ក្រសួងសង្គ្រាមអាមេរិកទម្លាយ «រូបគំនូរ UFO» បង្កើតឡើងតាមសម្តីសាក្សី (PART 2)
(បរទេស)៖ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ មន្ទីរបញ្ចកោណ (ប៉ង់តាហ្គោន) នៃក្រសួងសង្គ្រាម (ការពារជាតិ) សហរដ្ឋអាមេរិក បានបញ្ចេញជាផ្លូវការនូវឯកសារសរុប ១៦២ច្បាប់ (ក្នុងនោះភាគច្រើនជាប្រភេទ PDF) ពាក់ព័ន្ធនឹង វត្ថុហោះហើរដែលគេមិនអាចកំណត់អត្តសញ្ញាណ (UFO – Unidentified Flying Object) ឬជាពាក្យផ្លូវការរួមហៅថា បាតុភូតមិនប្រក្រតីដែលគេមិនអាចកំណត់អត្តសញ្ញាណ (កំណត់យកទាំងលើដី, ក្នុងទឹក, លើអាកាស និងនៅទីអវកាស) (Unidentified Anomalous Phenomena ឬ UAP) ឲ្យបណ្តាអ្នកចង់ដឹងទាំងអស់នៅក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោកបានឃើញផ្ទាល់ភ្នែក…។
នៅក្នុងផ្នែកទី១ (PART 1) នោះយើងបានយល់ដឹងរួចហើយអំពីការថតបាន UAPs ពេលបេសកកម្ម Apollo 12 ចុះទៅដល់ផ្ទៃព្រះចន្ទកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៦៩។ សម្រាប់ផ្នែកទី២ (PART 2) នេះវិញ យើងសូមលើកយកអំពីឯកសារពាក់ព័ន្ធនឹងរូបគំនូរមួយចំនួនអំពី UFO វិញម្តង ដោយក្នុងនោះគ្មានអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាង រូបភាពមួយសន្លឹកនេះទៀតទេ…។ តែសូមកុំភាន់ច្រឡំ ព្រោះនេះមិនមែនរូបពិតនោះទេ ដោយវាគ្រាន់តែជារូបគំនូរបែប Digital ដែលបង្កើតឡើងទៅតាមសម្តីសាក្សីដែលបានឃើញការបង្ហាញខ្លួននៃ UFO នោះផ្ទាល់ប៉ុណ្ណោះ…។ តែយ៉ាងណា យើងទៅឈ្វេងយល់ជាមួយគ្នាបន្តិចក៏ល្អ ហើយប្រិយមិត្តអាចវិភាគរឿងនេះថាអាចទៅរួចឬមិនរួចដោយខ្លួនឯង។

- UFO រាងដូចពងក្រពើរំលេចខ្លួនចេញពីកាំរស្មីមួយ
ការបង្ហាញវត្តមាននៃ UFO រាងដូចពងប្រពើ និងមានពណ៌រាងក្រមៅ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង នៅក្នុងចំណោមឯកសារដែលត្រូវបានទម្លាយ… តែនេះមិនមែនជារូបភាពពិតទេ ដោយវាត្រឹមជារូបគំនូរ Digital ដែលត្រូវបានគូសវាសទៅតាមការរៀបរាប់ របស់ក្រុមមនុស្សម្នាដែលអះអាងថា ពួកគេបានប្រទះឃើញ UFO បែបនេះប៉ុណ្ណោះ។
នៅក្នុងឯកសារនោះបានរៀបរាប់ថា កាលពីឆ្នាំ១៩៥៧ មានបុរសម្នាក់បានធ្វើសេចក្តីរាយការណ៍ទៅកាន់ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) ថា លោកបានមើលឃើញផ្ទាល់ភ្នែកនូវ យាន (UFO) ដែលមានរាងមូលទ្រវែងដ៏ធំ ហោះឡើងពីលើផ្ទៃដីទៅលើមេឃ…។ ដោយឡែកកិច្ចសម្ភាសន៍កាលពីខែកញ្ញា និងតុលា ឆ្នាំ២០២៣ ពលរដ្ឋអាមេរិកមួយចំនួនក៏បានអះអាងផងដែរ ពីការប្រទះឃើញយាន (UFO) បែបនេះទៀត រំលេចខ្លួនចេញពីពន្លឺ ដោយអាចមានប្រវែងពី ៥០-៦០ម៉ែត្រ…។
ក្រុមអ្នកជំនាញក្រោយពីទទួលបានទិន្នន័យទាំងអស់នេះ ក៏បានបង្កើតចេញជាគំនូរ Digital មួយនេះតែម្តង…។ ពលរដ្ឋមួយចំនួនដែលឃើញហេតុការណ៍នេះ ថែមទាំងបានអះអាងទៀតថា យានដ៏ធំនោះបានរំលេចខ្លួនចេញពីពន្លឺលើមេឃ ហើយក៏បានបាត់ខ្លួនចូលទៅក្នុងពន្លឺនោះវិញយ៉ាងលឿន ដែលប្រការនេះមិនទាន់មានអ្នកជំនាញផ្លូវការណា អាចធ្វើការបកស្រាយបានឡើយ…។
តែយ៉ាងណា អ្នកតាមដានជាច្រើននៅលើបណ្តាញសង្គម បានសើចចំអកយ៉ាងខ្លាំងចំពោះរូបភាពនេះ ដោយខ្លះបានអាងថា វាជារូបភាពកំប្លែងបង្កើតឡើងដោយអ្នកពូកែលេងសើចណាមួយ ដោយមិនមែនជាការបង្កើតឡើងបែប Digital ចេញពីទិន្នន័យពិតអ្វីនោះទេ…។ ចុះបងប្អូនវិញ យល់យ៉ាងណាដែរចំពោះរូបនេះ?

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
(Credit: U.S. Department of War)
