ភ្ញាក់ផ្អើលពេញពិភពលោកចំពោះ «បច្ចេកវិទ្យាអវកាស-វិទ្យាសាស្ត្រ» ទាំង ១២ ដែលចិនសម្រេចបានក្នុងឆ្នាំ២០១៦

181

(ចិន)៖ មហាអំណាចចិននៅក្នុងឆ្នាំ២០១៦ នេះសម្រេចបាននូវសមិទ្ធផលនៃបច្ចេកវិទ្យាក៏ដូចជាវិទ្យាសាស្រ្ត​ដ៏កក្រើកជាច្រើន​​ដែលបានធ្វើឲ្យពិភពលោកទាំងមូល​ មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការវិវត្តន៍ទៅមុខ​យ៉ាងឆាប់រហ័សនៃការអភិវឌ្ឍបច្ចេកវិទ្យានៅក្នុងប្រទេសមហាយក្សមួយនេះ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។

ខាងក្រោមគឺជាបច្ចេកវិទ្យាដ៏កក្រើកទាំង ១២ ដែលប្រទេសចិនសម្រេចបាននៅក្នុងឆ្នាំ២០១៦នេះ៖

១៖ យន្តហោះចម្បាំង J-20

យន្តហោះចម្បាំង J-20 ត្រូវបានបង្ហាញខ្លួនជាផ្លូវការលើកដំបូង​នៅក្នុងពិព័រណ៌អវកាស និងអាកាសចរណ៍អន្តរជាតិចិនលើកទី១១ ហើយវាត្រូវបានផលិតឡើងដោយ​ប្រទេសចិនផ្ទាល់សុទ្ធសាធ និងមានសមត្ថភាពស្មើទៅនឹងយន្តហោះ​ចម្បាំងប្រភេទ F-22 របស់សហរដ្ឋអាមេរិក ដែលអាចបំបាំងខ្លួនចេញ​ពីប្រព័ន្ធរ៉ាដាបាន។

២៖ រថភ្លើងដើរដោយថ្មអគ្គិសនី

គុណសម្បត្តិរបស់រថភ្លើងដែលដំណើរការដោយថ្មសាកដែលចិនផលិតឡើងនេះ គឺវាធ្វើប្រតិបត្តិការ ដោយស្ងៀមស្ងាត់និងគ្មានការបំពុលបរិស្ថាន ដោយសារតែរថភ្លើងប្រភេទនេះពុំបានប្រើប្រាស់ ប្រេងឥន្ទនៈហ្វូស៊ីល ដូចជាធ្យូងថ្ម ឬក៏ប្រេងសាំងដែលបញ្ចេញផ្សែកខ្វក់ និងមិនត្រូវការផ្លូវដែកដែលមានហេដ្ឋរចនាសម្ព័ន្ធតម្លៃថ្លៃនោះឡើយ។

៣៖ ចានផ្កាយរណបដ៏ធំជាងគេបំផុត

វាមានឈ្មោះថា FAST (Aperture Spherical Telescope) និងធំជាងបង្អស់នៅលើពិភពលោក ដោយមានអង្កត់ផ្ចិតដល់ទៅ ៥០០ម៉ែត្រ។ FAST ដែលត្រូវបានផលិត​ឡើងដោយជោគជ័យកាលពីខែកក្កដា កន្លងទៅនេះ ជាមួយនិងទឹកប្រាក់ចំនួន ១៨០លានដុល្លារអាមេរិក មានទំហំស្មើនឹងទីលានបាល់ទាត់ចំនួន៣០បញ្ចូលគ្នា និងត្រូវបានដាក់​ឲ្យប្រើប្រាស់នៅក្នុងតំបន់ Pingtang នៃខេត្ត Guizhou ភាគនិរតីប្រទេសចិន ហើយត្រូវបានគេហៅថា «កែវភ្នែកនៃឋានសួគ៌របស់ចិន»។ តួនាទីរបស់ FAST រួមមានធ្វើការស្ទាបស្ទង់ទៅលើសារធាតុ Neutral Hydrogen នៅក្នុងលំហអាកាស, ឃ្លាំមើលភពផ្កាយ, និងតាមដានក៏ដូចជាធ្វើការ​ទាក់ទងជាមួយយាន​អវកាសរបស់ចិន។

៤៖ ដំណើរទៅកាន់ទីពិសោធន៍អវកាស Tiangong-2

ចិនបានបញ្ជូនអវកាសយានិករបស់ខ្លួនចំនួនពីររូប តាមរយៈយានអវកាស Shenzhou-11 កាលពីថ្ងៃទី១៧ ខែតុលា និងបានធ្វើដំណើរដោយជោគជ័យទៅ​ដល់មន្ទីរពិសោធន៍អវកាសដំបូងបំផុតរបស់ចិនឈ្មោះថា Tiangong-2 នៅរយៈពេលពីរថ្ងៃក្រោយ ហើយអ្នកទាំងពីរបានចំណាយពេល ៣០ថ្ងៃរស់នៅទីនោះ។ ក្រោយមកអវកាសយានិកទាំងពីររូប ដែលបានបំពេញបេសកកម្មលំហរកាសដោយមនុស្សយូរជាងគេបង្អស់នេះសម្រាប់ប្រទេសចិន បានវិលត្រឡប់មកកាន់​ភពផែនដីវិញ​កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។

៥៖ យន្តហោះធុន AG-600

យន្តហោះដែលមានសមត្ថភាព ចុះចតលើផ្ទៃទឹកបានមួយនេះក៏ត្រូវបានដាក់​ឲ្យបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍អវកាស និងអាកាសចរណ៍អន្តរជាតិចិនលើកទី១១ ផងដែរ និងជាយន្តហោះចុះលើទឹកប្រភេទថ្មី និងធំជាងគេបំផុតនៅលើពិភពលោក ដោយវាមានតួខ្លួនប្រវែង ៣៧ម៉ែត្រ និងប្រវែងពីចុងស្លាបម្ខាង​ទៅម្ខាងគឺ ៣៨.៨ម៉ែត្រ ហើយទំហំរបស់វាប្រហាក់ប្រហែលទៅនឹង​យន្តហោះ Boeing 737 ឯណោះ ខណៈយន្តហោះប្រភេទ AG-600 នេះនឹងត្រូវប្រើប្រាស់ក្នុងប្រតិបត្តិការ​រុករក និងជួយសង្រ្គោះ, ការល្បាតដែនសមុទ្រ, ការផ្គត់ផ្គង់យោធា, ក៏ដូចជាការពន្លត់អគ្គិភ័យភ្លើងឆេះព្រៃ។

៦៖ ផ្លូវរថភ្លើងល្បឿនលឿនដ៏វែង

ផ្លូវដែកដ៏វែងសម្រាប់រថភ្លើងល្បឿនលឿន​ដែលប្រវែងដល់ទៅ​ជាង​២០,០០០គីឡូម៉ែត្រត្រូវបានតភ្ជាប់ពីទីក្រុង Nanning នៃតំបន់ស្វយ័ត Guangxi Zhuang ទៅកាន់ទីក្រុង Guangzhou នៃខេត្ត Guangdong ប្រទេសចិន។ ផ្លូវរថភ្លើងនេះ​ត្រូវបានគេរំពឹងថា នឹងជួយបង្កើន​ការអភិវឌ្ឍសេដ្ចកិច្ច​ព្រមទាំងការធ្វើដំណើរ​នៅទូទាំងតំបន់ Guangxi និងតំបន់ភាគលិចនៃខេត្ត Guangdong។

៧៖ Drone

បច្ចុប្បន្នឧបករណ៍ដ្រូនត្រូវបានប្រជាជនចិន ប្រើប្រាស់យ៉ាងទូលំទូលាយ​នៅក្នុងការថតផ្តិត​យករូបភាព, ការពន្លត់អគ្គិភ័យ, វិស័យកសិកម្ម, ការប្រើប្រាស់ផ្ទាល់ខ្លួន, និងការធ្វើពាណិជ្ជកម្មផ្សេងៗទៀត។ ខាងក្រោមនេះគឺជារូបភាពកសិករចិនប្រើប្រាស់ Drone ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃនៅលើ​ចម្ការកប្បាសក្នុងភូមិ​ Zhaoshou នៃក្រុង Nangong ភាគខាងជើងខេត្ត Heibei ប្រទេសចិន។

៨៖ ការបង្ហោះយានអវកាស Shenzhou-11

ខាងក្រោមនេះជារូបភាពការបង្ហោះគ្រាប់រ៉ុកែ្កត Long March-2F ដើម្បីនាំយកយានអវកាស Shenzhou-11 ដែលផ្ទុកអវកាសយានិកចិនចំនួនពីរនាក់​ធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពិសោធន៍ Tiangong-2 ចេញពីមជ្ឈមណ្ឌលបង្ហោះ ផ្កាយរណបក្នុងក្រុង Jiuquan ភាគពាយ័ព្យខេត្ត Gansu ប្រទេសចិន។
៩៖ ម៉ាស៊ីនកុំព្យូទ័រដ៏ខ្លាំងក្លា៖ ប្រព័ន្ធម៉ាស៊ីនកុំព្យូទ័ររបស់ចិនឈ្មោះថា Sunway-TaihuLight បានជាប់ជា​កុំព្យូទ័រមានល្បឿនលឿនជាងគេ បំផុតគ្មានគូប្រៀបនៅក្នុងសន្និសីទស្តីពីម៉ាស៊ីនកុំព្យូទ័រអន្តរជាតិដែលបាន​ប្រារព្ធឡើងនៅឯប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។ Sunway-TaihuLight ត្រូវបានកសាងឡើងដោយប្រើប្រាស់បន្ទះឈីបប្រតិបត្តិការដែលរចនា និងផលិតនៅក្នុងប្រទេសចិនផ្ទាល់ ហើយវាមានសមត្ថភាពធ្វើការគណនាចំនួន ៩៣លានពាន់លានដងក្នុងរយៈពេលត្រឹមមួយវិនាទីតែប៉ុណ្ណោះ។

១០៖ PandaX

គឺជាកម្មវិធីនៃការពិសោធន៍ទៅលើសារធាតុគីមី Xenon ដើម្បីស្វែងរកវត្តមានរូបធាតុ​មើលពុំឃើញហៅថា «Dark Matter» ដែលអ្នកវិទ្យាសាស្រ្តល្បីៗបានអះអាងថា គឺសមាធាតុផ្សំចម្បង​ដែលបង្កើតចេញជាចក្រវាឡយើងមក ហើយកម្មវិធី PandaX បានប្រព្រឹត្តទៅនៅក្នុងទីពិសោធន៍ក្រោមដី Jinping ដែលមានជម្រៅដ៏ជ្រៅបំផុតក្នុងផែនដី។

១១៖ រថយន្តដឹកទំនិញបើកបរដោយស្វ័យប្រវត្តិ

វាមានសមត្ថភាពធ្វើចរាចរណ៍ដោយខ្លួនឯង​ដោយគ្មាន​អ្នកបើកបរឡើយ ហើយវាគឺជារថយន្តដឹកទំនិញដ៏ទំនើបដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Foton Motor នៃទីក្រុងប៉េកាំង និងបានបង្ហាញខ្លួនជាលើកដំបូងនៅឯពិព័រណយានយន្តដ៏ឆ្លាតវៃក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

១២៖ យានមុជទឹក Haidou-1

ខាងក្រោមនេះគឺជារូបភាពយានមុជទឹក Haidou-1 ដែលគ្មានមនុស្ស​បើករបស់ប្រទេសចិន កំពុងរៀបចំខ្លួនមុជចូលទៅក្នុងផ្ទៃសមុទ្រ Mariana Trench ដែលជាតំបន់ជ្រៅ​បំផុតលើលោកកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ហើយយានមួយនេះបានមុជទៅដល់ជម្រៅ ១០,៧៦៧ម៉ែត្រ ដែលជាកំណត់ត្រាថ្មីសម្រាប់ប្រទេសចិន៕

480×240 Banner