ទីក្រុងបាងកក, ហូជីមិញ និងរ៉ង់ហ្គូន «ប្រឈមមុខការលិចក្នុងទឹកសមុទ្រ នារយៈពេល ៥០ឆ្នាំទៀត…»
ប៉ារីស)៖ ការកើនឡើងកម្តៅនៃពិភពលោក ពិតជាអាក្រក់ខ្លាំងលើសការរំពឹងទុកទៅទៀត ដោយអ្នកជំនាញបានព្រមានថា បើនៅតែបន្តស្ថានភាពដូចពេលបច្ចុប្បន្ននេះទៅមុខទៀត កម្រិតនីវ៉ូទឹកសមុទ្រនឹងកើនឡើង ហើយទីក្រុងជាប់ ឬក្បែរឆ្នេរសមុទ្រ និងតំបន់ឆ្នេរនានានឹងរងការជន់លិចខ្លាំង លើសមុនទ្វេដងទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយព័ត៌មានវិទ្យាសាស្ត្រ ពីវែបសាយ Channel News Asia នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
ការកើនឡើងនៃកម្ពស់ទឹកសមុទ្រពី ១០ ទៅ ២០សង់ទីម៉ែត្ររហូតដល់ឆ្នាំ២០៥០នោះ វានឹងធ្វើឲ្យតំបន់ជាច្រើនលើភពផែនដីប្រឈមមុខនឹងការលិចលង់ខ្លាំង លើសការព្យាករណ៍លើកមុនទ្វេដងឯណោះ។ ទីក្រុងធំៗជាច្រើននៅតំបន់អាមេរិកខាងជើងដូចជា Vancouver, Seattle, San Francisco and Los Angeles និងទីក្រុងមួយចំនួនទៀតនៅតំបន់អឺរ៉ុបខាងលិច ជាប់សមុទ្រអាត្លង់ទិក នឹងទទួលរងគ្រោះដោយទឹកជំនន់ខ្លាំងមុនគេ។
សម្រាប់មហន្តរាយជាបន្តបន្ទាប់ទៀត នឹងកើតឡើងទៅលើទីក្រុងនៃតំបន់ត្រូពិក ក្នុងនោះគឺទន្លេជាច្រើននៃទីក្រុងដែលមានប្រជាជនរស់នៅច្រើននៅទ្វីបអាស៊ី និងអាហ្វ្រិក នឹងទទួលរងគ្រោះនៅប៉ុន្មានទសវត្សរ៍ទៅមុខទៀតប៉ុណ្ណោះ។ ទោះបីជាទឹកសមុទ្រអាចមានការកើនឡើងនូវនីវ៉ូទាបជាការរំពឹងទុកក្តី ក៏ទីក្រុងមួយចំនួនទៀតដូចជា Mumbai, Kochi និង Abidjan ជាដើមនៅតែនឹងទទួលរងគ្រោះដដែលពីទឹកជំនន់។
សម្រាប់តំបន់អាស៊ីអាគ្នេយ៍យើងនេះ គឺបណ្តាទីក្រុងមួយចំនួន ដូចជា បាងកក, ហូជីមិញ និងរ៉ង់ហ្គូន ជាដើម នឹងទទួលរងគ្រោះមុនទីក្រុងដទៃៗ នៅក្នុងបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ១០ ហើយបើគិតពីអាស៊ីខាងត្បូងវិញ គឺទីក្រុងដូចជា ដាកា, សៀងហៃ និងកុលកាតា បន្ថែមទៀត អាចនឹងលិចទឹកនៅអំឡុង ៥០ឆ្នាំទៀតប៉ុណ្ណោះ។ សម្រាប់តំបន់ ដែលនឹងក្លាយទីឋានសុខដុម គឺស្ថិតនៅតំបន់អាស៊ីកណ្តាល ដូចជានៅប្រទេស Turkmenistan, Uzbekistan និង Kazakhstan។
គួរបញ្ជាក់ថា តាមការសិក្សារបស់អ្នកជំនាញសកល ទឹកជំនន់ដែលបង្កឡើងដោយនីវ៉ូទឹកសមុទ្រកើនឡើង ដែលជាគ្រោះមហន្តរាយនៃការកើនឡើងកម្តៅពិភពលោកនោះ គឺជារឿងមិនអាចបកក្រោយនោះឡើយ ហើយសម្រាប់ដែនកោះតូចៗនានា ឬប្រទេសដីកោះមួយចំនួន ពិតណាស់ថា នឹងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត៕