អណ្តែតក្នុងចក្រវាល ដោយមិនមិនខ្វល់នឹងនរណា… កាឡាក់ស៊ី Sombrero នៃអតីតកាល

2

(បរទេស)៖ ជឿថា អ្នកដែលស្រឡាញ់វិស័យអវកាស និងវិទ្យាសាស្ត្រទាំងឡាយ ប្រាកដជាធ្លាប់បានឃើញរូបភាពដ៏ស្រស់ឆើតឆាយមួយសន្លឹកនេះ ឬក៏រូបភាពមួយចំនួនទៀត ដែលស្រដៀងនឹងរូបមួយនេះ…។ តើអ្នកធ្លាប់គិតថា វាជារូបច្នៃដោយកុំព្យូទ័រឬទេ? ប្រសិនបើអ្នកធ្លាប់គិតបែបនេះ គឺពិតជាការគិតដែល «ខុស» ហើយ ព្រោះនេះជារូប «ពិត»។ ប៉ុន្តែហេតុអ្វីក៏ទិដ្ឋភាពរបស់វា ប្រៀបបីដូចជាសុបិននៅទីអវកាស ដ៏អស្ចារ្យបែបនេះ?

ពិតណាស់! យើងមិនអាចឃើញនឹងភ្នែក ឬត្រឹមមានឧបករណ៍ Zoom ដ៏មហាអស្ចារ្យ ហើយឃើញទិដ្ឋភាពស្អាត និងគ្រប់ជ្រុងជ្រោយបែបនេះឡើយ… យើងប្រាកដជាត្រូវការ ឧបករណ៍ចាប់យករូបភាព (កាមេរ៉ា) ដែលមានសមត្ថភាពខ្ពស់ ជាពិសេសទៅលើមុខងារប្រមូលផ្តុំនូវពន្លឺ (light) ព្រោះនៅក្នុងចក្រវាល ពន្លឺបង្កប់នូវទិន្នន័យជាច្រើន តាមរយៈទម្រង់ពណ៌ និងចម្ងាយរបស់វា… ឧទាហរណ៍ មនុស្សធម្មតាត្រឹមមើលឃើញកាឡាក់ស៊ីនោះស្អាត និងមានពណ៌ចំរុះប្លែកភ្នែក តែក្រុមតារាវិទូវិញអាចយកពន្លឺនោះ មកវិភាគចេញជាព័ត៌មានជាច្រើនអំពីកាឡាក់ស៊ីនោះដូចជា អាយុកាល, ចំនួនផ្កាយ, សមាសធាតុគីមីផ្សំសំខាន់ៗ និងវត្តមាននៃ Black Hole ជាដើម។

អូខេ! ឥលូវនេះចូរមកស្គាល់កាឡាស៊ីក្នុងរូបថតនេះវិញ ដោយវាមានឈ្មោះថា សុំប្រេរ៉ូ (Sombrero) ឬឈ្មោះបច្ចេកទេសហៅថា Messier 104 ដែលស្ថិតនៅចម្ងាយ ៣០លានឆ្នាំពន្លឺ ពីភពផែនដីយើង…។ ប្រការនេះមានន័យថា ពន្លឺរបស់វាត្រូវចល័តអស់ ៣០លានឆ្នាំ ទម្រាំមកដល់យើង ហើយក៏ជាអតីតកាល ៣០លានឆ្នាំមុនរបស់វាផងដែរ…។ ការពិតទាំងអស់នេះជាការកំណត់នៅក្នុងពេលវេលា និងលំហអវកាស ដោយយើងមិនអាចទាមទាររកការកែប្រែអ្វីនោះឡើយ ព្រោះច្បាប់ធម្មជាតិបានកំណត់មកបែបនេះ… ខណៈចំណុចកណ្តាលដ៏ភ្លឺចែងចាំងរបស់វានោះ គឺបង្ហាញអំពីវត្តមានប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ដែលមិនខុសពីស្ថានភាពរបស់ Milky Way យើងឡើយ។

សម្រាប់រូបមួយសន្លឹកនេះត្រូវបានថតដោយ កាមេរ៉ា Dark Energy Camera ដែលស្ថិតនៅជាប់តេឡេស្កូប Víctor M. Blanco មានមុខកាត់ ៤ម៉ែត្រ ស្ថិតនៅឯមន្ទីរសង្កេតតារា Cerro Tololo Inter-American ក្នុងប្រទេសឈីលី ហើយទិន្នន័យបានបង្ហាញថា Sombrero មានមុខកាត់ ៥០,០០០ឆ្នាំពន្លឺ ដែលតូចជាង Milky way យើង២ដង។ កន្លងមកនេះ ទាំងតេឡេស្កូបអវកាស James Webb និង Hubble ក៏បានថតរូបភាពកាឡាក់ស៊ី Sombrero នេះដែរនៅក្នុងទម្រង់អាចឃើញនឹងភ្នែក (Visible Light) ផង និង ពន្លឺក្រហមអាំងហ្វ្រាង (Infrared Light) ផង។

គួរបញ្ជាក់ថា ការសិក្សាពីទម្រង់រូបរាងរបស់ Sombrero ពិតជាមានប្រយោជន៍សម្រាប់យើង ជាពិសេសនៅពេលដែលយើងអាចឃើញវាពីចំហៀង (ជាយម្ខាងទៅជាយម្ខាង)…។ វាជារឿងគួរឲ្យចាប់អារម្មណ៍ស្រាប់ទៅហើយ ដែលយើងអាចឃើញប្រព័ន្ធផ្កាយនានាក្នុងកាឡាក់ស៊ី Milky Way ស្ថិតនៅក្នុងមុំផ្សេងៗពីគ្នា ដោយខ្លះអាចបង្ហាញវត្តមានភពនានាគោចរជុំវិញ ជាលក្ខណៈដែលយើងអាចឃើញចំពីលើ ឬពីក្រោម តែខ្លះទៀតអាចឲ្យយើងឃើញពីចំហៀង ដែលទាល់តែយើងប្រើប្រាស់វីធីសង្កេត Transit ឬដំណើរគោចរឆ្លងកាត់នៃភព ទើបអាចកំណត់វត្តមានភពក្នុងប្រព័ន្ធផ្កាយទាំងនោះបាន… ហើយសម្រាប់ Sombrero វាឈានដល់កម្រិតកាឡាក់ស៊ី ដែលជាជម្រកនៃប្រព័ន្ធផ្កាយរាប់ពាន់លានដួង។

អណ្តែតក្នុងចក្រវាល ដោយមិនមិនខ្វល់នឹងនរណា… កាឡាក់ស៊ី Sombrero នៃអតីតកាល
កាឡាក់ស៊ី Sombrero (Credit: CTIO/NOIRLab/DOE/NSF/AURA. Image Processing: T.A. Rector (University of Alaska Anchorage/NSF NOIRLab), D. de Martin & M. Zamani (NSF NOIRLab))

សាកគិតទៅមើលថា ប្រសិនបើមានជីវិត alien ប្រកបដោយអរិយធម៌ជឿនលឿនគួរសមមួយ អាចបង្កើតតេឡេស្កូបសង្កេត និងរកឃើញកាឡាក់ស៊ី Milky Way យើងក្នុងពីចំហៀងបែបនេះដែរ នោះពួកគេក៏មិនអាចស្មានដឹងថា នៅក្នុង Milky Way មានផែនដីដែលមានជីវិតដែរ… វាក៏ដូចគ្នាដែរ ព្រោះមនុស្សលោកយើងក៏មិនដឹងថា Sombrero នោះមានភពមានជីវិត ដែរឬមួយក៏អត់ដូចគ្នា ព្រោះបើគិតពីទំហំនៃជីវិត ឬសូម្បីតែភព ឬក៏អាចសូម្បីតែផ្កាយរបស់ភពនោះ វាប្រៀបបីដូចជាគ្រាប់ធូលីមួយនៅក្នុងកាឡាក់ស៊ីនោះប៉ុណ្ណោះ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ BBC Magazine (ថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦)

480×240 Banner