Goodbye! ទីបំផុត NASA បិទបេសកកម្ម MAVEN នៅភពអង្គារ (យល់ដឹងពីស្នាដៃសំខាន់ៗ)

4

(បរទេស)៖ ជាយានដែលអ្នកស្គាល់ចាប់តាំងពីការចាប់ផ្តើមស្វែងយល់ អំពីបេសកកម្មអវកាសដំបូងៗនៅភពព្រះអង្គារ (Mars)… ជាយានដែលបានផ្តិតរូបភាពពិសេសៗ និងឈ្វេងយល់ការពិតជាច្រើនអំពីភពអង្គារ ហើយទីបំផុតនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ អង្គការ NASA នៃសហរដ្ឋអាមេរិក បានប្រកាសបិទបេសកកម្មរបស់វាផ្លូវការ… ពិតណាស់! NASA បានសម្រេចចិត្តបិទបេសកកម្មយានអវកាស MAVEN នៅភពអង្គារហើយ បន្ទាប់ពីវាបានបំពេញបេសកកម្មនៅទីនោះអស់រាប់ទសវត្សរ៍មក។

តើបេសកកម្ម MAVEN ជាអ្វី? តើ MAVEN បានសម្រេចស្នាដៃសំខាន់ៗអ្វីខ្លះ? ហេតុអ្វី NASA សម្រេចបិទបញ្ចប់វា? តើ MAVEN នឹងក្លាយទៅជាអ្វី? ដើម្បីស្រាយចម្ងល់ទាំងអស់នេះ និងជាការចងចាំចំពោះ MAVEN ផងដែរនោះ ចូរតាមដាន និងយល់ដឹងស្នាដៃសំខាន់ៗរបស់ ផ្កាយរណបសង្កេតភពអង្គារមួយនេះដូចតទៅ៖

១៖ បេសកកម្មយាន MAVEN

យាន ឬផ្កាយរណបសង្កេតភពអង្គារ MAVEN ដែលមានបណ្តោយប្រវែងស្មើរថយន្តក្រុងដឹកសិស្ស ពេលពន្លាតបន្ទះសូឡាដូចស្លាបសងខាងរបស់វានោះ ត្រូវបានអង្គការ NASA បញ្ជូនចេញពីភពផែនដី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ និងបានទៅដល់ភពអង្គារ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤។ សម្រាប់គន្លងគោចរវិញ MAVEN គោចរជារង្វង់ជុំវិញភពអង្គារ ដោយនៅពេលកៀកបំផុតមានគម្លាត ១៣២km ពីផ្ទៃភពអង្គារ និងឆ្ងាយបំផុត ៤,៥០០km។

បេសកកម្មដែលមានឈ្មោះពេញថា The Mars Atmosphere and Volatile EvolutioN (MAVEN) គឺមិនខុសពីឈ្មោះរបស់វានោះទេ ដោយគ្រឿងយន្តទម្ងន់ ២,៤៥៤kg (បូកទាំងឥន្ធនៈពេលទើបចេញពីភពផែនដី) មួយនេះមានតួនាទីសិក្សាអំពីបរិយាកាសភពអង្គារ និងការវិវឌ្ឍន៍របស់ឧស្ម័នក្នុងបរិយាកាស ព្រមទាំងឥទ្ធិពលនៃព្រះអាទិត្យ ដែលឆក់យកម៉ូលេគុលឧស្ម័ននានា ចេញពីបរិយាកាសភពអង្គារ នាំឲ្យភពនេះមានបរិយាកាសកាន់តែស្តើងជាដើម… (នឹងយល់បន្ថែមនៅចំណុចទី២)។

២៖ ស្នាដៃសំខាន់ៗនៃយាន MAVEN

គ្រឿងយន្ត MAVEN ដែលជាបេសកកម្មមានតម្លៃសរុបជិត ៦០០លានដុល្លារសហរដ្ឋអាមេរិកមួយនេះ ត្រូវបានអង្គការ NASA ចាត់ទុកថា បានសម្រេចគោលដៅ នៃការសិក្សាស្រាវជ្រាវភពអង្គារ យ៉ាងពេញលេញបំផុត។ បណ្ឌិត Shannon Curry អ្នកជំនាញនៃបេសកកម្ម MAVEN របស់ NASA បានលើកឡើងយ៉ាងដូច្នេះថា «នេះជាបេសកកម្មភពអង្គារ ដ៏ល្អប្រសើរជាទីបំផុត»។ យ៉ាងណាក៏ដោយ ក្រុមការងារ NASA នៅតែទទួលបារម្ភសោកសាយចំពោះការបាត់បង់ យានសំណព្វចិត្តមួយពេលនេះ។ សម្រាប់ស្នាដៃសំខាន់ៗដែលយាន MAVEN សម្រេចបានមានដូចជា៖

  • ការយល់ដឹងជាប្រវត្តិសាស្ត្រថា ខ្យល់ព្រះអាទិត្យ (ព្យុះព្រះអាទិត្យ) បានបោកបក់ និងបំផ្លាញបរិយាកាសក្រាស់ ដែលភពអង្គារធ្លាប់មានកាលពីរាប់ពាន់លានឆ្នាំមុន។
  • ការយល់ដឹងថា ភពអង្គារធ្លាប់ជាភពដែលក្តៅហើយសើមស្រដៀងភពផែនដី កាលពីរាប់ពាន់លានឆ្នាំមុន តែប្រែមកជាត្រជាក់ និងស្ងួតដូចយើងឃើញបច្ចុប្បន្ន។
  • ការឈ្វេងយល់ថា ភាគល្អិតមានបន្ទុក (charged particles) និងធាតុវិទ្យសកម្ម (radiations) ជះចេញពីព្រះអាទិត្យ ជាកត្តាជំរុញឲ្យភពអង្គការបាត់បង់បរិយាកាស តាមរយៈការឆក់យក អុកស៊ីហ្សែន (oxygen), កាបូនឌីអុកស៊ីត (carbon dioxide) និងអ៊ីដ្រូសែន (hydrogen) បន្តិចម្តងៗចេញពីបរិយាកាស។
  • ការរកឃើញថា ភពអង្គារក៏មានពន្លឺ Aurora ដែរ តាមរយៈភាគល្អិតមានបន្ទុកជះចេញពីព្រះអាទិត្យ មកធ្វើប្រតិកម្មជាមួយបរិយាកាសភពអង្គារ តែវាមិនដូច Aurora ផែនដីឡើយ។
  • ការសង្កេតព្យុះធូលីភពអង្គារ (dust storm) ឆ្នាំ២០១៨ និងរកឃើញថា វាជាឱកាសដែលសមាសធាតុទឹក (water vapor) បាត់បង់បន្ថែមចេញពីភពអង្គារ តាមឥទ្ធិពលពីព្រះអាទិត្យជះមកចំពេលមាន dust storm នោះ។
  • ការឈ្វេងយល់យ៉ាងច្បាស់ អំពីឥរិយាបថនៃដែនម៉ាញេទិច (magnetic fields) និងកន្ទុយម៉ាញេទិច (magnetotail) បញ្ចេញឥទ្ធិពលដ៏ខ្សោយពេលទប់ទល់នឹងព្យុះព្រះអាទិត្យ…។

៣៖ ការសម្រេចបញ្ចប់បេសកកម្ម MAVEN ជាផ្លូវការ

វាមិនមែនជារឿងចម្លែកអ្វីទេ សម្រាប់ការបិទបញ្ចប់បេសកកម្ម ដែលមានអាយុកាលជាង ១០ឆ្នាំមកហើយ និងបានបំពេញគ្រប់កិច្ចការទាំងអស់រួចហើយនោះ តែបើគិតពីអាយុវិញ MAVEN ប្អូនយាន MRO ដែលជាប្រភេទផ្កាយរណបដូចគ្នារហូតដល់ទៅ ១០ឆ្នាំឯណោះ ខណៈ NASA ក៏ព្យាយាមសង្គ្រោះ MAVEN ច្រើនដងដែរ តែមិនបានសម្រេច។

ទំនាក់ទំនងលើកចុងក្រោយបំផុតរវាង ចានតេឡេស្កូប DSN (Deep Space Network) និង MAVEN គឺកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ គឺនៅមុនពេលដែល MAVEN គោចរកាត់ក្រោយភពអង្គារ ដែលនាំឲ្យការទាក់ទងមិនអាចធ្វើបាន…។ តែនៅពេល MAVEN ចេញពីផ្នែកខាងក្រោយភពអង្គារវិញ ស្រាប់តែផ្កាយរណបមួយនេះដាក់ខ្លួនវាដោយស្វ័យប្រវត្តិទៅក្នុងមុខងារ Safe Mode ក្រោយពីការកើតមានរង្វិលខ្លួនឯង និងការប្រឹងប្រើថាមពលពីអាគុយដើម្បីទប់លំនឹងឡើងវិញ ដែលជាហេតុនាំនាំឲ្យបាត់បង់ថាមពលដល់កម្រិតគ្រោះថ្នាក់… ដូច្នេះក្រុមអ្នកជំនាញ គ្មានវិធីសាស្ត្រណា អាចស្រោចស្រង់ MAVEN ឡើងវិញបានឡើយ។ សម្រាប់កត្តាដែលបានបង្កភាពមិនប្រក្រតីនេះឡើង កំពុងស្ថិតក្នុងការស៊ើបអង្កេតយ៉ាងលម្អិត។

៤៖ តើ MAVEN នឹងក្លាយជាអ្វីបន្ទាប់ពីការបញ្ចប់នេះ?

យោងតាមក្រុមជំនាញ NASA ផ្កាយរណបសង្កេតភពអង្គារ MAVEN នឹងក្លាយជាសំរាមអវកាសជុំវិញភពអង្គារ ដោយនឹងបន្តការគោចរទាំងគ្មាននរណាគ្រប់គ្រងបាន ចន្លោះពី ៥០ឆ្នាំ ទៅ ១០០ឆ្នាំទៀត។ បន្ទាប់ពីនោះវានឹងធ្លាក់ទៅដល់រយៈកម្ពស់ ដែលកម្លាំងទំនាញភពអង្គារអាចស្រូបទាញវាបាន រួចនឹងបុកបរិយាកាសដ៏ស្តើងនៃភពអង្គារ ហើយឆាបឆេះអស់ ឬក្លាយជាកម្ទេចសំរាម ធ្លាក់លើផ្ទៃភពអង្គារ…។ បើតាមអ្នកជំនាញ វានឹងមិនបង្កគ្រោះថ្នាក់ដល់ ផ្កាយរណបផ្សេងៗទៀតដែលកំពុងគោចរជុំវិញភពអង្គារនោះឡើយ៕

Goodbye! ទីបំផុត NASA បិទបេសកកម្ម MAVEN នៅភពអង្គារ (យល់ដឹងពីស្នាដៃសំខាន់ៗ)
បេសកកម្ម MAVEN ជុំវិញភពអង្គារ (Credit: NASA / JPL-Caltech)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE via NASA (ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦)

480×240 Banner