជាតិចិនហៅភពនេះថា “ផ្កាយភ្លើង”។
យោងតាមការសិក្សាស្រាវជ្រាវរបស់ភ្នាក់ងារអវកាសណាសាបានឲ្យដឹងថា ភពអង្គារមាន ពណ៌ក្រហមភ្លឺ ដោយសារតែភពនេះសំបូរដោយរ៉ែដែក ដោយមានដីផុសៗពណ៌ដូចច្រេះ និងភពទាំងមូលត្រូវបាន គ្របដណ្តប់ដោយថ្ម។
១៖ ភូមិសាស្រ្ត៖ ស្រទាប់បរិយាកាសស្តើង និងត្រជាក់ មានន័យថា វត្ថុរាវ ឬ ប្រភពទឹកមិនអាចស្ថិតនៅលើស្រទាប់ទ្វីបបានយូរឡើយ តែទោះបីជាយ៉ាងណាក្តី ភពអង្គារមានចំនួនដីវាល ស្ងួត ស្មើ នឹងភពផែនដីដែរ។
ជាមួយគ្នានេះដែរ ភពក្រហមគឺជាភពដែលសម្បូរដោយភ្នំខ្ពស់ៗ ព្រមទាំងជ្រលងភ្នំជ្រៅ និងវែងជាងគេបំផុត ក្នុងចំណោមមភពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ភ្នំភ្លើងរបស់ ភពអង្គារ Olympus Mons ដែលជាភ្នំភ្លើងខ្ពស់ជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ មានកំពស់ ២៧គីឡូម៉ែត្រ ខ្ពស់ជាងភ្នំអេវើរ៉េស ៣ ដង។ ចំណែកឯជ្រលងភ្នំ Valles Marineris ដែលត្រូវបានរកឃើញនៅក្នុងឆ្នាំ១៩៧១ មានជម្រៅ ១០ គីឡូម៉ែត្រ និងមានប្រវែងពីកើតទៅលិច ៤.០០០ គីឡូម៉ែត្រ ដោយមានប្រវែងស្មើនឹង ១ ភាគ៥ នៃរយៈចំងាយជុំវិញភពអង្គារ។
ភពអង្គារមានភ្នំភ្លើងមួយចំនួន ដែលធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយនៅ ក្នុងនោះរួមមាន ភ្នំភ្លើង Olympus Mons ដែលមានផ្ទៃមុខកាត់ ៦០០ គីឡូម៉េត្រ ស្មើនឹងផ្ទៃដី នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ហើយភ្នំភ្លើងទាំងអស់នោះសុទ្ធតែជាភ្នំភ្លើង គ្មានសកម្មភាព។ ព្រែក ជ្រលងភ្នំ និង ជ្រោះតូចៗ ត្រូវបានរកឃើញនៅពាសពេញភពអង្គារ ដែលប្រការនេះ បាន បង្ហាញថា ពិតជាធ្លាប់មានប្រភពទឹកហូរកាត់ព្រែក និងជ្រលងទាំងនោះ។ ព្រែកខ្លះមានទទឹងប្រវែង ១០០គីឡូម៉ែត្រ និងបណ្តោយប្រវែង ២,០០០គីឡូម៉ែត្រ។
២៖ អាកាសធាតុ៖ ភពអង្គារមានអាកាសធាតុ ត្រជាក់ជាងភពផែនដី ដោយសារតែវាមានចំងាយ ពីព្រះអាទិត្យឆ្ងាយជាង។ សីតុណ្ហភាពមធ្យមនៃភព ប្រហែល -៦០ អង្សារសេ ដោយពេលខ្លះអាចធ្លាក់ដល់ -១២៥ អង្សារសេនៅរដូវរងារ និងខ្ពស់បំផុតតែ ២០ អង្សារសេប៉ុណ្ណោះ ដែលធ្វើឲ្យកាបូនឌីអុកស៊ីតកកនៅក្នុងស្រទាប់បរិយាកាស។
យានគោចរភពអង្គារ Reconnaissance របស់ភ្នាក់ងារអវកាស ណាសា បានរកឃើញ ពពកព្រិលកាបូនឌីអុកស៊ីត ដែលបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តគិតថា ភពអង្គារមាន អាកាសធាតុរងារមិនធម្មតា និងខុសប្លែកពីភពដទៃទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយជួនពេលខ្លះមានព្រិលទឹកកកធ្លាក់ មកពីពពកកាបូននោះទៀតផង។
ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា បច្ចុប្បន្នភពអង្គារមិនមានដែនម៉ាញេទិចទេ ប៉ុន្តែស្រទាប់ ផ្ទៃភពរបស់វា មានកម្លាំងខ្លាំងជាងដែនម៉ាញេទិចរបស់ភពផែនដី ១០ដង។ ប្រការនេះ ហើយទើបបរិយាកាសរបស់ភពនេះ មានស្នើនឹងជិត ១ភាគរយ ប៉ុណ្ណោះរបស់ផែនដី ហើយ ភាគច្រើនគឺជាធូលីដី ដែលបោកបក់ជារឿយៗដោយសារតែចរន្តខ្យល់លើភព។
សរុបជារួមមក ភពអង្គារពិតជាធ្លាប់មាន ទឹក (មហាសមុទ្រ, បឹង, ទន្លេ) ព្រមទាំងបរិយាកាស ក្រាស់ស្រដៀង ទៅនឹងភពផែនដីនាសម័យបច្ចុប្បន្ននេះដែរ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនៅតែ កំពុងស្វែងរកមូលហេតុពិតប្រាកដថា តើហេតុចម្បងអ្វីបានជា វត្ថុធាតុដែលអាចទ្រទ្រង់ជីវិត ទាំង នោះរលាយបាត់ពីភពក្រហមមួយនេះ។ មួយវិញទៀត ការរុករកលើភពអង្គារ គឺអ្នក វិទ្យាសាស្ត្រចង់ដឹងថា តើអាចធ្លាប់មានជីវិតក្នុងទម្រង់ណាមួយ កើតឡើងលើភពនេះ ឬទេ៕