HOT NEWS! ក្រសួងសង្គ្រាមអាមេរិកបញ្ចេញរូបភាព UFO (UAP) នៅឋានព្រះចន្ទ! (PART 1) (មានវីដេអូ)

1,220

(បរទេស)៖ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ មន្ទីរបញ្ចកោណ (ប៉ង់តាហ្គោន) នៃក្រសួងសង្គ្រាម (ការពារជាតិ) សហរដ្ឋអាមេរិក បានបញ្ចេញជាផ្លូវការនូវឯកសារសរុប ១៦២ច្បាប់ (ក្នុងនោះភាគច្រើនជាប្រភេទ PDF) ពាក់ព័ន្ធនឹង វត្ថុហោះហើរដែលគេមិនអាចកំណត់អត្តសញ្ញាណ (UFO – Unidentified Flying Object) ឬជាពាក្យផ្លូវការរួមហៅថា បាតុភូតមិនប្រក្រតីដែលគេមិនអាចកំណត់អត្តសញ្ញាណ (កំណត់យកទាំងលើដី, ក្នុងទឹក, លើអាកាស និងនៅទីអវកាស) (Unidentified Anomalous Phenomena ឬ UAP) ឲ្យបណ្តាអ្នកចង់ដឹងទាំងអស់នៅក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោកបានឃើញផ្ទាល់ភ្នែក…។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

នៅក្នុងឯកសារទាំងនោះមានទាំងរូបភាព, វីដេអូ (គ្រាន់តែវីដេអូមានចំនួន ៣០ឃ្លីប), សំឡេង និងការរៀបរាប់អំពីព្រឹត្តិការណ៍ ព្រមទាំងកាលបរិច្ឆេទនៃហេតុការណ៍ដែលបានកើតឡើង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ដំបូងនេះ វាក៏មានពាក់ព័ន្ធនឹងការថតបានវត្តមាន UAPs នៅលើផ្ទៃមេឃឋានព្រះចន្ទផងដែរ ដោយបេសកកម្ម Apollo 12 ដែលបានចុះទៅដល់ផ្ទៃព្រះចន្ទ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៦៩ ជាអ្នកថតបាន (ក្រសួងសង្គ្រាមអាមេរិកបានបញ្ចេញ ៥សន្លឹក)។

HOT NEWS! ក្រសួងសង្គ្រាមអាមេរិកបញ្ចេញរូបភាព UFO (UAP) នៅឋានព្រះចន្ទ! (PART 1) (មានវីដេអូ)
រូបភាពទី១ ក្នុងចំណោមរូបភាពទាំង ៥ ពាក់ព័ន្ធ UAPs លើព្រះចន្ទដែលសហរដ្ឋអាមេរិកទើបបញ្ចេញ (Image Credit: U.S. Department of War via SPACE)

ដូច្នេះសូមតាមចំណុចសំខាន់ៗ ពាក់ព័ន្ធការបង្ហាញរូបភាព និងវីដេអូ UAPs ដូចតទៅ ដោយចាប់ផ្តើមពីដំបូងពីផ្នែកទី១៖

PART 1៖ រូបភាព UAPs លើឋានព្រះចន្ទ

យើងអាចហៅថា ជាការបង្ហាញវត្តមាន UAPs លើផ្ទៃមេឃឋានព្រះចន្ទក៏បាន ដោយវាបានកើតឡើងលើបេសកកម្ម Apollo 12 ក្នុងខែវិច្ឆិកា ឆ្នាំ១៩៦៩។ តើយើងឃើញពន្លឺទាំងអស់ដែលត្រូវបានពង្រីកក្នុងក្រលោនរាងចតុកោណដែរឬទេ? តើលោកអ្នកគិតថាជាអ្វី? តើទាំងនោះជាចំណាំងពីកញ្ចក់លែនកាមេរ៉ា? តើវាអាចជាភាគល្អិតនានាជះពីព្រះចន្ទ ធ្វើប្រតិកម្មជាមួយពន្លឺព្រះអាទិត្យទេ? ឬក៏វាអាចជាវត្តមាន UFOs?

គ្មាននរណាអាចផ្តល់ចម្លើយឲ្យពិតប្រាកដបានទេរហូតមកដល់ពេលនេះ ព្រោះបើតាមមើលរូបភាពបាតុភូតទាំងនោះបានបង្ហាញខ្លួននៅឆ្ងាយពីកន្លែងចុះចតយាន Apollo 12 ណាស់ ហើយរូបថតទាំងនេះក៏មិនមែនមានគុណភាពខ្ពស់ខ្លាំង ដល់អាចពង្រីកមើលឃើញភាពលម្អិតខ្លាំងដែរ… តែយើងអាចធ្វើការវិភាគរកការពិតដោយខ្លួនឯង តាមរយៈចម្លើយសំខាន់ៗខាងក្រោម៖

  • ចម្លើយពីអវកាសយានិកផ្ទាល់៖ បើតាមការផ្តល់ចម្លើយពីអវកាសយានិក Alan Bean ដែលបានថតរូបនោះផ្ទាល់ជាមួយកាមេរ៉ា (Hasselblad) លោកបានចាប់អារម្មណ៍ថា លោកឃើញពន្លឺជះចេញនៅលើផ្ទៃមេឃព្រះចន្ទរាងរាល់វិនាទី ហើយពន្លឺទាំងនោះហាក់ដូចជាមានប្រភពពីផ្ទៃព្រះចន្ទ…។ លោកបានគិតថា វាអាចចំហាយទឹកដែលពុះ (boiling water) ឬជាវត្តមានទឹកដែលរសាត់ចេញ (escaping water) ពីផ្ទៃព្រះចន្ទទៅកាន់ទីអវកាស បើវិភាគទៅលើទម្រង់ពន្លឺបែបឆ្នូតៗនោះ…។
  • ភាពមិនប្រក្រតីពេលថតរូប៖ វាក៏អាចកើតឡើងទៅលើបច្ចេកទេសក្នុងកាមេរ៉ាថតរូបដែរ ដោយយើងចង់និយាយពីកត្តាមួយចំនួនដូចជា ចំណាំងផ្លាត ដែលអាចកើតឡើងដោយសារពន្លឺចាំងចូលក្នុងស្រទាប់ Lens របស់កាមេរ៉ា ឬក៏ជាវត្តមានផ្កាយលើមេឃដ៏ងងឹតរបស់ព្រះចន្ទដែល overexposed ឬឡើងតតាកព្រោះតែការថត long-exposure នោះ (អ្នកធ្លាប់ថតរូបផ្កាយលើមេឃប្រាកដជាយល់)។
  • កត្តាបរិស្ថាន៖ នេះជាការពន្យល់ចុងក្រោយសម្រាប់ភាពដែលអាចទៅរួចនៃរូបភាពទាំងនេះ ដោយវាអាចកើតឡើងដោយសាររលកពន្លឺនៃទីអវកាស (cosmic ray) ចាំងត្រូវនឹង sensor (អង្គស្រូបពន្លឺរូបភាព) របស់កាមេរ៉ាពេលកំពុងថតរូបនោះ ឬក៏អាចជាភាគលម្អិតនៃកាកសំណល់ចេញពីយានអវកាសផ្ទាល់ ដែលនៅពេលត្រូវពន្លឺព្រះអាទិត្យចាំងចំក៏បង្ហាញពន្លឺឡើងមក ប្រៀបបីដូចជាពន្លឺដែលរត់ប្រដេញលើមេឃឆ្វាច់ៗព្រាកៗ
រូបភាពទី២ ក្នុងចំណោមរូបភាពទាំង ៥ ពាក់ព័ន្ធ UAPs លើព្រះចន្ទដែលសហរដ្ឋអាមេរិកទើបបញ្ចេញ (Image Credit: U.S. Department of War via SPACE)

ចុះប្រិយមិត្តវិញគិតយ៉ាងណាដែរ? សម្រាប់ផ្នែកទី១ (PART 1) នេះ យើងសូមធ្វើការរៀបរាប់តែពីបាតុភូត UAPs លើព្រះចន្ទសិនបានហើយ ខណៈផ្នែកបន្តទៀត (PART 2) នោះនឹងមានការនិយាយអំពី UFOs UAPs ដែលសុទ្ធតែស្ថិតនៅក្នុងឯកសារទាំង ១៦២ច្បាប់ ដែលសហរដ្ឋអាមេរិកទើបបានបញ្ចេញជាផ្លូវការនោះដូចគ្នា៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦)

480×240 Banner