ដើម្បីបោសសម្អាតអាហារគីមី «វៀតណាមព្រមានចាប់អ្នកផលិត និងលក់ដូរញាត់គុក» បើអាជ្ញាធររកឃើញបទល្មើសជាក់ស្តែង!

149

(ហាណូយ)៖ ជនណា​ដែលផលិត ឬជួញដូរអាហារ​កខ្វក់ ឬក៏មានសារ​ធាតុហាមឃាត់​លើសកំណត់​ ក្នុងចំណីអាហារ អាចនឹងត្រូវប្រឈមមុខ​ជាប់ពន្ធនាគាររ​ហូតដល់ទៅ ២០ឆ្នាំ ក្នុងប្រទេស​វៀតណាម។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​វៀតណាម ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។

យោងតាម​សារព័ត៌មាន​វៀតណាម Tien Phong អនុឡោមតាម​ការធ្វើវិសោធនកម្ម​ច្បាប់​ព្រហ្មទណ្ឌថ្មី ដែលបានចូល​ជាធរមានកាល​ពី​ថ្ងៃទី០១ មករា ជនណា​ក៏ដោយ ដែល​បានផលិត ឬជួញដូរ​ចំណីអាហារ​កខ្វក់ អាចនឹងត្រូវកាត់ទោស​ឱ្យជាប់ពន្ធនាគារ​ពី ០១ឆ្នាំ ទៅ ០៥ឆ្នាំ និងពិន័យ​ជាប្រាក់ពី ២,២០០ ដល់៨,៨០០ដុល្លារ សម្រាប់ទោស​ស្រាល។

ចំណែកឯ​ទោសធ្ងន់ធ្ងរ អាចប្រឈមមុខ​ជាប់ពន្ធនាគា​រពី ១២ឆ្នាំ រហូតដល់ ២០ឆ្នាំ ហើយទោស​ព្រហ្មទណ្ឌ​កំរិតធ្ងន់នេះ នឹងត្រូវអនុវត្ត​ក្នុងករណី​អាហារមានជាតិ​ពុលធ្ងន់ធ្ងរ ដែលបណ្ដាល​ឱ្យមនុស្ស ២០០នាក់ ធ្លាក់ខ្លួនឈឺ ឬសម្លាប់​មនុស្ស ០៣នាក់ ឬក៏មាន​ប្រើប្រាស់សារ​ធាតុហាមឃាត់ ក្នុងចំណីអាហារ​លើក​កំណត់។

បើតាមក្រសួង​សុខាភិបាល​វៀតណាម មានករណី​ពុលចំណី​អាហារ ១១១ករណី និងបណ្ដាល​ឱ្យមនុស្ស ៣,៣៥២នាក់ធ្លាក់ខ្លួនឈឺ ហើយ ២២នាក់ ស្លាប់​កាលពីឆ្នាំ ២០១៧។ ដោយឡែក​នៅឆ្នាំ២០១៦ ការពុល​ចំណីអាហារ​កខ្វក់ ដែលផ្ទុកសារធាតុគីមី​​លើសកំណត់​មាន ១២៩ករណី និងមនុស្ស ៤,១២៧នាក់ រងផល​ប៉ះពាល់ រីឯ ១២នាក់ បាត់បង់ជីវិត។

គួរបញ្ជាក់ថា បញ្ហាទាក់ទងនឹង​អាហារកខ្វក់ និងផ្ទុកសារធាតុគីមី បានរីកសាយកាន់តែធំ​ក្នុង​សង្គម​វៀតណាម ហើយប្រការនេះ​ក៏បានធ្វើឲ្យប្រជាជនវៀតណាម​កាន់តែច្រើន បាត់បង់ទំនុកចិត្ត​លើ​ចំណីអាហារ​ផលិត និងដាំដុះក្នុងស្រុកផងដែរ។ តាមតួលេខកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ អាហារ​ដែលនាំចូលពីចិន និងថៃ ទទួលបានការគាំទ្រច្រើនពីប្រជាជនវៀតណាម ជាពិសេសបន្លែ និងផ្លែឈើ ព្រមទាំងអាហារកំប៉ុងផងដែរ៕

480×240 Banner