តោះ! មកតាមដាន «ភាពអស្ចារ្យប្លែកពីគេទាំង ០៥ របស់ភពអង្គារ» ពិតជាគ្មានកន្លែងណាដូចឡើយ…!
(ភ្នំពេញ)៖ សូមមកធ្វើការស្វែងយល់បន្ថែម ពីពិភពលោកនាថ្ងៃអនាគតរបស់មនុស្ស នោះគឺភពព្រះអង្គារ ដែលបងប្អូនមួយចំនួនមិនធ្លាប់បានដឹងនោះឡើយ។ អ្វីសំខាន់សម្រាប់ពេលនេះ គឺភាពអស្ចារ្យប្លែកពីគេទាំង ០៥ របស់ភពអង្គារ ដែលភពនានានៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះមិនមាននោះឡើយ។ ចង់ដឹងថា តើភាពអស្ចារ្យនោះគឺមានអ្វីខ្លះ សូមទស្សនាកម្រងរូបភាពដូចខាងក្រោម៖
១. ភ្នំភ្លើងអូឡាំភូស (Olympus)៖ ជាភ្នំភ្លើងខ្ពស់ និងធំជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ដោយវាមានកម្ពស់ ២៥គីឡូម៉ែត្រ (ខ្ពស់ជាងភ្នំអេវើរ៉ែស លើផែនដីជិត 0៣ដង) និងមុខកាត់ ៦២៤គីឡូម៉ែត្រឯណោះ ពិតជាធំធេងមែនទែនតែម្តង។ អ្នកវិទ្យាសាស្ត្រអះអាងថា ទោះភ្នំភ្លើងនេះលែងមានសកម្មភាពទៀត តែវាមិនទាន់ស្លាប់ទាំងស្រុងនោះឡើយ។
២. ជ្រលងម៉ារីណឺរីស (Valles Marineris)៖ ជាជ្រលងដ៏ធំ និងប្លែកអស្ចារ្យនៅលើភពអង្គារ ប៉ុន្តែវាប្រៀបបីដូចស្នាមរបួសដ៏ធំ នៅលើភពក្រហមនេះទៅវិញ។ Marineris មានជម្រៅ ៧គីឡូម៉ែត្រ, បណ្តោយជាង ៤,០០០គីឡូម៉ែត្រ និងទទឹងកន្លែងខ្លះសន្ធឹងដល់ ២០០គីឡូម៉ែត្រឯណោះ ពិតជាធំធេងមិនអាចរកបាននៅកន្លែងផ្សេងទៀតឡើយ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ Marineris វែងជាប្រវែងផ្ទៃដីសហរដ្ឋអាមេរិក ពីលិចទៅកើតទៅទៀត។
៣. សណ្ឋានដីធ្លាប់មានទឹក ឬអាចជីវិតផងក៏ថាបាន៖ យានរុករកភពអង្គារ Curiosity បានរកឃើញស្នាមជ្រលងដងអូរ បឹង សមុទ្រ និងសំណឹកថ្មបង្កឡើងដោយទឹកហូរ នៅលើផ្ទៃភពអង្គារ ដែលនេះបង្ហាញថា ភពអង្គារធ្លាប់មានទឹកនៅលើផ្ទៃ ដូចផែនដីបច្ចុប្បន្ន ប៉ុន្តែមូលហេតុនៃការបាត់បង់ទឹកទៅវិញនោះ គឺពិតជាត្រូវការមនុស្សសិក្សាបន្ថែមទៀត។
៤. សីតុណ្ហភាព៖ សីតុណ្ហភាពខ្ពស់បំផុតនៅលើភពអង្គារ គឺ ២០អង្សាសេ ដែលវាពិតជាចំណុចវិជ្ជមានបំផុតមួយ ដែលមិនអាចរកបាននៅភពផ្សេងឡើយ (លើកលែងផែនដី) ដោយហេតុដូច្នេះហើយទើបមនុស្សចាត់ទុកភពអង្គារ ជាភពផ្សេងទី ១ ដែលត្រូវតែដាក់អាណានិគម និងងាយស្រួលសម្របខ្លួន ជាពិសេសបរិយាកាសរបស់ភពអង្គារ មានភាពងាយស្រួលក្នុងការបំលែងជាងកន្លែងផ្សេងៗទៀត ព្រោះភពអង្គារមានទឹកនៅក្រោមស្រទាប់ដីស្រាប់។
៥. បំណែកភពអង្គារមាននៅលើផែនដី៖ អ្នកវិទ្យាសាស្ត្រអះអាងថា គេបានរកឃើញដុំថ្ម ឬបំណែកពីភពអង្គារ ធ្លាក់មកលើផែនដី។ រឿងនេះកើតមានឡើងក៏ព្រោះតែភពអង្គារ បានប៉ះទង្គិចហ្នឹងអាចម៍ផ្កាយដ៏ធំ កាលពីរាប់ពាន់លានឆ្នាំមុន ហើយវាក៏ជាមូលហេតុដែលអាចបានបណ្តាលឲ្យភពនេះបាត់បង់បរិយាកាស និងទឹកផងដែរ។ បំណែកភពអង្គារ ក្រោយប៉ះទង្គិចនឹងអាចម៍ផ្កាយ បានរសាត់ទៅគ្រប់ទិសទី ហើយមួយចំនួនក៏ធ្លាក់មកលើផែនដីផងដែរ៕