«ចំណុចអស្ចារ្យធំៗ៣ពីភាពយន្តអវកាស Interstellar (2014)» ដែលអាចផ្តល់អារម្មណ៍វិលវល់ដល់អ្នកទស្សនា…
(ភ្នំពេញ)៖ កាលពីប៉ុន្មានខែមុននេះ Cambo Space បានបញ្ជាក់ប្រាប់បងប្អូនអ្នកទស្សនា នូវចំណុចពិសេសមួយចំនួន ដែលជាភាពទាក់ទាញខ្លាំង នៅក្នុងខ្សែភាពយន្តហូលីវូដ Interstellar ឆ្នាំ២០១៤ របស់សហរដ្ឋអាមេរិក ដូចជាការទៅជិតប្រហោងខ្មៅនាំឲ្យពេលវេលាដើរយឺតជាងទីអវកាសធម្មតា, ការចល័តយានឆ្លងច្រក Wormhole ដើម្បីឆ្លងទៅប្រព័ន្ធព្រះអាទិត្យផ្សេងតែក្នុងពេលមួយយប់ ព្រមជាមួយនឹងផែនការរបស់ NASA ដើម្បីសង្គ្រោះភាពរលំរលាយ នៃមនុស្សលោកលើផែនដី។
ដូច្នេះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ ព័ត៌មានថ្មីៗ អវកាស និងវិទ្យាសាស្ត្រ (Cambo Space) មានចំណុចពិសេស ៣ធំៗបន្ថែមទៀត ដើម្បីបកស្រាយជូនបងប្អូនដូចតទៅ៖
១៖ ពេលឆ្លងច្រក Wormhole ដែលស្ថិតនៅក្បែរភពសៅរ៍ហើយ យានអវកាសរបស់ NASA ដែលផ្ទុកអវកាសយានិក ០៤នាក់ អាចត្រឹមទទួលបានសារជាវីដេអូ ឬសំឡេង ពីផែនដីប៉ុណ្ណោះ ប៉ុន្តែមិនអាចផ្ញើទៅវិញបានទេ ដោយនេះគឺបណ្តាលមកពីភាពខុសគ្នានៃ Space Time (ពេលវេលា និងលំហអវកាស) ជាមួយនឹងពេលវេលានៅជិតប្រហោងខ្មៅ ដែលមានលក្ខណៈខុសគ្នា (ពេលវេលានៅជិត Black Hole ដើរយឺតជាងនៅទីអវកាសធម្មតា ឬក៏នៅលើផែនដី)។
២៖ ចុងក្រោយ Dr. Brand ដែលតួអង្គអ្នកវិទ្យាសាស្ត្រនារី សំខាន់មួយរូបក្នុងខ្សែភាពយន្ត ត្រូវបានលោក Cooper សម្រេចបោះបង់ចោល ដើម្បីបញ្ជាយានខ្លួនចូលប្រហោងខ្មៅជាការពិសោធន៍ ដែលអាចឲ្យលោកចេញតាមច្រក Wormhole មកកាន់ភពសៅរ៍ និងភពផែនដីវិញ ហើយវាពិតជាបានសម្រេចមែន ប៉ុន្តែលោកក៏ត្រូវដោះស្រាយចំណោទជាច្រើននៅក្នុងភាពខុសគ្នានៃពេលវេលា និងលំហអវកាសទើបអាចចេញពីទីនោះបាន។
ពេលលោកមកដល់ស្ថានីយ៍អវកាស Cooper របស់កូនស្រីលោក នៅប្រព័ន្ធព្រះអាទិត្យយើងវិញ លោក Cooper មានអាយុ ១២៤ឆ្នាំ (បើគិតពីពេលលោកចាកចេញពីផែនដី) ប៉ុន្តែនៅមានមុខក្មេងស្នើនឹងអាយុ ៥០ឆ្នាំដដែល ប៉ុន្តែកូនស្រីលោក គឺលោកស្រី Murph ដែលលោកបានចាកចោលតាំងពីនាងនៅអាយុជាង ១០ឆ្នាំ លើផែនដីនោះ នាងបានវិវឌ្ឍន៍តាមធម្មជាតិលើផែនដីទៅជាវ័យចាស់ជរា ដែលមើលទៅនាងសមជាលោកយាយរបស់ឪពុកនាងទៅវិញ។
៣៖ Murph បានប្រាប់ឪពុកដែលមានវ័យក្មេងជាងខ្លួន ខណៈដែលស្ត្រីចំណាស់នេះ ជិតដល់ពេលផុតជីវិតទៅហើយថា «គ្មានឪពុកណា ត្រូវអង្គុយមើលកូនខ្លួនឯងស្លាប់នោះទេ… ចូលទៅរកនាងចុះ…» នោះគឺចង់សម្តៅលើ Dr. Brand ដែលកំពុងស្ថិតនៅប្រព័ន្ធព្រះអាទិត្យផ្សេងដ៏ចម្លែក…។
ចុងបញ្ចប់លោក Cooper សម្រេចចិត្តទៅមែន ដោយជិះយានចេញពីស្ថានីយ៍ Cooper ដែលស្ថិតនៅជិតភពសៅរ៍ និងច្រក Wormhole ស្រាប់ ដើម្បីទៅរក Dr. Brand។
* ចំណុចបញ្ចប់ពិសេស៖ Dr. Brand បានកសាងមូលដ្ឋានតូចមួយតែឯង ដ៏ឯកោបំផុតនៅលើភពដ៏ចម្លែកដោយគ្មានរំពឹងថា លោក Cooper នឹងទៅរកនាងវិញនោះឡើយ ប៉ុន្តែភពដែលនាងរស់នៅនោះ គឺអាចដកដង្ហើមបាន ដោយមិនចាំបាច់មានបំពាក់ឧបករណ៍ជំនួយជាប់ច្រមុះ… ហេតុដូច្នេះវាមានន័យថា ពួកគេសម្រេចជោគជ័យ ក្នុងការស្វែងរកភពផ្សេងដែលអាចទ្រទ្រង់ជីវិតបានហើយ។ វាជាមូលន័យតូចមួយ ដែលពិតជាពិបាកឲ្យគេចាប់អារម្មណ៍បានណាស់ ហើយក៏ជារឿងប្រឌិតតាមបែបវិទ្យាសាស្ត្រ ដែលហាក់មិនទាន់មានភាពយន្តណាផ្សេងទៀត ចូលមកស្នងតំណែងបានឡើយ៕
ដោយ៖ Cambo Space (ឥន្ទ វត្ថា) / (Credit: Interstellar)