ក្រសួងសង្គ្រាមអាមេរិកទម្លាយ «វីដេអូ UAPs» ថតបាននៅក្នុង និងក្រៅប្រទេស (PART 3 – End) (មានវីដេអូ)

996

(បរទេស)៖ យើងទើបបញ្ចប់ផ្នែកទី១ និងទី២ (PART 1 និង PART 2) ដែលបាននិយាយពីការប្រទះឃើញ UFO UAPs លើព្រះចន្ទ និងលើផែនដីដោយសុទ្ធសឹងតែជាការបង្ហាបរូបភាព ហើយឥលូវនេះយើងឈានចូលមកដល់ផ្នែកទី៣ (PART 3) ជាកិច្ចបញ្ចប់ ដោយវីដេអូពិសេសៗមួយចំនួនអំពី UFO UAP ដល់ពេលត្រូវចូលខ្លួនមកវិញម្តង តែក៏សូមជម្រាបជូនប្រិយមិត្តជាមុនផងដែរថា «កុំរំពឹងភាពច្បាស់ចេញពីវីដេអូទាំងអស់នេះ…»

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

នៅក្នុងចំណោមឯកសារទាំង ១៦២ច្បាប់ ដែលក្រសួងសង្គ្រាមសហរដ្ឋអាមេរិកបានបញ្ចេញ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នោះ គេបានបញ្ជាក់ថា វីដេអូនៃបាតុភូតមិនប្រក្រតីដែលគេមិនអាចកំណត់អត្តសញ្ញាណ ឬប្រភព (UAP) មានប្រមាណ ២៨ឃ្លីប ហើយក្នុងនោះមានទាំងអ្វីដែលបានកើតឡើងនៅសហរដ្ឋអាមេរិក និងនៅប្រទេសមួយចំនួនទៀត។

  • ការថតបាន UAPs នៅក្នុងទឹកដីសហរដ្ឋអាមេរិក និងបរទេស

នៅក្នុងចំណោមឯកសារទាំង ១៦២ ដែលត្រូវបានបញ្ចេញដោយក្រសួងសង្គ្រាមសហរដ្ឋអាមេរិកនោះ មានវីដេអូសរុបចំនួន ២៨ឃ្លីប ហើយក្នុងនោះត្រូវបានគេអះអាងថា បានថតចាប់ពីអំលុងទសវត្សរ៍ ១៩៤០ រហូតដល់ចុងឆ្នាំ២០២៥។ វីដេអូទាំងអស់នេះត្រូវបានថតនៅលើទឹកដីសហរដ្ឋអាមេរិក ក៏ដូចជាមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅបរទេស, តំបន់សមុទ្រចិនខាងកើត, សមុទ្រអារ៉ាប់, ប្រទេសស៊ីរី, អេមីរ៉ាត់ អារ៉ាប់រួម, អ៊ីរ៉ាក់ និងក្រិកជាដើម…។

តែយ៉ាងណាដោយ ភាគច្រើននៃឃ្លីបវីដេអូទាំងអស់នេះ ព្រមទាំងសាក្សីដែលបានឃើញហេតុការណ៍ ហើយរាយការណ៍ទៅសមត្ថកិច្ចនោះ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណ និងទីតាំងជាក់លាក់នោះទេ ព្រោះទាំងអស់នេះស្ថិតក្នុងកិច្ចគាំពារឯកជនភាព និងសន្តិសុខជាតិរៀងៗខ្លួន។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ វីដេអូភាគច្រើនគឺសូវមិនច្បាស់ និងសខ្មៅ ដែលធ្វើឲ្យយើងត្រឹមទស្សនាលើកអេក្រង់នេះមិនអាចវិភាគដឹងថា ជាអ្វីឲ្យប្រាកដឡើយ។ ហើយបើទោះបីជាភាគច្រើន ពួកវាចល័តលឿនខុសប្រក្រតី ឬក៏ខ្លះហោះសំកាំងដ៏ចម្លែក ឬក៏បង្ហាញអការៈមិនដូចបច្ចេកវិទ្យាដែលមនុស្សលោកធ្លាប់ឃើញនោះក៏ដោយ ក៏គ្មានភស្តុតាងណាអាចបញ្ជាក់ថា វាជាយាន (UFO) មកពីក្រៅផែនដីនោះដែរ…។

  • UFO រាង៨ទិសហោះហើរមិនប្រក្រតីលើមេឃ

អាចថា ក្នុងចំណោមវីដេអូអំពី UFOUAP ដែលត្រូវបានបញ្ចេញទាំងអស់នោះ មួយឃ្លីបដែលបង្ហាញពីទិដ្ឋភាពដូចពន្លឺផ្កាយបែកស្ញាច ៨ទិស មួយនេះគួរឲ្យចាប់អារម្មណ៍ជាងគេ។ តើវាជាអ្វី? តើវាកើតឡើងនៅទីណា? សម្រាប់ចម្លើយគឺ មិនមាននរណាអាចបញ្ជាក់ការពិតអំពីទិដ្ឋភាពក្នុងវីដេអូដ៏ចម្លែកនេះបានឡើយ ដោយគេត្រឹមបញ្ជាក់ថា វាបានកើតឡើងកាលពីដើមឆ្នាំ២០១៣ នៅតំបន់មជ្ឈិមបូព៌ា។

មន្ត្រីជំនាញនៅសហរដ្ឋអាមេរិក ក៏បានណែនាំមហាជនផងដែរ ដោយមិនត្រូវជឿងាយៗលើការបកស្រាយណាមួយ ដែលមិនសមហេតុផលនោះឡើយ ព្រោះទិដ្ឋភាពប្រភេទៗនេះប្រាកដណាស់ នឹងមានការបកស្រាយតាមការយល់ឃើញយ៉ាងហូរហែរ។ តែយ៉ាងណា អ្នកជំនាញខ្លះក៏បានធ្វើការបកស្រាយដ៏សមហេតុផលមួយផងដែរ នោះគឺទិដ្ឋភាពដូចពន្លឺផ្កាយបែកស្ញាចចេញជា ៨ទិស នោះគឺអាចជាពន្លឺ flare នៃ Lens កាមេរ៉ា ពេលថតចំវត្ថុហោះហើរ (UAP) ដែលបញ្ចេញពន្លឺខ្លាំងនោះ… ហើយអ្នកធ្លាប់ថតអំពូលភ្លើងតាមថ្នល់ខ្លះប្រាកដជាធ្លាប់ជួបរូបភាពបែបនេះ។

ដូច្នេះសរុបសេចក្តីមក ការបង្ហាញឯកសារទាំង ១៦២ច្បាប់ របស់ក្រសួងសង្គ្រាមអាមេរិកនោះ ហាក់មិនមានអ្វីដែលពិសេសខ្លាំងនោះឡើយ ជាពិសេសចំពោះហ្វេនៗ UFO និង Alien ទាំងឡាយ ព្រោះវាមិនបានបង្ហាញនូវអ្វីដែលពួកគេគិតថានឹងអាចឃើញនោះឡើយ។ គោលគំនិតសំខាន់ នៃការបង្ហាញឯកសារទាំងអស់នេះ គឺរដ្ឋបាលលោក ដូណាល់ ត្រាំ ចង់ជម្រុះមន្ទិលរបស់មហាជន ដែលសង្ស័យថា រដ្ឋាភិបាលលាក់ទុករឿងសម្ងាត់អំពី Alien និង UFO នោះប៉ុណ្ណោះ… ដូច្នេះតាមរយៈឯកសារទាំងនេះ គឺគ្មានអ្វីដែលជាអាថ៌កំបាំងទៀតឡើយ…។ តែត្រឹមឯកសារប៉ុណ្ណឹងៗ ក៏មិនអាចរំងាប់ចិត្តសង្ស័យអ្វីកើតនោះដែរ… មែនឬអត់ប្រិយមិត្ត?

(Image Source: U.S. Department of War)

ដោយ៖ Cambo Space (ឥន្ទ វត្ថា)
(Credit: U.S. Department of War)

480×240 Banner