មានអ្វីអាចជួយបាន? កម្រិតនីវ៉ូទឹកសមុទ្រ កើនឡើងលឿនជាងការព្យាករណ៍ឆ្ងាយ ដែលវាពិតជារឿងគ្រោះថ្នាក់…
(អូស្រ្តាលី)៖ ខណៈដែលយើងទាំងអស់គ្នាបានដឹងហើយថា កម្ពស់នីវ៉ូទឹកសមុទ្រកំពុងតែកើនឡើង ការសិក្សាថ្មីមួយទៀតបានបង្ហាញថា ពួកវាកំពុងកើនឡើងក្នុងកម្រិតកាន់តែលឿនទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ការសិក្សាដ៏សំខាន់មួយ ចេញផ្សាយនាដើមសប្តាហ៍នេះ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត Proceedings of the National Academy of Sciences បានបង្ហាញឲ្យឃើញថា កម្ពស់នីវ៉ូទូទាំងសាកលលោក កំពុងតែកើនឡើង ហើយកើនឡើងក្នុងកម្រិតយ៉ាងច្រើន ជារៀងរាល់ឆ្នាំ ដែលប្រការនេះពិតជាការគំរាមកំហែងមួយយ៉ាងពិតប្រាកដ ចំពោះបណ្តាតំបន់ដែលមានប្រជាជនរស់នៅច្រើន នៅជិតឆ្នេរសមុទ្រ។
គួរជម្រាបថា ការសិក្សាខាងលើនេះ ដែលបានកត់ត្រាពីការកើនឡើង នៃកម្ពស់នីវ៉ូទឹកសមុទ្រលើពិភពលោកនេះ គឺផ្នែកទៅលើទិន្នន័យស្រាវជ្រាវរយៈពេល ២៥ឆ្នាំ ដោយប្រើប្រាស់បណ្តាញនៃផ្កាយរណបចំនួន ០៤គ្រឿង ដែលឃ្លាំមើលផែនដី។ យោងតាមការរកឃើញដដែល ប្រសិនបើកម្រិតកើនឡើងនាពេលបច្ចុប្បន្ន នៅតែបន្តរហូតដល់ឆ្នាំ២១០០ កម្ពស់នីវ៉ូទឹកសមុទ្រទូទាំងសាកល ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនប្រមាណ ៦៦សង់ទីម៉ែត្រ។
ចំណុចសំខាន់៖ កាលពីដើមខែមករា អ្នកវិទ្យាសាស្ត្របានព្រមានថា ការកើនឡើងកម្តៅនៃពិភពលោក ពិតជាអាក្រក់ខ្លាំងលើសការរំពឹងទុកទៅទៀត ដោយអ្នកជំនាញបានព្រមានថា បើនៅតែបន្តស្ថានភាពដូចពេលបច្ចុប្បន្ននេះទៅមុខទៀត កម្រិតនីវ៉ូទឹកសមុទ្រនឹងកើនឡើង ហើយទីក្រុងជាប់ ឬក្បែរឆ្នេរសមុទ្រ និងតំបន់ឆ្នេរនានានឹងរងការជន់លិចខ្លាំង លើសមុនទ្វេដងទៅទៀត។
ការកើនឡើងនៃកម្ពស់ទឹកសមុទ្រពី ១០ ទៅ ២០សង់ទីម៉ែត្ររហូតដល់ឆ្នាំ២០៥០នោះ វានឹងធ្វើឲ្យតំបន់ជាច្រើនលើភពផែនដីប្រឈមមុខនឹងការលិចលង់ខ្លាំង លើសការព្យាករណ៍លើកមុនទ្វេដងឯណោះ។ ទីក្រុងធំៗជាច្រើននៅតំបន់អាមេរិកខាងជើងដូចជា Vancouver, Seattle, San Francisco and Los Angeles និងទីក្រុងមួយចំនួនទៀតនៅតំបន់អឺរ៉ុបខាងលិច ជាប់សមុទ្រអាត្លង់ទិក នឹងទទួលរងគ្រោះដោយទឹកជំនន់ខ្លាំងមុនគេ។
សម្រាប់មហន្តរាយជាបន្តបន្ទាប់ទៀត នឹងកើតឡើងទៅលើទីក្រុងនៃតំបន់ត្រូពិក ក្នុងនោះគឺទន្លេជាច្រើននៃទីក្រុងដែលមានប្រជាជនរស់នៅច្រើននៅទ្វីបអាស៊ី និងអាហ្វ្រិក នឹងទទួលរងគ្រោះនៅប៉ុន្មានទសវត្សរ៍ទៅមុខទៀតប៉ុណ្ណោះ។ ទោះបីជាទឹកសមុទ្រអាចមានការកើនឡើងនូវនីវ៉ូទាបជាការរំពឹងទុកក្តី ក៏ទីក្រុងមួយចំនួនទៀតដូចជា Mumbai, Kochi និង Abidjan ជាដើមនៅតែនឹងទទួលរងគ្រោះដដែលពីទឹកជំនន់។
សម្រាប់តំបន់អាស៊ីអាគ្នេយ៍យើងនេះ គឺបណ្តាទីក្រុងមួយចំនួន ដូចជា បាងកក, ហូជីមិញ និងរ៉ង់ហ្គូន ជាដើម នឹងទទួលរងគ្រោះមុនទីក្រុងដទៃៗ នៅក្នុងបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ១០ ហើយបើគិតពីអាស៊ីខាងត្បូងវិញ គឺទីក្រុងដូចជា ដាកា, សៀងហៃ និងកុលកាតា បន្ថែមទៀត អាចនឹងលិចទឹកនៅអំឡុង ៥០ឆ្នាំទៀតប៉ុណ្ណោះ។ សម្រាប់តំបន់ ដែលនឹងក្លាយទីឋានសុខដុម គឺស្ថិតនៅតំបន់អាស៊ីកណ្តាល ដូចជានៅប្រទេស Turkmenistan, Uzbekistan និង Kazakhstan៕