ជាលើកដំបូង! Curiosity រកឃើញសមាសធាតុ «ពាក់ព័ន្ធជីវិត» ច្រើនបំផុតលើភពអង្គារ!

15

(បរទេស)៖ ការស្រាវជ្រាវរកការពិតអំពីអ្វីមួយ មិនមែនចេះតែសន្មតទៅតាមការយល់ឃើញឆៅៗតែម្តងនោះឡើយ ដោយវាត្រូវការការស្រាវជ្រាវរកភស្តុគ្រប់ជ្រុងជ្រោយ និងវិភាគរកការពិតនៅទីបញ្ចប់។ មិនខុសពីការស្រាវជ្រាវស្វែងរក «ដាននៃជីវិត» លើភពអង្គារ (Mars) ដូចពេលនេះទេ ដោយយានស្រាវជ្រាវរបស់អង្គការ NASA ជាច្រើនជំនាន់មកហើយ រាប់ចាប់តាំងពីគ្រឿងយន្ត Viking 1 ដែលបានជាន់ដីភពអង្គារដំបូងនៅឆ្នាំ១៩៧៦ រហូតដល់យានចុងក្រោយគេគឺ Perseverance កាលពីឆ្នាំ២០២១ បានធ្វើការបកស្រាយបន្តិចម្តងៗ អំពីការពិតដែលភពអង្គារធ្លាប់ឆ្លងកាត់…។

ងាកមកកាន់យាន Curiosity ដែលបានជាន់ផ្ទៃភពអង្គារត្រង់ក្រហូង Gale Crater កាលពីឆ្នាំ២០១២ និងបន្តបេសកកម្មជាប់ជានិច្ចរហូតមកដល់ឆ្នាំ២០២៦នេះ បានជីកគាស់យកអាថ៌កំបាំងក្រោមដីរាប់ពាន់លានឆ្នាំរបស់ភពអង្គារ មកលាតត្រដាងឲ្យមនុស្សលើផែនដីបានដឹងរួចមកហើយ តែនៅក្នុងខែមេសា ​ឆ្នាំ២០២៦នេះ របកគំហើញដ៏ពិសេសបំផុតមួយត្រូវបានក្រុមការងារ NASA បញ្ចេញពាក់ព័ន្ធនឹង «ជីវិត» លើភពព្រះអង្គារតែម្តង។

  • តើ Curiosity ទើបរកឃើញអ្វីដែលជាលើកដំបូងនោះ?

យានកង់៦ Curiosity ទើបតែបានរកឃើញ បណ្តុំម៉ូលេគុលអូកានិក (organic molecules) ដែលមានភាពចម្រុះ និងច្រើនបំផុតមិនធ្លាប់មានពីមុនមកឡើយលើភពព្រះអង្គារ ព្រមទាំងមានអ្វីមួយដែលគេមិនធ្លាប់ជួបពីមុនផងដែរ។ សមាសធាតុដែលពោពេញដោយ កាបូន (Carbon) ទាំងនេះ គឺដូចគ្នាទៅនឹងបណ្តុំនៃសមាសធាតុជាមូលដ្ឋានគ្រឹះ (building blocks) ដែលជីវិតលើភពផែនដីត្រូវការ ដើម្បីបណ្តុះពូជពង្សចេញមក និងរីកដុះដាលជាបន្តបន្ទាប់នោះឯង។

ការរកឃើញនេះមានចំនួនច្រើនរហូតដល់ទៅ ២១ឯណោះនៃម៉ូលេគុលអូកានិក ក្នុងនោះមានវត្តមាន អាសូត (nitrogen) ផងដែរ ហើយអាសូតនេះ គឺមិនធ្លាប់ត្រូវបានប្រទះឃើញនោះទេពីមុនមក។ ពួកវាស្ថិតនៅក្នុងបណ្តុំនៃអាតូមកាបូន រកឃើញក្នុងថ្មមួយត្រូវបានដាក់ឈ្មោះឲ្យថា Mary Anning 3 (MA3) ដែលជាប្រភេទថ្មខ្សាច់ (sand stone) នៅត្រង់តំបន់ Glen Torridon នៃជម្រាលភ្នំ Mt. Sharp ដែលស្ថិតនៅចំកណ្តាលក្រហូង Gale Crater នោះឯង។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ NASA ថ្ម MA3 នេះមានអាយុកាល ៣.៥ពាន់លានឆ្នាំមកហើយ…។ ថ្មត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចាត់ទុកថា ជាវត្ថុដែលអាចរក្សាសមាសធាតុគីមីពីបុរាណបានយ៉ាងល្អ បើទោះបីជាត្រូវឆ្លងកាត់បរិស្ថានអាក្រក់ៗរាប់ពាន់លានឆ្នាំនៃភពអង្គារមកហើយក្តី ហើយយាន Curiosity មានឧបករណ៍ខួងដើម្បីយកវាចេញមក ដើម្បីធ្វើការពិសោធន៍បឋម និងដឹងការពិតនៅនឹងកន្លែងតែម្តង តាមរយៈឧបករណ៍ Sample Analysis at Mars (SAM) ក្នុងពោះយាននេះ។

បណ្តុំថ្ម MA3 ដែល Curiosity បានខួង និងវិភាគ (Credit: NASA / JPL-Caltech)
  • តើលទ្ធផលពី MA3 អាចបញ្ជាក់ថាភពអង្គារធ្លាប់មានជីវិតទេ?

ពិតណាស់! ភស្តុតាងនានាដែលត្រូវបានរកឃើញទាំងពីយាន Curiosity និងសូម្បីតែ Perseverance សុទ្ធតែកំពុងហ៊ុមព័ទ្ធជុំវិញចំណុចស្នូលមួយនោះគឺ «ភពអង្គារពិតជាធ្លាប់មានជីវិត» តែមិនទាន់ត្រូវចំចំណុចស្នូលនេះតែម្តងឡើយ…។ ទោះបីជា organic molecules ពាក់ព័ន្ធនឹងជីវិត ហើយជីវិតក៏ត្រូវការវាដើម្បីបង្កើតពូជពង្ស និងអាចបង្កើតវាចេញមកដែរ តែសមាសធាតុប្រភេទនេះក៏អាចត្រូវបានបង្កើតឡើងដោយអ្វីផ្សេងដែលមិនពាក់ព័ន្ធនឹងជីវិតផងដែរ…។

ឧទាហរណ៍ organic molecules ក៏អាចត្រូវបានបង្កើតឡើងដោយសារការធ្វើអន្តរកម្មរវាង ទឹក (water) និង ថ្ម (rock) ផងដែរ ហើយអន្តរកម្មបែបនេះមិនត្រូវការជីវិតចូលរួមនោះទេ។ មួយវិញទៀតនោះ ក្រុមអ្នកវិទ្យាសាស្ត្រក៏មិនទាន់អាចបែងចែកថា តើ organic molecules ដែលទើបត្រូវបានរកឃើញនេះ ជាលទ្ធផលនៃការធ្វើអន្តរកម្មដោយផ្ទាល់លើភពអង្គារ ឬក៏ដោយសារតែអាចម៍ផ្កាយផ្ទុកសមាសធាតុទាំងនេះ ធ្លាក់លើភពអង្គារកាលពីរាប់ពាន់លានឆ្នាំមុននោះដែរ ជាពិសេសពាក់ព័ន្ធនឹងវត្តមាន អាសូត ដែលគេទើបរកឃើញនេះ…។

  • តើក្រុមអ្នកវិទ្យាសាស្ត្រត្រូវធ្វើអ្វីបន្តទៀត?

ទាំង Curiosity និង Perseverance សុទ្ធសឹងតែបានរកឃើញ organic molecules ដ៏សំបូរបែបដូចគ្នា បើទោះបីជាមួយស្ថិតនៅក្នុងក្រហូង Gale Crater និងមួយទៀតនៅ Jezero Crater ក្តី។ យ៉ាងណាក៏ដោយ ទាំង២ទីតាំងនេះសុទ្ធសឹងតែជាអតីត «បឹងស្តុកទឹក» ហើយមានមានប្រព័ន្ធទន្លេហូរចាក់ចូលក្នុងរយៈពេលយូរ កាលពីរាប់ពាន់លានឆ្នាំមុន។ ហេតុដូច្នេះហើយទើប NASA សន្មតយកទីតាំងទាំងនោះដើម្បីចុះចតយាន និងស្វែងរកដាននៃជីវិត។

ទោះបីជាបេសកកម្ម Mars Sample Return ត្រូវបានលុបចោល ព្រោះតែគម្រោងនេះនឹងចំណាយថវិកាដ៏មហិមាដល់ទៅ ១១ពាន់លានដុល្លារ កាលពីដើមឆ្នាំ២០២៦ និងមិនទាន់មានសង្ឃឹមថា អាចសើរើឡើងវិញក្តី តែការសិក្សានឹងនៅតែបន្តទៅមុខជានិច្ច តាមរយៈយានទាំង ខាងលើនេះ។

យើងក៏មិនត្រូវភ្លេចនោះទេថា បេសកកម្ម Rosalind Franklin របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដែលមានអង្គការ NASA ចូលរួមជួយផងដែរនោះ នឹងចាកចេញពីភពផែនដីនៅឆ្នាំ២០២៨ ទៅកាន់ភពព្រះអង្គារ ហើយគោលដៅគឺដូចនឹង Curiosity និង Perseverance ដែរ គ្រាន់តែ Rosalind Franklin ជាយានជំនាន់ថ្មី និងមានឧបករណ៍ខួងដីបានជម្រៅដល់ទៅ ២ម៉ែត្រឯណោះ។ បេសកកម្ម ExoMars របស់ ESA នឹងជួយយើងស្វែងរកដាននៃជីវិតបន្តទៀតលើភពអង្គារ៕

ជាលើកដំបូង! Curiosity រកឃើញសមាសធាតុ «ពាក់ព័ន្ធជីវិត» ច្រើនបំផុតលើភពអង្គារ!
យានស្រាវជ្រាវភពអង្គារ Curiosity របស់អង្គការ NASA (Credit: NASA / JPL-Caltech)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦)

480×240 Banner