ប្រទេសប៉េរូ​ជាប់លេខ ១ ខាង​ផលិតមាសនៅអាមេរិកឡាទីន ប៉ុន្តែមក​មើល​កន្លែង​ជីករ៉ែនេះវិញ គួរឲ្យអាសូ…!

165

(លីម៉ា)៖ អំណោយផល​ទីតាំងភូមិសាស្ត្រ នៃប្រទេសប៉េរូ ពិតជាបានជួយសេដ្ឋកិច្ចប្រទេសនេះ ឲ្យរីកចំរើនលឿនដោយមិនបាច់ប្រឹងខ្លាំង ដូចបណ្តាប្រទេសភាគ​ច្រើនលើលោកនោះឡើយ ព្រោះតែរ៉ែមាស និងប្រាក់​កប់ពាសពេញក្រោម​ដី ត្រូវការតែ​អ្នកមានជំនាញ ធ្វើការជីក និងចម្រាញ​ទៅជាផលិតផលសម្រេច​ប៉ុណ្ណោះ ប៉ុន្តែផល​​ប៉ះពាល់​ដល់​បរិស្ថានវិញ ក៏ធំធេងទៅ​តាមសកម្មភាព​នោះដែរ។ នេះបើ​តាមការ​របាយការណ៍ថ្មី ចេញផ្សាយនាដើម​ឆ្នាំ២០១៨ ថ្មីៗកន្លងទៅនេះ។

ប្រទេសប៉េរូក៏មាន​ផ្ទៃដីជាប់ព្រៃអាំម៉ាហ្សូណ ដែលជាគំរបទឹកភ្លៀង និងព្រៃឈើធំបំផុត​នៅលើ​ពិភពលោក​ផងដែរ ប៉ុន្តែនៅតំបន់នោះ​ត្រូវបានក្រុម​ជំនាញដឹងថា មានបង្កប់រ៉ែមាស​យ៉ាងច្រើនក្រាស់ក្រែល ដែលជាហេតុនាំឲ្យការ​ជីករកខុសច្បាប់ មានការកើនឡើងយ៉ាង​គំហុក។ ទោះបីជាសកម្មភាព​ស្របច្បាប់ ឬខុសច្បាប់ក៏ដោយ ប៉ុន្តែផលប៉ះពាល់ធ្ងន់ធ្ងរដល់ បរិស្ថាន គឺមិនអាចជៀស​ផុតឡើយ មានដូចជាការកាប់​បំផ្លាញព្រៃឈើ ការបំពុលទឹក និងការបំផ្លាញជីវៈ​ចំរុះជារួមតែម្តង។

សមាគម​រ៉ែ ប្រេង និងថាមពលជាតិ នៃប្រទេស​ប៉េរូបាន​ឱ្យដឹងថា ទីក្រុងលីម៉ា​​នៅតែអាចរក្សា​​ដំណែង​​ជាអ្នកផលិតមាស នំាមុខគេ​នៅ​អាមេរិកឡាទីន និងធំជាងគេ​លំដាប់ទី០៦ នៅក្នុងពិភពលោក​កាលពី​ឆ្នាំ២០១៧ ជាមួយការ​ផលិតមាស ១៥១តោន កាលពីឆ្នាំមុន។

យោងតាមទិន្នន័យ​ចេញផ្សាយកាលពី​ថ្ងៃអង្គារ ផលិតផល​មាសធំជាងគេ គឺបានមកពី​ភាគខាងជើង​តំបន់ ឡា លីប៊ឺតាដ (La Libertad) ចំនួន ៤៣តោន និងតំបន់ កាហ្សាម៉ារកា (Cajamarca) ចំនួន ៣៣តោន តាមពីក្រោយ​ដោយភាគខាងត្បូង​ នៃតំបន់ អារ៉េឃ្វីប៉ា (Arequipa) ២០តោន តំបន់ អាយ៉ាគូចូ (Ayacucho) ១២តោន។

ចំណែកឯ​រ៉ែប្រាក់វិញ ប៉េរូគឺជាអ្នកផលិត​ប្រាក់ធំទី ០២ ក្នុងលោក​កាលពីឆ្នាំមុន តាមពីក្រោយ​មិចស៊ីកូ ដោយ​ផលិតបាន​ប្រាក់ ៤,៣០៤តោន។ ជាងនេះ​ទៅទៀត ប៉េរូ ក៏ត្រូវបានគេ​ស្គាល់ផងដែរថា ជាអ្នកផលិតលោហៈ​ដ៏ធំ ហើយ ៦០ភាគរយ នៃចំណូលពីការនាំ ចេញរបស់ខ្លួន​បានមកពី​ឧស្សហកម្មរ៉ែ។

គួរបញ្ជាក់ថា នៅរយៈពេល ០៨ខែដំបូងកាលពីឆ្នាំ២០១៧ ប៉េរូបាននាំចេញ​រ៉ែគិតជាទឹកប្រាក់​សរុប ១៦.៦៩៨ពាន់លាន​ដុល្លារ ឬកើនឡើង ២៤ភាគរយ ខណៈការនាំចេញ​ទង់ដែងសរុបជា​ទឹកប្រាក់ ៨.២៥២ពាន់​លានដុល្លារ ឬកើនឡើង ៣៥ភាគរយ និងការនាំចេញ​មាសកើនដល់ ៥.១៦៤ពាន់លានដុល្លារ ឬកើនឡើង ០៧ភាគរយ បើធៀបទៅនឹង​រយៈពេលដូចគ្នា​ កាលពី​ឆ្នាំ២០១៦៕

480×240 Banner