HOT NEWS៖ អង្គការ NASA គ្រោងចាយ «២០ពាន់លានដុល្លារ» កសាងទីក្រុងព្រះចន្ទ (មានវីដេអូ)
(បរទេស)៖ នៅក្នុងសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ទីភ្នាក់ងារអវកាសជាតិនៃសហរដ្ឋអាមេរិក (NASA) បានអះអាងប្រាប់ទៅកាន់ពិភពលោកថា ខ្លួននឹងចំណាយថវិកាប្រមាណ ២០ពាន់លានដុល្លារ ដើម្បីកសាងមូលដ្ឋានមនុស្សរស់នៅ និងស្រាវជ្រាវជាអចិន្ត្រៃយ៍ ដែលប្រៀបបីដូចជាទីក្រុងមួយរបស់សហរដ្ឋអាមេរិកតែម្តង នៅលើឋានព្រះចន្ទ ហើយការធ្វើនេះនឹងចំណាយពេលតែ ៧ឆ្នាំប៉ុណ្ណោះ។
ប្រធានអង្គការ NASA លោក ហ្សារែដ អាយហ្សាកមែន (Jared Isaacman) ក៏បានអះអាងផងដែរពី ការបោះបង់ចោលជាផ្លូវការ នូវគម្រោងដំឡើងស្ថានីយអវកាសគោចរជុំវិញព្រះចន្ទ ដែលមានឈ្មោះថា Lunar Gateway បន្ទាប់ពីកន្លងមកនេះមានសញ្ញាថា NASA គ្រោងបោះបង់ចោលនោះ។ សម្រាប់គម្រោងចំណាយ ២០ពាន់លានដុល្លារ ដើម្បីកសាងទីក្រុងព្រះចន្ទជាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកនៅលើឋានព្រះចន្ទនោះ គឺតបទៅតាមទស្សនវិស័យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឲ្យសហរដ្ឋអាមេរិកនៅតែឈានមុខគេជានិច្ចក្នុងវិស័យអវកាស។

ក្រៅពីការបោះបង់ចោលស្ថានីយ Lunar Gateway នោះ ជំហានសំខាន់ៗបន្តបន្ទាប់ទៀតត្រូវបាន អង្គការ NASA បង្ហាញចេញដូចជា៖
- ការបន្តបញ្ជូនរ៉ូបូត (robot) និងគ្រឿងយន្តផ្សេងៗទៀតជារឿយៗ ទៅចុះចតនៅព្រះចន្ទដើម្បីធ្វើតេស្ត ក្នុងនោះក៏មានដ្រូនមួយចំនួន (MoonFall drones) ផងដែរ។
- ការបង្កើនចង្វាក់នៃការអភិវឌ្ឍន៍ និងបញ្ជូនឧបករណ៍ ក៏ដូចជាគ្រឿងយន្តចល័ត (rovers) ដែលបំពាក់ឧបករណ៍ស្រាវជ្រាវវិទ្យាសាស្ត្រ ទៅដាក់ពង្រាយជាសន្សឹមៗលើឋានព្រះចន្ទ។
- ការវិនិយោគលើប្រភពថាមពល ប្រព័ន្ធទូរគមនាគមន៍ និងការដឹកជញ្ជូនលើផ្ទៃព្រះចន្ទ ដោយមានជំនួយពីដៃគូអន្តរជាតិ និងដៃគូពាណិជ្ជកម្ម។
- ការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលអនុញ្ញាតឲ្យផ្លាស់ប្តូរទីតាំង ឬទំហំបានងាយៗ ដើម្បីគាំទ្រដល់វត្តមានមនុស្សរយៈពេលវែង ហើយនៅទីបំផុតនឹងឈានដល់បេសកកម្ម ដែលមានមនុស្សទៅមក (រវាងផែនដី និងព្រះចន្ទ) នៅរៀងរាល់៦ខែម្តង។
បើតាមផែនការខាងលើនេះ NASA ចង់ចាប់ផ្តើមផែនការទាំងមូលឲ្យបាននាពេលឆាប់ៗខាងមុខ ដើម្បីសម្រេចការកសាងមូលដ្ឋានអចិន្ត្រៃយ៍នៅតំបន់ប៉ូលខាងត្បូងព្រះចន្ទ ដែលអាចមើលឃើញពីផែនដីនោះឲ្យបាននៅទសវត្សរ៍ ២០៣០។

គួរបញ្ជាក់ថា NASA ចង់ឲ្យព្រះចន្ទក្លាយជាមូលដ្ឋានអចិន្ត្រៃយ៍របស់មនុស្សដំបូងក្រៅពីភពផែនដី មុនឈានទៅទីឋានផ្សេងៗទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ក្រៅពីដៃគូនៃបេសកកម្ម Artemis ដែលមានស្រាប់នោះ អង្គការ NASA ក៏នឹងស្វាគមន៍វិស័យឯកជននានាឲ្យចូលរួមវិនិយោគ និងជួយដល់បេសកកម្មរបស់ខ្លួនផងដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦)
